Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

បានផុស

នៅ

កម្លាំងអាជ្ញាធរខណ្ឌកំបូលបានចុះទៅឃាត់ការសាងសង់សំណង់អគាររោងចក្រមួយកន្លែង ព្រមទាំងបានដកហូតយកសម្ភារៈសំណង់មួយចំនួនផងដែរ ដោយអះអាងថាសំណង់ខាងលើគ្មានច្បាប់ ហើយចុះទៅផ្អាកនិងណែនាំឲ្យសុំច្បាប់ជាមុនសិន ប៉ុន្តែ២ដងហើយម្ចាស់មិនព្រមស្ដាប់នៅតែបន្តសាងសង់ ទាំងគ្មានច្បាប់ទៀត ទើបពេលនេះអនុវត្តវិធានការរដ្ឋបាល ហើយក៏ត្រូវម្ចាស់យករថយន្តឃាំងផ្លូវមិនឲ្យអាជ្ញាធរចេញពីទីតាំងរបស់ខ្លួនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកម្ចាស់វិញបានអះអាងថា គាត់មានច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទើបហ៊ានធ្វើការសាងសង់ ប៉ុន្តែអាជ្ញាធរចេះតែទៅហាមឃាត់មិនឲ្យគាត់សាងសង់ម្ដងហើយម្ដងទៀត។ ទោះជាគាត់បង្ហាញច្បាប់ក៏មិនព្រមដែរ និងបានដកហូតយកសម្ភារៈគាត់ទៀត ទើបគាត់ឈប់រថយន្តឃាំងផ្លូវ មិនឲ្យអាជ្ញាធរចេញពីទីតាំងគាត់ដើម្បីឲ្យអាជ្ញាធរចេញសងប្រាក់ជាង១លានរៀល ដែលកម្មករខកខានមិនបានធ្វើការកន្លះថ្ងៃថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់សំណង់ខាងលើឈ្មោះ ឈួន គឹមស្រៀង ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយថា គាត់មិនបានសុំច្បាប់សាងសង់នៅសាលាខណ្ឌកំបូលទេ ព្រោះសំណង់ដែលគាត់សង់មានទំហំ៥០០០ម៉ែត្រការ៉េ ហួសដែនគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌហើយ។ ចំណែអាជ្ញាធរខណ្ឌគ្រប់គ្រងត្រឹម៥០០ម៉ែត្រការ៉េប៉ុណ្ណោះ ដូច្នេះទើបគាត់ត្រូវសុំច្បាប់អនុញ្ញាតនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយអាជ្ញាធរខណ្ឌកំបូលបានចុះហាមឃាត់សំណង់របស់គាត់ចំនួន៣លើករួចមកហើយ។

ស្រ្តីរូបនោះបាននិយាយទៀតថា គាត់បានបង្ហាញច្បាប់សាងសង់ដែលក្រសួងអនុញ្ញាតរួចហើយ ប៉ុន្តែអាជ្ញាធរខណ្ឌកំបូលនៅតែឃាត់មិនឲ្យសង់ និងហៅឲ្យគាត់ទៅជួបដោះស្រាយនៅសាលាខណ្ឌ ប៉ុន្តែគាត់អត់ទៅ។ លុះដល់ថ្ងៃកើតហេតុស្រាប់តែអាជ្ញាធរចុះទៅប្រាប់ឲ្យកម្មករផ្អាកការងារ និងលើសម្ភារៈជាងសំណង់របស់គាត់ដាក់រថយន្ត ប្រុងដឹកទៅសាលាខណ្ឌនិងប្រាប់ឲ្យគាត់ទៅដោះស្រាយគ្នា ទោះគាត់បង្ហាញច្បាប់ក៏មិនព្រមដែរ។ ពេលនោះគាត់បានបើករថយន្តទៅឈប់តាមផ្លូវ ទើបដឹកចេញមិនបានតែគាត់មិនបានឈប់បាំងផ្លូវទេ គាត់បើករថយន្តចូល ឯអាជ្ញាធរបើករថយន្តចេញ ហើយគាត់ក៏ឈប់ទីនោះដើម្បីដោះស្រាយគ្នា ព្រោះអាជ្ញាធរផ្អាកការងារធ្វើឲ្យកម្មករ៣៨នាក់ខាតថ្លៃពលកម្មកន្លះថ្ងៃសរុបជាលុយ១,១៤០,០០០រៀល គាត់ត្រូវឲ្យអាជ្ញាធរសងលុយនេះវិញទើបបើកផ្លូវឲ្យចេញពីទីតាំងរបស់គាត់ ហើយបើចង់យករថយន្តនោះចេញទាល់តែទម្លាក់សម្ភារៈរបស់គាត់ចុះវិញឲ្យអស់សិន ។

ដោយឡែកអាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក គុន់​ ចាន់សុភារី​ អភិបាលរងខណ្ឌ បាននិយាយថា កន្លងមកអាជ្ញាធរបានចុះទៅកាន់ទីតាំងនោះចំនួន២លើករួចមកហើយ តែម្ចាស់ទីតាំងរូបនេះមិនបានយកច្បាប់មកបង្ហាញនោះទេ ព្រោះគាត់មិនទាន់មានច្បាប់សាងសង់នៅឡើយ។ ពេលនោះក្រុមការងាររដ្ឋបាលខណ្ឌបានឲ្យគាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់ទីតាំងរៀបចំបែបបទសុំច្បាប់ទៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រួចរាល់ជាមុនសិនទើបអាចសាងសង់បាន ប៉ុន្តែគាត់មិនសហការនោះទេ នៅតែបន្តការសាងសង់ទាំងគ្មានច្បាប់ទៀត ។

អាជ្ញាធរបាននិយាយទៀតថា លើកទី៣នេះក្រុមការងាររដ្ឋបាលខណ្ឌបានចុះផ្អាកទៀត និងបានអនុវត្តវិធានការរដ្ឋបាលដកហូតសម្ភារៈជាងមួយចំនួន យកទៅរក្សាទុកនៅសាលាខណ្ឌ ហើយដរាបណាគាត់ទទួលបានលិខិតអនុញ្ញាតទើបខណ្ឌប្រគល់ជូនវិញ។ ប៉ុន្តែម្ចាស់ទីតាំងពុំបានចូលរួមសហការអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឡើយ ថែមទាំងយករថយន្តទៅបិទផ្លូវមិនឲ្យរថយន្តគណៈបញ្ជាការឯកភាពខណ្ឌនិងរថយន្តរដ្ឋបាលខណ្ឌចេញពីទីតាំងនោះឡើយ ។ ដូច្នេះក្រុមការងាររដ្ឋបាលខណ្ឌបានសម្រេចទុករថយន្តដែលមានចង្កូតស្ដាំPP-1829 នៅក្នុងទីតាំងសំណង់នោះ ដោយការខូចខាតនិងបាត់បង់ជាការទទួលខុសត្រូវរបស់ម្ចាស់ទីតាំងខាងលើ ។

អាជ្ញាធរបានឲ្យដឹងទៀតថា និយាយជារួមម្ចាស់ទីតាំងសំណង់នេះមិនមានច្បាប់ឡើយ គឺមានតែពាក្យស្នើរសុំលិខិតអនុញ្ញាតសាងសង់ដែលដាក់ចូលទៅកាន់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ប៉ុណ្ណោះ ហើយក្រសួងមិនទាន់ចេញលិខិតអនុញ្ញាតឲ្យនៅឡើយទេ ។ ដូចនេះគាត់និងមិនអាចបន្តការសាងសង់បានឡើយ ដរាបណាមិនទាន់មានច្បាប់អនុញ្ញាតនោះ ហើយអាជ្ញាធរខណ្ឌត្រូវតែហាមឃាត់មិនឲ្យសាងសង់ទេ ព្រោះប្រសិនបើការសាងសង់មានបញ្ហាអ្វីកើតឡើងជាយថាហេតុនោះ អាជ្ញាធរក៏មានបញ្ហាដូចគ្នាដែរ ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម