សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកុំឲ្យជីកខូចផ្លូវហើយទុកចោល
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កុំជីកឱ្យខូចផ្លូវហើយ ទុកចោល និងស្នើសុំឱ្យស្តារអាងស្តុបទឹកនៅតាមបណ្តោយផ្លូវរថភ្លើង ដូរអំពូលភ្លើងបំភ្លឺសាធារណៈ និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣។

ការស្នើសុំពីសំណាក់ពលរដ្ឋនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក។

ក្នុងវេទិកានេះ លោក សុខ ពេញវុធ បានលើកឡើងថា រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះ យើងដោះស្រាយជូនភ្លាមៗ ចំពោះអ្វីដែលយើងដោះស្រាយបាន ហើយចំពោះប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ ពោលគឺ អ្វីជាអត្តភាពចាំបាច់ បន្ទាន់ៗ យើងនឹងដោះស្រាយមុនគេ ហើយអ្វីដែលនៅសេសសល់យើងនឹងដាក់ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។

ជាក់ស្តែង នៅក្នុងវេទិកានាព្រឹកនេះ មានពលរដ្ឋ២រូបបានលើកឡើង ជាសំណើរ និងសំណូមពរចំនួន៤បញ្ហា ក្នុងនោះរួមមាន ស្នើសុំស្តារអាងស្តុបទឹក ដែលបានព្រៃ ស្មៅដុះ ស៊ុបទ្រុប នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ដែលបង្កអោយលិចលំនៅដ្ឋាន និងបណ្តាលអោយសត្វធាតុចូលក្នុងផ្ទះពួកគាត់។ ប្រជាជននៅសង្កាត់ទឹក៣ ស្នើសុំ ដូរអំពូលភ្លើងចំនួន៧៨អំពូល,ស្នើកុំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកុំជីកផ្លូវលេខ១៩២ខួចអស់ហើយទុកចោល និងការស្នើសុំការសាងសង់អគារសង្កាត់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមនៅសង្កាត់ទឹកល្អក់ទី៣ ដែលអាចបង្កគ្រោះថ្នាក់ចំពោះ អ្នកមកបំពេញការងារនៅក្នុងអគារនេះ។

ចំពោះសំណើខាងលើត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ។ តែចំពោះការស្នើសាងសង់អគារសង្កាត់ទឹកល្អក់ទី៣ ដែលមានលក្ខណចាស់ទ្រុឌទ្រោមនោះ លោក សុខ ពេញវុធ បានបញ្ជាក់ថា យើងមិនមានកញ្ចប់ថវិកាណាមួយនៃការសាងសង់អគាររដ្ឋបាលទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនឹងយកសំណើទាំងនេះទៅរាយការណ៍ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

លោក ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ហើយសំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅខែមិថុនា រាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ។

លោក ម៉ប់ សារិន បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីបានដឹង ហើយដោះស្រាយជូន។ អភិបាលកិច្ចល្អ ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ក្រោយពីក្តាប់បាន បញ្ហាប្រឈម តម្រូវការពីប្រជាពលរដ្ឋហើយ យើងយកបញ្ហាទាំងនោះមកដោះស្រាយ។ នៅក្នុងវេទិកានេះដែរ ក៏មានការផ្តល់ជារបាយការណ៍ដែលបានអនុវត្តកន្លងមក ជូនអ្នកចូលរួមផងដែរ ដើម្បីបានដឹងពីព័ត៌មានពីទិសដៅនៃការអភិវឌ្ឍរាជធានី។ អ្វីដែលជាកង្វល់ ការចង់បានរបស់ប្រជាពលរដ្ឋតាមរយៈការស្នើឡើង យើងដាច់ខាតត្រូវតែដោះស្រាយជូន អ្វីដោះស្រាយបានភ្លាមយើងដោះស្រាយភ្លាម បើដោះស្រាយមិនទាន់បាន យើងនឹងយកបញ្ហាទាំងនោះទៅដាក់បញ្ជូលក្នុងគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?