សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទូកដ ដែលលិចនៅខេត្តកំពង់ធំបណ្ដាលឲ្យសិស្សស្រីអាយុ១៣ឆ្នាំម្នាក់ស្លាប់
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា នេះថា កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ទូកដម្នាក់ បន្ទាប់ពីកើតហេតុគ្រោះថ្នាក់លិចទូកចម្លងសិស្សសាលាកាលពីថ្ងៃទី៨មិថុនា បណ្ដាលឲ្យសិស្សស្រីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិតនៅខេត្តកំពង់ធំ។

តាមរបាយការណ៍ ម្ចាស់ទូកដដែលត្រូវឃាត់ខ្លួនមានឈ្មោះ សឿ យូន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ របាយការណ៍បញ្ចាក់ថា ទូកដរខាងលើ បានដឹកចម្លងសិស្សចេញរៀននៅសាលាអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈូកគ្រួស ឃុំឈូក ស្រុកប្រាសាទសំបូរ។ ចំពោះមូលហេតុ គឺដោយសារទូកតូចផ្ទុកមនុស្សច្រើន។
សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីលិចទូកចម្លងសិស្សសាលាមួយក្រុម ត្រង់ចំណុចភូមិត្នោតជួរ និងភូមិឈូក ឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ។ លោក ឃីម សុខឃៀង អភិបាលស្រុកប្រាសាទសំបូរ បញ្ជាក់ឲ្យដឹងថា ករណីលិចទូកនេះបានកើតឡើងនៅម៉ោងជាង១០និង៤០នាទីព្រឹក ក្នុងអំឡុងពេលដែលសិស្សសាលាចេញពីរៀន ត្រឡប់ទៅផ្ទះវិញ។

លោក ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ករណីលិចទូកចម្លងនេះ កើតឡើងនៅកំពង់ចម្លងចន្លោះភូមិត្នោតជួរ និងភូមិឈូក ក្នុងអំឡុងពេលដែលសិស្សានុសិស្សចេញពីរៀន នៅអនុវិទ្យាល័យឈូក ស្ថិតនៅភូមិឈួកគ្រោះ ឃុំឈូក ស្រុកប្រាសាទសំបូរ។ លោកបន្ថែមថា យុវជន និងយុវតី ដែលជិះនៅលើទូកមានចំនួនសរុប១៥នាក់ ស្រី១០នាក់ រៀនថ្នាក់ផ្សេងគ្នា មានថ្នាក់ទី៧ ថ្នាក់ទី៨ និងថ្នាក់ទី៩ ផងដែរ។

លោកអធិការស្រុកញ្ជាក់ថា ក្នុងអំឡុងពេលទូកចេញដំណើរពីត្រើយខាងលិច ទៅត្រើយខាងកើត នៅពេលជិតដល់ច្រាំងចម្ងាយប្រហែល១០ម៉ែត្រ ទូកពន្លត់ម៉ាស៊ីន ហើយរួមជាមួយអ្នកជិះនៅមិនស្ងៀម ក៏បណ្តាលឲ្យទូកលិចផ្នែកខាងមុខ នៅពេលនោះចាប់ផ្តើមភ័យស្លន់ស្លោរ លោតចូលទៅក្នុងទឹកតែម្តង។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នកជិះទាំង១៥នាក់ មានអ្នកមិនចេះហែលទឹកចំនួនពីរនាក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងអ្នករួមដំណើរជួយសង្គ្រោះបានម្នាក់ ឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧។ រីឯកុមារី ឈ្មោះ អ៊ីន សុភ័ក្រ រៀនថ្នាក់ទី៧ អាយុ១៣ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង បានលិចបាត់តែម្តង។

ប្រជាពលរដ្ឋពលរដ្ឋ រួមជាកម្លាំងនគរបាល បានជួយស្វែងរក កុមារីនេះ រហូតដល់ម៉ោងជិត១រសៀល ទើបប្រទះឃើញសព ចម្ងាយប្រហែល១០០ម៉ែត្រ ពីទីតាំងកើតហេតុ។ ក្រោយពីធ្វើការពិនិត្យសពរួច បានប្រគល់ជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?