សន្តិសុខសង្គម
កាត់ទោសសំណុំរឿងស្រីស្អាត ម៉ន សូលីដែត ប្រើមន្តអាគមយកមាសក្លែងក្លាយ ឆបោកដូរប្រាក់ជាង៣០ ម៉ឺនដុល្លារ
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿង ឆបោក មួយករណី មកបើកសវនាការជាសាធារណៈ ដើម្បីផ្តន្ទាទោសលើជន ជាប់ចោទ ដែលសវនាការនោះដឹកនាំដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះ និងលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នៅចំពោះ មុខអង្គសវនាការមានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាអាជីវករ អមមេធាវីការពារក្តី រីឯដើមបណ្តឹងរដ្ឋប្បវេណីមានឈ្មោះ វ៉ា សូលីដា ភេទស្រី អាយុ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (ដើមបណ្តឹង និងជនជាប់ចោទត្រូវជាបងថ្លៃ និងប្អូនថ្លៃ)។ សវនាការបានសាកសួរដេញដោលទៅលើជនជាប់ ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការពារក្តីរៀងៗខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ព័ន្ធករណី ឆបោក ដែលមានទំហំប្រាក់ជិតកន្លះលានដុល្លារអាមេរិក បែរជាបង្ហូរទឹកភ្នែកយំឱ្យគេអាណិតទៅ ព្រមទាំងបានសំណូមពរឱ្យតុលាការដោះរូបគេឱ្យនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ។ តែការសំណូមពរនេះ ត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្ការមិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែលជនជាប់ចោទមានល្បិចគេចវេសតាំង ពីមិនទាន់ត្រូវបានចាប់ខ្លួន។
ទាក់ទិននឹងអង្គហេតុក្នុងសំណុំរឿង ឆបោក ដែលតុលាការបានលើកយកមកបើកសវនាការពេលនេះត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សុលីដា និងជនជាប់ ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងថ្លៃនិងប្អូនថ្លៃតាំងពីឆ្នាំ២០ ២០ បន្ទាប់ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវលេខ៩៩ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងអំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះ ម៉ន សូលីដែត តែងតែនិយាយពីរឿងអបិយជំនឿប្រាប់បងថ្លៃ ថា គាត់(ដើមបណ្តឹង)ជាមនុស្សអភ័ព្វគូ និងរកស៊ីមិនសមប្រកប បើចង់កែប្រែវាសនា គេ(ជនជាប់ចោទ) ស្គាល់លោកសង្ឃមួយអង្គឈ្មោះ ថុង រី (រស់ដោយធម៌) ដែលល្បី និងពូកែ គង់នៅវត្តព្រៃម្លូរ ខេត្តតាកែវ។ មិនតែប៉ុណ្ណោះឈ្មោះ ម៉ន សូលីដែត តែងតែនិយាយប្រើល្បិចអូសទាញជនរងគ្រោះឲ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើបុគ្គលដែលរកស៊ីដោយជោគជ័យមួយចំនួននៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកលោកសង្ឃអង្គនោះ ឲ្យជួយធ្វើមន្តអាគមអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ។

ដោយមានការជឿលើអបិយជំនឿ និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃ ជនរងគ្រោះបានយល់ព្រមឱ្យជួយទាក់ទងទៅលោកសង្ឃអង្គនោះ ដើម្បីឱ្យជួយធ្វើកិច្ចកែប្រែវាសនាឱ្យគាត់ ដើម្បីឱ្យរកស៊ីកាត់តែលូតលាស់មានបានទៅមុខទៀត។ ឈ្មោះ ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមមិនឱ្យជនរងគ្រោះទាក់ទងទេ ពោលគឺការងារចាត់ចែងអ្វីៗ ដែលទាក់ទងទៅជាមួយលោកសង្ឃនោះ ឈ្មោះ ម៉ន សូលីដែត អនុវត្តផ្ទាល់ ។
បន្ទាប់មកទៀត ម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឱ្យវេលុយផ្តល់តាមអាខោន ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់សរុបទឹកប្រាក់ ២០៧.៥៧៩ ដុល្លារអាមេរិក ដើម្បីយកទៅតម្កល់កំណល់”ជើងព្រះ” មាស ចំនួនពីរដុំទម្ងន់២០តំម្លឹង ស្មើទឹកប្រាក់ចំនួន ៤៧.០០០ ដុល្លារអាមេរិក សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន(ម៉ន សូលីដែត)សម្រាប់ចម្លងដៃ(ចម្លងកិច្ចអបិយជំនឿ)លើទឹកប្រាក់ចំនួន ៣៤.៦០០ ដុល្លារអាមេរិក។
តាមពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ក្រោយមកទៀតឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួងលោមជនរងគ្រោះឱ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿព្រោះនៅពេលដាក់លុយឱ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរងគ្រោះក៏បានឈប់បន្តធ្វើកិច្ចនោះទៀត ហើយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះ ម៉ន សូលីដែត បានទៅកាយយកមាសដែលកប់ក្នុងបន្ទប់សមាធិន ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយយកមកប្រគល់ឲ្យជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះបានឆោឡោ ទើបឈ្មោះ ម៉ន សូលីដែត និយាយថារូបគេជាអ្នកទទួលខុសត្រូវ។ លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយអន្តរាគមន៍ឆែកឆេរលើឈ្មោះ ម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែងក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ហើយជនសង្ស័យត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសចាប់ពីពេលនោះ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ