សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ បញ្ជូនទៅតុលាការ ក្រោយដកហូតអាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក
ជនជាតិវៀតណាមម្នាក់ ជាម្ចាស់ក្រុមហ៊ុន CamShip Express ដែលនាំ និងបង្ហោះផ្សព្វផ្សាយលក់អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែកតាមបណ្ដាញសង្គម ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស្រាវជ្រាវលើទំព័រហ្វេសប៊ុកឈ្មោះ D-Store ដែលបង្ហោះផ្សព្វផ្សាយលក់អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែកតាមបណ្ដាញសង្គម និងឈានទៅដល់ការចុះបង្ក្រាបទីតាំងរក្សាទុក និងចែកចាយអាវុធកែច្នៃប្រភេទនេះ នៅទីតាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ ១១ ផ្លូវ ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួនជាម្ចាស់ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះលេខ ១១ ផ្លូវ ៣១BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះក៏មានចូលរួមពីសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដូចជា លោក សុខ ពេញវុធ អភិបាលរង នៃអភិបាលរាជធានីភ្នំពេញ និងលោក សេង គន្ធ អភិបាល នៃអភិបាលខណ្ឌមានជ័យ។
សមត្ថកិច្ចជំនាញបានរកឃើញ និងដកហូតសម្ភារៈពាក់ព័ន្ធជាគ្រឿងបង្គំអាវុធកែច្នៃមួយចំនួន រួមមាន កាំភ្លើង (អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក), ខ្សែកៅស៊ូ, ឧបករណ៍គ្រឿងបង្គំ និងគ្រាប់លោហៈដែកមួយចំនួនធំ។

សូមជម្រាបដែរថា ក្រុម Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់នូវការផ្សព្វផ្សាយ និងធ្វើអាជីវកម្មទិញ-លក់ អាវុធកែច្នៃផ្សេងៗ តាមបណ្ដាញសង្គមគ្រប់ប្រភេទ ដែលបង្កអសន្តិសុខដល់សង្គម និងអាយុជីវិតមនុស្ស។ ប្រសិនជាពលរដ្ឋដែលបានទិញអាវុធកែច្នៃគ្រប់ប្រភេទ សូមយកមកប្រគល់ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជៀសវាងសមត្ថកិច្ចចុះធ្វើការរឹបអូស និងឃាត់ខ្លួនអនុវត្តច្បាប់៕
អត្ថបទ ៖ សុភា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក