សន្តិសុខសង្គម
ឃាតកជាប្អូនថ្លៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
រតនគិរី ៖ ប្តីប្រពន្ធមួយគូត្រូវបានឃាតក(ជាប្អូនថ្លៃ)កាប់សម្លាប់យ៉ាងឃោរឃៅព្រៃផ្សៃបំផុតជាច្រើនពូថៅ ដោយសារមានទំនាស់នៅក្នុងគ្រួសារបន្តិចបន្តួច។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩និង៣០យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ចៅ នាង ស្នងការរងហើយក៏ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបានឲ្យកម្ពុជាថ្មីដឹងនៅល្ងាចថ្ងៃទី២៩កុម្ភៈ ថា ជនរងគ្រោះជាប្តីឈ្មោះ ហាន ហន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។រីឯប្រពន្ធឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នជាមួយគ្នា។
លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានចុះមកដល់កន្លែងកើតហេតុនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះរួមមាន: កម្លាំងអធិការស្រុកកូនមុំ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងវិទ្យាសាស្ត្របច្ចេកទេសកោសល្យវិច័យ សាកសួរបំភ្លឺជុំវិញនៅកន្លែងកើតហេតុ ហើយធ្វើការកំណត់មុខសញ្ញាជនសង្ស័យបាន ត្រូវជាប្អូនប្រុសបង្កើតស្ត្រីរងគ្រោះឈ្មោះ យិន សុធារិទ្ធ (ហៅ ពៅ) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតភូមិចាន់និមិត្រ ឃុំតាប៉ាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅជាមួយស្ត្រីរងគ្រោះ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពកាប់សម្លាប់បងបង្កើតនិងបងថ្លៃរួចមក បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
លោកថា ផ្តើមចេញមកពីមានទំនាស់នៅក្នុងគ្រួសារ បងថ្លៃបានស្តីបន្ទោសជារៀងរាល់ថ្ងៃ ដោយសារប្អូនថ្លៃមិនធ្វើការងារអ្វីឡើយ ហើយនៅយប់កើតហេតុប្អូនថ្លៃបានទិញស្រាមួយលីត្រផឹកហើយក៏បានធ្វើសកម្មភាពតែម្តង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកធ្វើការចុះស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចអូរកញ្ជាន់ ក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?