សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១៥នាក់ ក្រោយពីបានធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

ប្រតិបត្តិការចុះឃាត់ក្រុមបងធំ DP Zin (ដើមពោធិ៍) នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ នៅចំណុចទីតាំងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពជិះដើរកាប់ជនរងគ្រោះ(កាត់សាញ) ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះ អាម៉ាប់ធំ (ឃាត់ខ្លួន) ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ។ និងបក្សពួកចំនួន១៤នាក់ ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរបន្ថែម។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដា Zoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។

លុះនៅរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការកំណត់មុខសញ្ញា និងទីតាំងលាក់ខ្លួន ទើបឈានដល់ការឡោមព័ទ្ធឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
អត្ថបទ៖ សំណាង





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង