សន្តិសុខសង្គម
ឧកញ៉ាម្នាក់ ទិញផ្ទះបានផ្ទះហើយ បែរជាប្ដឹងតុលាការទាមទារប្រាក់ពីក្រុមហ៊ុនខ្លះវិញ ដោយចោទប្រកាន់ថាយឺតយ៉ាវផ្ដល់ប្លង់កម្មសិទ្ធិ
ប៉ុន្មានថ្ងៃមុននេះ គេបានសង្កេតឃើញ លោកឧកញ៉ាម្នាក់ ឈ្មោះ អែល សារ៉ុម ទៅដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារប្រាក់ប្រមាណជាង ២ ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនលក់អចលនទ្រព្យ “ផ្ទះល្វែង” និងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអនឡាញមួយ ដោយចោទប្រកាន់លើក្រុមហ៊ុន B&BM Development Co,Ltd បុរីមនោរម្យ ព្រែកតាទែន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៥ ភូមិស្លែងដីដុះ ឃុំព្រែក តាទែន ស្រុកពញាឮ ខេត្តកណ្តាល ថា ខាងបុរីមិនបានផ្ដល់ប្លង់កម្មសិទ្ធិជូនរូបលោកជាអតិថិជនទិញផ្ទះល្វែង ក្រោយពីបង់ប្រាក់គ្រប់ចំនួនហើយនោះទេ។
ចំពោះការលើកឡើងរបស់ លោកឧកញ៉ា អែល សារ៉ុម ប្រាប់អ្នកសារព័ត៌មានអនឡាញយ៉ាងដូច្នេះ ត្រូវបានខាងតំណាងក្រុមហ៊ុនបុរីមនោរម្យ ព្រែកតាទែន ចាត់ទុកថាជាការនិយាយមួលបង្កាច់ ខុសពីការពិតទាំងស្រុង ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះខាងបុរី ខណៈបុរីមិនមែនមិនបានផ្តល់ ឬផ្ទេរឈ្មោះបណ្ណកម្មសិទ្ធិជូនអតិថិជននោះទេ។ ប៉ុន្តែដោយនីតិវិធី នៃការបំបែកក្បាលដី បច្ចុប្បន្នត្រូវបានក្រុមមន្ត្រីជំនាញសុរិយោដីកំពុងដំណើរការ “ពោលគឺនៅពេលណាប្លង់កម្មសិទ្ធិដីធ្លី ផ្ទះល្វែង នោះធ្លាក់ដល់ដៃក្រុមហ៊ុន ក្រុមហ៊ុននឹងប្រគល់ជូនអតិថិជនភ្លាម” ដោយក្រុមហ៊ុនគោរពទៅតាមកិច្ចសន្យា ដែលច្បាប់បានកំណត់។
តំណាងបុរីមនោរម្យ ព្រែកតាទែន បានឲ្យដឹងទៀតថា អ្វីដែល លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងប្រាប់អ្នកកាសែតអនឡាញនោះ សុទ្ធតែជារឿងមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារភស្តុតាងយោងអ្វីឡើយ។
តំណាងក្រុមហ៊ុនសាងសង់បុរីមនោរម្យ ព្រែកតាទែន បានធ្វើការបដិសេធចំពោះការចោទប្រកាន់នេះទាំងស្រុង និងសូមជម្រាបជូនលម្អិតអំពីកិច្ចសន្យាទិញ.លក់ផ្ទះល្វែង ជាមួយអតិថិជន និងលោកឧកញ៉ា អែល សារ៉ុម ដូចខាងក្រោមនេះឲ្យបានជ្រាប ៖ -ក្រុមហ៊ុន B&BM Development Co,Ltd បុរីមនោរម្យ ព្រែកតាទែន បានចុះកិច្ចសន្យាទិញ-លក់ ជាមួយ លោកឧកញ៉ា អែល សារ៉ុម នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ នូវផ្ទះល្វែងប្រភេទ 3A ផ្ទះលេខ M27 ផ្លូវមនោរម្យ 1 ទំហំ 4.1m X 14m ទំហំដីស្តង់ដារ 4.1m X 21.5m ជាប្រភេទផ្ទះមានបន្ទប់គេង ៤ បន្ទប់ទទួលភ្ញៀវ ១ បន្ទប់ទឹក ៤ កន្លែងទទួលទានអាហារ ១ ព្រមទាំងមានប្រព័ន្ធទឹកភ្លើងអគ្គិសនី រួចជាស្រេច ក្នុងតម្លៃសរុប ៨០,៣៥០ ដុល្លារ។ លោកឧកញ៉ា អែម សារ៉ុម បានបង់រំលស់បុរីមួយខ្នងនេះ ក្នុង ១ ខែ សរុប ១,៣៣៩ ដុល្លារ មានរយៈពេល ៦០ ខែ។
យោងតាមកិច្ចសន្យាទិញ-លក់ ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ ត្រង់ប្រការ ៥.៣ បានចែងថា ៖ ភាគី «ក» (បុរីមនោរម្យ ព្រែកតាទែន) ទទួលបន្ទុកធ្វើបណ្ណបំបែកក្បាលដីផ្តល់ជូនភាគី «ខ» (ឧកញ៉ា អែល សារ៉ុម) បន្ទាប់ពីភាគី «ខ» បានបង់ប្រាក់ថ្លៃទិញផ្ទះ និងដីតាមតារាងកាលវិភាគបង់ប្រាក់ ចាប់ពី ៣០ ខែ ឡើងទៅ។ បណ្ណបំបែកក្បាលដី ដែលជាច្បាប់ដើមត្រូវរក្សាទុកនៅភាគី «ក» ហើយច្បាប់ថតចម្លង ត្រូវប្រគល់ឲ្យភាគី «ខ» យកទៅប្រើប្រាស់តាមដែលអាចប្រើបាន។ សោហ៊ុយចំណាយលើការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ ការបង់ពន្ធប្រថាប់ត្រា ព្រមទាំងពន្ធដែលពាក់ព័ន្ធទៅនឹងការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (ផ្ទះ និងដី) ជាបន្ទុករបស់ភាគី «ខ»។ ភាគី «ខ» ត្រូវប្រគល់ប្រាក់ជូន ភាគី «ក» នៅពេលដែលភាគី «ខ» មកផ្តិតមេដៃលើសំណុំឯកសារសុរិយោដី (កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិផ្ទះ និងដី)។
ដោយឡែក ត្រង់ប្រការ ៥.៦ នៃកិច្ចសន្យានេះ ក៏បានចែងយ៉ាងច្បាស់ដែរថា ៖ ការសាងសង់ផ្ទះ នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ខែ គិតចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ តទៅ និងមានថិរវេលាអនុគ្រោះ ៣ ខែ ដោយមិនគិតសំណង។ ករណីការសាងសង់ផ្ទះមានការយឺតយ៉ាវលើសពី ៣ ខែ ឡើងទៅ ទើបភាគី «ក» ត្រូវផ្តល់សំណងលើការយឺតយ៉ាវនេះ ជូនភាគី «ខ» ដោយគិតការប្រាក់ចំនួន ១២% ក្នុង ១ ឆ្នាំ នៃចំនួនទឹកប្រាក់ដែលភាគី «ខ» បានបង់។
ក្នុងករណីប្រធានស័ក្ដិដូចជា ទឹកជំនន់ រញ្ជួយដី សង្គ្រាមរ៉ាំរ៉ៃ និង ជំងឺរាតត្បាតផ្សេងៗ កើតឡើងដែលបណ្តាលឲ្យមានការរាំងស្ទះដល់ដំណើរការសាងសង់នោះ ភាគី «ក» នឹងមិនទូទាត់សំណងលើការយឺតយ៉ាវក្នុងការសាងសង់នោះឡើយ។
តំណាងបុរីមនោរម្យ ព្រែកតាទែន បានបកស្រាយបន្ថែមលើប្រការ ៥.៦ ទៀតថា អំឡុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ គឺប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាជំងឺរាតត្បាតកូវីដ-១៩ តែ បុរី មិនបានយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនអតិថិជននោះទេ។
ចំណុចសំខាន់មួយទៀតដែលមានឯកសារភស្តុតាងត្រឹមត្រូវ និងការថតសំឡេងច្បាស់លាស់នោះគឺ ខាងបុគ្គលិកផ្នែកលក់បានទំនាក់ទំនងទៅ លោកឧកញ៉ា អែល សារ៉ុម ឲ្យមកទទួលសោចូលផ្ទះ តាំងពីអំឡុងពាក់កណ្ដាល ឆ្នាំ ២០២២ មកម្ល៉េះ តែ លោកឧកញ៉ា អែល សារ៉ុម បែរជាប្រាប់ថា ជាប់រវល់រហូត ដោយមិនមកទទួលសោផ្ទះដោយខ្លួនឯង មិនដឹងមូលហេតុអ្វីនោះទេ។
រហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗ នេះ ទើប លោកឧកញ៉ា អែល សារ៉ុម បានមកទទួលផ្ទះតាមលិខិតប្រគល់-ទទួល អចលនទ្រព្យ (ផ្ទះ និងដី ) រួចរាល់ហើយ តែបែរទៅជាដាក់ពាក្យបណ្ដឹងនៅតុលាការ ដោយទាមទារប្រាក់ប្រមាណជាង ២ ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសាងសង់ផ្ទះល្វែងនោះទៅវិញ។ ផ្ទុយទៅវិញ នៅក្នុងនីតិវិធី នៃការបង់ប្រាក់ លោកឧកញ៉ា អែល សារ៉ុម មានការខកខាន និងយឺតយ៉ាវរៀងរាល់ខែ ដែលយោងតាមកិច្ចសន្យាត្រង់ប្រការ ៣.១ ក្រុមហ៊ុន ត្រូវពិន័យភាគី«ខ» សរុបជាទឹកប្រាក់ចំនួន ១ ៤៤៣ ដុល្លារ ហើយ លោកឧកញ៉ា អែល សារ៉ុម មិនទាន់បានបង់ប្រាក់ពិន័យនោះនៅឡើយ បែរជាទៅដាក់ពាក្យប្ដឹងទាមទារប្រាក់ពីក្រុមហ៊ុនថែមទៀត។
មិនតែប៉ុណ្ណោះ លោកឧកញ៉ា អែល សារ៉ុម បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអនឡាញ នៅចំពោះមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងចេតនាមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន ដែលករណីខាងលើនេះក្រុមហ៊ុនកំពុងពិនិត្យលើនីតិវិធី ដើម្បីប្ដឹងក្នុងរឿងព្រហ្មទណ្ឌតបតវិញ។
ដូច្នោះបើថ្ងៃក្រោយតុលាការរកឃើញបទល្មើស សមាគមឧកញ៉ា គប្បីមានចំណាត់ការតឹងរ៉ឹងចំពោះបុគ្គលឧកញ៉ា ដែលប្រព្រឹត្តអំពើល្មើសច្បាប់ ជៀសវាងធ្វើប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ គោរមងាររបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ក្នុងសមាគមឧកញ៉ាទាំងមូល៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់