សន្តិសុខសង្គម
ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់
លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.គំរាមកំហែងថានឹងសម្លាប់ ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ទាក់ទងនឹងជនរងគ្រោះជនជាតិប៉ូឡូញដូចគ្នា។

ដីកាបង្គាប់ឲ្យឃុំខ្លួនទៅលើជនត្រូវចោទឈ្មោះ GRZEGORZ NOWAK ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិប៉ូឡូញ មានអាសយដ្ឋានមុនចាប់ខ្លួនស្នាក់នៅខេត្តសៀមរាប ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.គំរាមកំហែងថានឹងសម្លាប់ ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ដែលបទល្មើសនេះ មានចែងតាមបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ២៣៤ នៃក្រមព្រហ្មទណ្ឌ។
ដើមចម នៃការឃុំខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ហើបតាមការបំភ្លឺរបស់ដើមបណ្តឹងឈ្មោះ KUKLINSKI ARTUR WOJCIECH ជាជនជាតិប៉ូឡូញ ឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ ឈ្មោះ GRZEGORZ NOWAK ជនសង្ស័យដែលជាអ្នករាប់អានគ្នា បានទៅទំនាក់ទំនងសុំធ្វើការនៅក្រុមហ៊ុនជាមួយខ្លួន ជាផ្នែកផលិតមាតិកានៅលើ(យូធូប) ហើយខ្លួនប្រាប់ថា ក្រុមហ៊ុនមិនត្រូវការបុគ្គលិកទេ តែជនសង្ស័យនៅព្យាយាមទទូចសុំធ្វើការម្តងជាពីរដង និងថែមទាំងបានថតវីដេអូ ផ្ញើមកឲ្យខ្លួនមើលជាច្រើនលើក ក្នុងគោលបំណងដើម្បីចង់ឲ្យខ្លួនទទួលយកគេ(ជនសង្ស័យ)ធ្វើការនៅក្រុមហ៊ុននោះ។

ពាក្យបណ្ដឹងបញ្ជាក់ទៀតថា នៅខែឧសភា ឆ្នាំ ២០២៣ ជនសង្ស័យបានទៅប្រកបមុខរបររកស៊ីនៅខេត្តសៀមរាប បន្ទាប់មកក៏ក្ស័យធនអស់លុយកាក់ពីខ្លួន ក៏បានទាក់ទងមកជនរងគ្រោះ និងឈ្មោះ PETER ដែលជាមិត្តភ័ក្ដិដើម្បីសុំប្រាក់ចាយ។ ក្នុងនោះដោយមានការអាណិតអាសូរ ជនរងគ្រោះ និងមិត្តភ័ក្ដិម្នាក់នោះ ក៏បានវេលុយចំនួន ០២ លើក ឲ្យទៅជនសង្ស័យសរុបចំនួន ៤.០០០ ដុល្លារអាមេរិក។ ក្រោយពីបានប្រាក់នោះយកទៅចាយវាយអស់ហើយ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ជនសង្ស័យ បានផុសវីដេអូលើបណ្តាញសង្គមយូធូប បរិហារកេរ្តិ៍ ថា ជនរងគ្រោះជាជនឆបោក ជាចោរ និងបានទាមទារប្រាក់ចំនួន ១.៥០០.០០០ ដុល្លារអាមេរិកថែមទៀតផង ហើយបានគំរាមជនរងគ្រោះថា បើសិនមិនប្រគល់ប្រាក់ឲ្យគេទេ គេនៅតែបង្ហោះវីដេអូបន្តបន្ទាប់ទៀត។
លុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ជនសង្ស័យ បានផុសលើបណ្តាញសង្គមយូធូប ហើយបានទារប្រាក់ពីជនរងគ្រោះ និងមិត្តភ័ក្ដិឈ្មោះ PETER សាជាថ្មីម្តងទៀតចំនួន ៥.៥០០.០០០ ដុល្លារអាមេរិក ថែមទាំងគំរាមសម្លាប់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងរស់នៅប្រកបមុខរបររកស៊ីក្នុងប្រទេសកម្ពុជា និងប្រទេសប៉ូឡូញ។ ដោយមានការភ័យខ្លាចពីការគំរាមកំហែងប៉ុនប៉ងអាយុជីវិត ជនរងគ្រោះទាំង ២ នាក់ ក៏បានចាកចេញពីលំនៅឋានទៅស្នាក់នៅកន្លែង ដើម្បីឲ្យមានសុវត្ថិភាព រួចក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការលើរឿងនេះទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ក្រោមការចង្អុលបង្ហាញពី លោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ នគរបាលបានបើកការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចមុខសណ្ឋាគារជីមេគង្គ ស្ថិតក្នុងសង្កាត់អូរឫស្សីទី ០១ ខណ្ឌ ០៧ មករា ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម