សន្តិសុខសង្គម
នគរបាល កំពុងស៊ើបសួរករណីហិង្សារវាងពលរដ្ឋម្នាក់ និងក្រុមមន្ត្រីអភិរក្សរបស់លោកបេន ដាវីស
លោកវរសេនីយ៍ឯក នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៤នេះថា លោកបានទទួលបណ្តឹងលើករណីប្រតាយប្រតប់ដែលកើតរវាងពលរដ្ឋម្នាក់ និងក្រុមការងារអភិរក្សរបស់លោក បេន ដាវីស។ ជាមួយគ្នានេះ សមត្ថកិច្ចកំពុងចុះទៅសួរនាំភាគីខាងលោក បេន ដាវីស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត ភ្នំពក ដើម្បីទទួលបានព័ត៌មានច្បាស់លាស់កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-807.png)
គួរឱ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា នៅត្រង់ចំណុចភូមិ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានកើតមានករណីប្រតាយប្រតប់គ្នាមួយឡើងរវាងភាគីក្រុមមន្ត្រីអភិរក្សសហគមន៍ភ្នំត្នោត ភ្នំពក ជាមួយលោក កោះ សៀម ដែលជាពលរដ្ឋនៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បណ្ដាលឱ្យមនុស្ស២នាក់បានរងរបួស គឺលោក កោះ សៀម និងនាយចំណង់ សឿង សារ៉ុន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាកម្លាំងសហការណ៍ និងអភិរក្សនៅស្នាក់ការភ្នំត្នោត ភ្នំពក។
ក្រោយកើតមានបញ្ហានេះរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៤ ខែតុលា លោក បេន ដាវីស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំត្នោត ភ្នំពក បានធ្វើកំណត់ហេតុមួយរាយការណ៍ទៅកាន់មេបញ្ជាការកងរាជអាវុធហត្ថ។ ក្នុងកំណត់ហេតុបានឱ្យដឹងថា នាថ្ងៃទី១២ ខែតុលា លោក បេន ដាវីស បានចាត់ក្រុមការងារ២នាក់ ឈ្មោះ សុខ ឡូ និងប៉ាល់ ឆោម ចុះល្បាតត្រង់ចំណុចស្ទឹងបាក់មែក ក្នុងតំបន់ការពារធនធានធម្មជាតិ។ ក្នុងពេលកម្លាំងចុះដល់ទីតាំង ក្រុមការងារអភិរក្សទាំងពីររូប បានចតម៉ូតូទុក ដែលនៅជិតនឹងចម្ការចន្ទីរបស់លោក កោះ សៀម ដើម្បីដើរត្បាត។ ដោយឃើញ ចម្ការចន្ទីស្រឡះ ក្រុមការងារអភិរក្ស បានដើរកាត់ចម្ការនោះ ក្នុងបំណងដើរសំដៅទៅស្ទឹងបាក់មែក ដើម្បីទៅពិនិត្យរកមើលតម្រុយបទល្មើស និងដៃប្រភេទក្រឡាសំណាញ់សម្រាប់ចាប់ត្រី និងសត្វគ្រប់ប្រភេទនៅក្នុងទឹក។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-801.png)
ក្នុងពេលដើរកាត់ចម្ការចន្ទី ឈ្មោះ កោះ សៀម បានស្រែកសួរនាំទៅកាន់ក្រុមការងាររបស់លោក បេន ដាវីស ទាំងពីរថា មកធ្វើអីនៅទីនេះ?។ សួររួច ឈ្មោះ កោះ សៀម ក៏បានឡើងទៅលើខ្ទមបង្កជាសំឡេងមិនប្រក្រតីចេញពីលើខ្ទម។ ភ្លាមៗលោក ប៉ាល់ ឆោម រត់ចេញពីចម្ការហើយងាកមើលក្រោយក៏ឃើញ លោក កោះ សៀម បានចុះពីលើខ្ទមនិងកាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម តាមពីក្រោយរហូតដល់លើផ្លូវហើយស្រែកប្រាប់ កុំឱ្យក្រុមអភិរក្សមកម្ដងទៀត។
បន្ទាប់មក ក្រុមអភិរក្ស បានទូរស័ព្ទទៅកាន់ លោក បេន ដេវីស ដើម្បីសុំឱ្យជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតដេញតាមក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-806-698x1024.png)
ក្រោយទទួលបានដំណឹងពីក្រុមអភិរក្សទាំងពីរនាក់ លោក បេន ដាវីស និងកម្លាំងកងរាជអាវុធហត្ថ បានទៅដល់មុខផ្ទះរបស់ កោះ សៀម ដើម្បីហៅសួរនាំអំពីហេតុការណ៍ដែលកើតឡើងដំបូង ថាតើហេតុអ្វីបានជាលោក កោះ សៀម កាន់កាំបិតតាមពីក្រោយក្រុមអភរិក្សទាំងពីររូប តែឈ្មោះកោះ សៀម មិនសហការ។ មិនសហការ កងរាជអាវុធហត្ថ ឈ្មោះលោក សឿង សារ៉ុន ក៏បានដើរចូលទៅក្នុងផ្ទះ ឈ្មោះ កោះ សៀម តែត្រូវបុគ្គលកោះ សៀម បានទាញកាំបិតតាំងតោជំគឺរត់សំដៅមកកាប់លើលោក សឿង សារ៉ុន ចំពីមុខផ្នែកដងខ្លួនត្រង់ដើមទ្រូងចំនួន៣កាំបិត និងចាក់ចំផ្នែកពោះ២កាំបិត។
ក្នុងពេលនេះ លោក សឿង សារ៉ុន ក៏បានព្យាយាមរត់ចេញពីមាត់ទ្វារមកវិញតែលោក កោះ សៀម បានទាញខ្សែរកាំភ្លើងជាប់និងបានកាប់ពីក្រោយចំនួន០២កាំបិតត្រូវខ្នងខាងក្រោយតែមិនមុតដោយសារអាវក្រាស់ និងបានចាក់បន្ថែមពីក្រោយចំនួន០២កាំបិតទៀតចំផ្នែកលើចង្កេះបណ្តាលឱ្យមុតរងរបួសចេញឈាម០២កន្លែង និងបានទាញដណ្ដើមកាំភ្លើងពីលោក សឿង សារ៉ុន និងបាញ់សំដៅលើឈ្មោះ ធាន សុធា កងរាជអាវុធហត្ថពេលដែលកំពុងចូលទៅជួយចាប់ជនបង្ករឈ្មោះ កោះ សៀម។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-802-1024x744.png)
ឈ្មោះ កោះ សៀម ក៏បានបាញ់សំដៅមកលើឈ្មោះ ធាន សុធានិងក្រុមការងារចំនួន០១គ្រាប់តែមិនចំ រួចលោក ធាន សុធា ក៏បានធ្វើការចាប់កាណុងកាំភ្លើងឱ្យងាករ៉េចេញ ដើម្បីកុំឱ្យត្រូវក្រុមការងារនិងខ្លួនផ្ទាល់ ហើយក៏សម្រេចចិត្តប្រើសិទ្ធការពារខ្លួនដោយប្រើដៃ និងមិនបានបាញ់តបតទៅលើបុគ្គលជា កោះ សៀម និងដាក់ខ្នោះដៃរួចចាប់ចូលក្នុងឡាន ដើម្បីជៀសវាង ក្រុមគ្រួសាររបស់កោះ សៀម និងអ្នកជិតខាងនាំគ្នាមកធ្វើបាតុកម្មដើម្បីរំដោះ ចេញពីដៃរបស់អាវុធហត្ថទៅវិញ។ដោយបុគ្គល កោះ សៀម និងកងរាជអាវុធហត្ថ សឿង សារ៉ុន មានរបួស កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះវិហារ ដើម្បីព្យាបាល។
ជុំវិញហេតុការណ៍នេះដែរ លោក ម៉ូត ឌី ដែលជាមេភូមិត្រពាំងរាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក កោះ សៀម ពិតជាបានដាក់ដៃនៅក្នុងស្ទឹង ដើម្បីយកត្រីពិតប្រាកដមែន ក៏ប៉ុន្តែក្នុងលក្ខណៈតូចតាចដើម្បីចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ ហើយមិនបានដាក់ចូលទៅក្នុងដី ដែលជាដែនការពារធនធានធម្មជាតិឡើយ ព្រោះទីតាំងដែលដាក់គឺស្ថិតនៅក្នុងជើងភូមិត្រពាំងរាំងតែម្ដង នៅឆ្ងាយពី៥០០ម៉ែត្រពីភូមិតែប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-804.png)
លោកមេភូមិ បានចោទ លោក បេន ដាវីស និងមន្ត្រីអភិរក្ស ថាចូលមកចាប់ និងប្រើអំពើហិង្សាមកប្រជាពលរដ្ឋនៅក្នុងផ្ទះ បណ្ដាលឈ្មោះ កោះ សៀម ឱ្យរបួសស្នាមបាក់ឆ្អឹងថ្គាម ក្ដោងច្រមុះ ប៉ះពាល់ដល់សួត និងរបួសមុតដៃខាងស្ដាំ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះវិហារ។ លោកមេភូមិក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ជូនលោក កោះ សៀម ផងដែរ។
ចំណែក អភិបាលស្រុកសង្គមថ្មី លោកស៊ាប កែវជីវ៉ា បានឲ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីលោកអធិការស្រុកមកថា មានករណីហិង្សារវាងពលរដ្ឋជាមួយក្រុមលោកបេន ដាវីស រហូតបណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅភាពយុត្តិធម៌ទាំងសងខាង៕
ដោយ៖ជុន កុសល
![](https://www.kampucheathmey.com/wp-content/uploads/2024/10/image-805.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?