សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ធំម្នាក់ ត្រូវម្ចាស់ប្រឡាយព្រះគន្លង និងព្រះស្នែង ដាក់ពាក្យប្ដឹងទៅក្រសួងអធិការកិច្ច
កំពង់ធំ ៖ លោក ហង់ សុគន្ធដែលជាម្ចាស់ភាគហ៊ុនស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្នែងស្របច្បាប់ បានដាក់ពាក្យបណ្ដឹងទៅក្រសួងអធិការកិច្ច និងស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ចំពោះភាពមិនប្រក្រតីរបស់លោកសុក ហៃ អភិបាលរងខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណីទិញផ្ដាច់ស្ថានីយបូមទឹកចំនួន១៩កន្លែង នៅទូទាំងខេត្តកំពង់ធំ ក្នុងនោះរួមទាំងស្ថានីយបូមទឹកប្រឡាយព្រះគន្លង និងព្រះស្នែងផងដែរ តែមិនឃើញមានការកោះប្រជុំ។ ទើបមានការសាកសួរព័ត៌មានពីម្ចាស់ស្ថានីយផ្សេងៗ និងក្រសួងពាក់ព័ន្ធបានដឹងថា រដ្ឋបាលខេត្តធ្វើសំណើទិញដោយមិនបញ្ចូលប្រឡាយព្រះគន្លង និងព្រះស្នែងឡើយ។
យោងតាមលិខិតសុំអន្តរាគមន៍មួយច្បាប់ដាក់ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ចំពោះភាពមិនប្រក្រតីរបស់រដ្ឋបាលខេត្តកំពង់ធំនេះ លោកហង់ សុគន្ធ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាអ្នកតំណាងឱ្យឈ្មោះសុខ មុន្នី, ប៉េង ចន្ធី និងជាម្ចាស់ភាគហ៊ុនស្ថានីយបូមទឹក និងប្រឡាយព្រះគន្លងនិងព្រះស្នែង មានទីតាំងស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទើបតែទទួលបានដំណឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធររដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក សុក ហៃ បានទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន១៩ នៅទូទាំងខេត្តកំពង់ធំ តែមិនបានបញ្ចូលប្រឡាយព្រះគន្លងនិងព្រះស្នែង ពីការគ្រប់គ្រងស្របច្បាប់របស់ លោក ហង់ សុគន្ធនោះទេ។
លោក ហង់ សុគន្ធ អាយុ៥៨ឆ្នាំ ដែលជាម្ចាស់សហកម្មសិទ្ធិប្រឡាយព្រះគន្លងនិងព្រះស្នែង បច្ចុប្បន្នស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងថា ប្រឡាយរបស់លោកទាំងពីរខាងលើនេះ ត្រូវបានអនុញ្ញាតដោយរដ្ឋបាលខេត្តកំពង់ធំ ចេញដីកាលេខ ០៧៨ ដ.ខ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៥ សម្រេចប្រគល់សិទ្ធិជូន លោក សុខ មុនី្ន ដើម្បីជីកប្រឡាយ លើកទំនប់ប្រព័ន្ធប្រឡាយទឹក ដើម្បីបង្កបង្កើនផលធ្វើស្រែប្រដេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន១៦០០ហិកតា ស្ថិតនៅតំបន់វាលបឹងមូល និងវាលផ្អែកដំបង របស់ឃុំកំពង់គោ និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងដីកាលេខ ០៦០ ដ.ខ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ សម្រេចប្រគល់ជូន លោក លី គឹមយុន និងអ្នកស្រី ប៉េង ចន្ទី ខ្ចីដីទំហំ៦០០ហិកតា ជីកប្រឡាយ និងលើកទំនប់ប្រព័ន្ធប្រឡាយ ដើម្បីបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗពីមាត់ស្ទឹងសែននៅតំបន់វាលក្រោមចំណុច (បឹងប្រហ៊ូត-បឹងព្រះស្នែង-បឹងផ្ទឹម-បឹងទន្សោង) ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយទទួលបានសិទ្ធិ ពួកលោកបានរៀបចំកសាងប្រឡាយ ព្រះគន្លង និងព្រះស្នែង ដោយចំណាយថវិកាផ្ទាល់ខ្លួនអស់រាប់សែនដុល្លារអាមេរិកនៅពេលនោះ ពោលគឺក្នុងអំឡុងឆ្នាំ២០០៥ ដើម្បីយកទឹកបង្កបង្កើនផល និងជួយផ្គត់ផ្គង់ជូនប្រជាកសិករធ្វើស្រែ ក្នុងទំហំរាប់ពាន់ហិកតាចាប់តាំងពីពេលនោះមក។
បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្កៀលដីតំបន់២ តំបន់៣ ជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើតផលតាមលិខិតលេខ ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងលិខិតលេខ ១០០៣ សជណ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ លោកហង់ សុគន្ធក៏បានទទួលសិទ្ធិអនុញ្ញាតឱ្យស្តារប្រឡាយទាំង២ខ្សែនេះឡើងវិញ តាមលិខិតលេខ ២២៣៥/១៦ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តកំពង់ធំ ហើយលោកបន្តបូមទឹកចែកចាយជូនប្រជាកសិករនៅតំបន់នោះរហូតមក ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យរដ្ឋបាលខេត្តកំពង់ធំ អនុវត្តលិខិតលេខ ១០០៣ សជណ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ និងលិខិតលេខ ១០៤៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ តាមលិខិតលេខ ៧០៥ សជណ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
លោក ហង់ សុគន្ធ រៀបរាប់បន្ថែមថា កាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០២៣ អាជ្ញាធររដ្ឋបាលខេត្តដឹកនាំដោយ លោក សុក ហៃ ដែលជាអភិបាលរង និងលោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំមួយជាមួយលោកហង់ សុគន្ធ និងមន្ទីរពាក់ព័ន្ធ ដោយលោក ម៉ាក់ ប៊ុនហុង បានលើកឡើងថា «ប្រព័ន្ធប្រឡាយទឹកដែលបងប្អូនធ្វើអាជីវកម្មទាំងអស់ គឺថា…រដ្ឋនឹងទិញយកស្ថានីយ និងប្រឡាយទឹកទាំងអស់ត្រឡប់មកវិញ ដើម្បីរដ្ឋគ្រប់គ្រង យោងតាម សជណ លេខ៧៧ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី»។ លុះដល់អំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយទន្ទឹងរង់ចាំមិនឃើញការកោះប្រជុំ លោកក៏បានធ្វើការសាកសួរព័ត៌មានពីម្ចាស់ស្ថានីយផ្សេងៗ និងក្រសួងពាក់ព័ន្ធ ទើបដឹងថា រដ្ឋបាលខេត្តធ្វើសំណើទិញដោយមិនបញ្ចូលប្រឡាយ២ខ្សែរបស់លោកឡើយ។
ដោយដឹងហេតុបែបនេះ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ លោកបានស្នើសុំទៅរដ្ឋបាលខេត្តក្នុងការចូលទៅគ្រប់គ្រងកាន់កាប់ស្ថានីយបូមទឹក និងប្រឡាយរបស់ពួកលោកវិញ ប៉ុន្តែត្រូវបានរដ្ឋបាលខេត្តបដិសេធ តាមលិខិតលេខ ៨៤៩៨/២៣ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
ដោយឡែក នៅក្នុងលិខិតសុំអន្តរាគមន៍របស់លោក ហង់ សុគន្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ខ្ញុំបាទបានស្រាវជ្រាវដឹងថា លោក សុខ ហៃ ជាអភិបាលរងខេត្ត ទទួលបន្ទុកលើការងារទិញលក់ស្ថានីយ និងប្រឡាយ បានផ្តល់ព័ត៌មានបំភ្លៃ ទៅអង្គភាពពាក់ព័ន្ធ និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ថាយើងខ្ញុំអស់សិទ្ធិគ្រប់គ្រងអាស្រ័យផលលើស្ថានីយ និងប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង និងលាក់កំបាំងព័ត៌មានមួយចំនួនទៀតដែលពាក់ព័ន្ធនឹងប្រឡាយរបស់យើងខ្ញុំ ក្នុងគោលដៅមិនឱ្យមានការទិញលក់ប្រឡាយ០២ខ្សែនេះ និងក្នុងចេតនាទុច្ចរិតយកប្រឡាយរបស់យើងខ្ញុំទៅឱ្យបក្ខពួកគាត់គ្រប់គ្រង ក្រោមរូបភាពបង្កើតសហគមន៍ខុសច្បាប់ ដោយរូបភាពនេះ គឺធ្លាប់កើតមានម្ដងរួចមកហើយនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមទុច្ចរិតទាំងអស់នោះ ត្រូវបានតុលាការខេត្តកំពង់ធំផ្តន្ទាទោសតាមច្បាប់រួចហើយ និងបានចេញដីការក្សាការពារហាមក្រុមនេះ មិនឱ្យធ្វើសកម្មភាពផ្សេងៗនៅលើប្រឡាយរបស់ខ្ញុំបាទទៀតផង»។
ផ្អែកតាមឯកសារ និងភស្តុតាងនានាខាងលើនេះ លោក ហង់ សុគន្ធ យល់ឃើញថា សំណើទិញស្ថានីយ និងប្រឡាយរបស់រដ្ឋបាលខេត្ត ដោយមិនបានបញ្ចូលស្ថានីយ និងប្រឡាយ ព្រះគន្លង និងព្រះស្នែង របស់លោក ។ ហើយលោក ក៏បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ធ្វើអធិការកិច្ច និងស្រាវជ្រាវ លើភាពមិនប្រក្រតីនៃករណីខាងលើនេះពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផងដែរ។
ប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា ដោយសារតែលោកអភិបាលរងខេត្តរូបនេះ ជាអតីតមេធាវី ដឹងក្បួនច្បាប់ការងារច្រើន ទើបមានវិធីដាក់ និងដោះបន្ទុក ជាមួយប្រជាពលរដ្ឋស្លូតត្រង់ដែលមិនបានយល់ដឹងផ្នែកច្បាប់ ហើយអភិបាលរងខេត្តរូបនេះ តែងរកវិធីផ្សេងៗដើម្បីបង្កើតព្រឹត្តិការណ៍អ្វីមួយមកទប់នឹងបញ្ហាដែលលោកជាអ្នកទទួលដោះស្រាយ។
ជាក់ស្តែង ការបង្កើតឱ្យមានសហគមន៍ខុសច្បាប់ ដើម្បីគ្រប់គ្រង់លើស្ថានីយ និងប្រឡាយ ព្រះគន្លង និងព្រះស្នែង ដែលជារបស់ឯកជនស្របច្បាប់នេះជាឧទាហរណ៍ស្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាថ្មីមិនទាន់ទងទៅអាជ្ញាធរខេត្តកំពង់ធំដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញនឹងករណីខាងលើនេះនៅឡើយទេ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ