Connect with us

សន្តិសុខសង្គម

កាត់ទោស លោក នី ណាក់ ជាលើកទី ២

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០២៤ នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​កាត់ទោស លោក នី ណាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ជាប់ចោទ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្ត​ត្បូង​ឃុំ មក​កាន់​មណ្ឌល​កែប្រែ ម ១ និង​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​ចូលរួម​ឆ្លើយ​ដោះសា​សម្រាល​បន្ទុក​ក្នុង​សវនាការ​តាម​នីតិវិធី​នៅ​ចំពោះ​មុខ​ចៅក្រម​ជំនុំ​ជម្រះ​ដែល​ដឹកនាំ​ដោយ​លោក ទិតសុទ្ធី បូរ៉ាឆាត ជា​ចៅក្រម លោក​ព្រះរាជអាជ្ញា​រង សេង ហៀង ជា​តំណាង​អយ្យការ និង​ចំពោះ​មុខ​មេធាវី​គូក្ដី។

ដើមបណ្ដឹង​ក្នុង​រឿងក្ដី​នេះ​គឺ​មេធាវី​តំណាង​របស់ លោក ហេង សួ រដ្ឋមន្ត្រី​ក្រសួង​ការងារ ដោយ​ភ្ជាប់​អង្គហេតុ នៃ​ការ​ផ្សាយ​របស់ លោក នី ណាក់ តាម​គណនី​ហ្វេស​ប៊ុក​ឈ្មោះ «Iman KH» ដែល​ចោទ​ប្រកាន់​ថា លោក ហេង សួ មាន​ដី​ទំហំ ៩១ ហិតា នៅ​ខេត្ត​កំពត។

ទោះបី​យ៉ាងណា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល តុលាការ​បាន​សម្រេច​លើក​យក​រឿងក្ដី​នេះ​ទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៤ ខាងមុខ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល កាលពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៤ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក នី ណាក់ ភេទ​ប្រុស កើត​ឆ្នាំ ១៩៧៩ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​អាជីវករ មាន​កន្លែង​កំណើត​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន​ស្នាក់នៅ​ផ្ទះ​លេខ ៤៧ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បញ្ជាក់​ថា ៖ «ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពី​បទ​«ការ​មិន​រាងចាល ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ឲ្យ​មាន​ការ​រើសអើង ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១២ ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២៣ បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ»។

លោក នី ណាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ភ្លាមៗ កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៤។

សូម​រំឭក​ថា លោក នី ណាក់ ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ ២០២០ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ទាក់ទិន​នឹង​ការ​ប្រកាស​ពី​ផែនការ​ទិញ​ម៉ាស់​មក​ពាក់​ឲ្យ​សត្វ​មាន់​ក្នុង​អំឡុង​ពេល នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​តុលាការ​បាន​ផ្ដន្ទាទោស​រយៈពេល ១៨ ខែ ហើយ​លោក​បាន​ចេញពី​ពន្ធនាគារ​វិញ កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា ឆ្នាំ ២០២១៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម