សន្តិសុខសង្គម
ពលរដ្ឋរស់នៅភូមិចំនួន២ក្នុងស្រុកមណ្ឌលសីមា ទទួលបានការបែងចែកដីធ្លីប្រកបដោយតម្លាភាពពីរាជរដ្ឋាភិបាល ក្រោយកាត់ឆ្វៀលឆ្នាំ២០២១
ប្រជាពលរដ្ឋ៤៤៣គ្រួសាររស់នៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង និងភូមិពាមក្រសោបចាស់ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានទទួលការបែងចែកដីធ្លីអាស្រ័យផលជាក់ស្តែងប្រកបដោយតម្លាភាពពីអាជ្ញាធរ និងរាជរដ្ឋាភិបាល ក្រោយការកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិឆ្នាំ២០២១។
លោក ម៉ៃ សុធី និងអ្នកស្រី ម៉ាប់ ស្រីអូន ជាពលរដ្ឋភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង បានរៀបរាប់ថា ពួកគាត់រស់នៅលើដីតំបន់ឆ្នេរ និងដីបម្រុងធ្វើស្រែចិញ្ចឹមបង្ការបស់ពលរដ្ឋមុនៗក្នុងភូមិ ដោយគ្មានដីសម្រាប់ធ្វើកសិកម្មរស់នៅអាស្រ័យផល ទើបនាំគ្នាស្នើសុំទៅកាន់អាជ្ញាធរស្រុកខេត្ត ពិសេសរាជរដ្ឋាភិបាលទទួលបានដីប្រើប្រាស់។
តំណាងពលរដ្ឋដដែលបន្តថា បន្ទាប់ពីបានស្នើសុំក្រុមការងារវាស់វែងរបស់ថ្នាក់ស្រុកក៏ចុះមកពិនិត្យជាក់ស្តែងពីសាវតាជីវភាពប្រចាំថ្ងៃ ថាតើពិតជាខ្វះខាតដីមែនឬយ៉ាងណា។ លុះដល់ក្រោយៗមានការបែងចែកដីជូនដល់ពួកគាត់ប្រាកដតាមសំណើសំណូមពរ។ ការដោះស្រាយបែងចែងដីដែលកាត់ឆ្វៀលដីនៅពេលនេះ ត្រូវបានពលរដ្ឋអះអាងថា ធ្វើឡើងដោយតម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់ ដោយពួកគាត់នឹងរស់នៅអាស្រ័យផលឱ្យបានគង់វង្សទៅថ្ងៃមុខ។
លោក ឡន រិទ្ធ ប្រធានសហគមន៍បឹងកាឆាង បានឱ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ថា ការរស់នៅតាមដីកោះ ឬឆ្នេរមាត់ព្រែកមានភាពប្រឈមនឹងការទទួលស្គាល់ពីអាជ្ញាធរមន្រ្តីជំនាញនោះទេ ដូច្នេះក៏ដឹកនាំប្រជាពលរដ្ឋស្នើសុំដីបានចំនួន៥២ហិចតា ដើម្បីទុកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជូនពលរដ្ឋ បន្ទាប់ពីទទួលបានដីរួចរាល់ហើយ។ លោកសូមថ្លែងអំណអរគុណយ៉ាងខ្លាំងជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្តស្រុក និងមន្រ្តីពាក់ព័ន្ធដែលបានជួយសម្របសម្រួលផ្តល់ដីដល់ពលរដ្ឋរបស់ខ្លួនតាមការស្នើសុំចំពោះអ្នកខ្វះខាតពិតប្រាកដ។
ដោយឡែកលោក វង្ស ដារ៉ា ប្រធានសហគមន៍ប្រជានេសាទឃុំពាមក្រសោប អះអាងដែរថា ពលរដ្ឋរបស់លោកក៏ទទួលបានដីធ្លីនៅចំណុចភូមិបឹងកាឆាងនេះ ដោយពលរដ្ឋពាមក្រសោបចាស់រស់នៅលើទឹកពឹងតែការនេសាទមួយមុខគត់មិនអាចមានជីវភាពប្រសើរទេ ដូច្នេះទើបស្នើសុំដីទុកអាស្រ័យកសិកម្ម។ ម៉្យាងទីតាំងដីដែលបែងចែកស្ថិតនៅដែនគ្រប់គ្រងរបស់សហគមន៍ពាមក្រសោបដែលកាត់ឆ្វៀលចេញពីតំបន់ការពារអភិរក្សធម្មជាតិ។
លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២១បានកាត់ឆ្កៀលដីចេញពីតំបន់ការពារធម្មជាតិជូនប្រជាពលរដ្ឋដែលកាន់កាប់គ្រប់គ្រង និងរស់អាស្រ័យផលជាក់ស្តែង។ លុះនៅឆ្នាំ២០២៣ ក៏មានការកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងគោលបំណងកំណត់ឡើងវិញនូវព្រំប្រទល់របស់ដែនជម្រកសត្វព្រៃពាមក្រសោប។
លោកអភិបាលស្រុកមណ្ឌលសី គូសបញ្ជាក់ទៀតថា ក្នុងចំណោមផ្ទៃដីសរុបទំហំ ១៦.៩៨២ ហិកតា លាតសន្ធឹងក្នុងតំបន់ការពារធម្មជាតិពាមក្រសោបពីស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ និងរហូតដល់ស្រុកកោះកុង គឺយកផ្ទៃដីតែ៥២ហិកតាប៉ុណ្ណោះសម្រាប់បម្រើដល់ការអភិវឌ្ឍន៍ជាក់ស្តែងដែលស្ថិតនៅក្នុងឃុំពាមក្រសោប។ ពោលគឺជាក់ស្តែងគ្មានបណ្តេញពលរដ្ឋចេញ ឬយកដីធ្លីកាត់ឆ្វៀលទាំងនោះមកបែងចែកគ្នាដូចការចោទប្រកាន់ពីបណ្តាញសារព័ត៌មានមួយចំនួនចុះផ្សាយនោះឡើយ។
លោក សុខ ភិរម្យ ក៏ស្នើសុំដល់បណ្តេញផ្សាយព័ត៌មានដែលបានចុះផ្សាយគ្មានមូលដ្ឋានការពិត មេត្តាជួយពិនិត្យកែសម្រួលបំភ្លឺរបស់អាជ្ញាធរមន្រ្តីជំនាញ ដើម្បីចៀសវាងមានការភ័ន្តច្រឡំមកលើអាជ្ញាធរដែលប្រឹងប្រែងជួយដោះស្រាយដល់ពលរដ្ឋដែលកង្វះខាត និងចង់បានដីធ្លីយកមកប្រើប្រាស់ស្របច្បាប់។
បើតាមអាជ្ញាធរស្រុកមណ្ឌលសីមា ដីធ្លីទំហំប្រមាណ៥២ហិចតាបែងចែកជូនពលរដ្ឋទាំង៤៤៣គ្រួសារនៅចំណុចភូមបឹងកាឆាង នឹងត្រូវសាងសង់ជាបុស្តិ៍សុខភាព ផ្សារសហគមន៍ ស្នាក់ការភូមិ ចំណតទូក សាលាឆទាន មណ្ឌលព័ត៌មាន មណ្ឌលសុខភាព និងវត្តអារាម។ ពិសេសតភ្ជាប់បង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយទៅអនាគតផងដែរ គ្រាទីតាំងនេះមិនឆ្ងាយពីទីរួមខេត្តកោះកុង៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា