Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

បានផុស

នៅ

អភិបាលដង្កោ និងអភិបាលខណ្ឌមានជ័យ បានរួមមតិគ្នានិមន្តព្រះសង្ឃចំនួន១៤អង្គ មកសូត្រមន្តរំដោះគ្រោះ លើបណ្តោយផ្លូវ ៦០ម៉ែត្រ ដើម្បីរំដោះគ្រោះចង្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមទាំងមន្រ្តីក្រោមឪវាទ បានធ្វើពិធីសូត្រមន្តរំដោះគ្រោះ បណ្តេញនូវឧបទ្រពចង្រៃ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ ដែលចាប់ពីចំណុចគល់ស្ពានមរតក តេជោ រហូតទៅចំណុចផ្លូវជាតិលេខ២។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានអោយដឹងថា សម្រាប់ការជឿទៅលើជំនឿ នរណាក៏អាចជឿបានដែរ ប៉ុន្តែត្រូវត្រិះរិះពិចារណាផង។ ទោះបីជា ប្រទេសរបស់យើងចូលដល់សម័យជឿនលឿនយ៉ាងណា ក៏ត្រូវតែប្រកាន់ខ្ជាប់នូវសាសនាព្រះពុទ្ធ ជាមួយផងដែរ។ ហើយទើបពេលថ្មីៗនេះ លោកបានចុះអប់រំណែនាំដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យពួកគាត់មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបានណែនាំពួកគាត់ស្គាល់អំពីសា្លកសញ្ញាចរាចរណ៍ ពិសេសគឺណែនាំឱ្យពួកគាត់ត្រូវតែចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានលើកឡើងដែរថា ពិធីបែបព្រះពុទ្ធសាសនាដែលបានរៀបចំធ្វើនាពេលនេះ គឺដោយសារតែរយៈពេលកន្លងមកនៅលើផ្លូវ៦០ម៉ែត្រនេះ គឺតែងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ក្នុងនោះបណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះ មានស្លាប់រហូតទៅដល់៤នាក់ និងរបួសធ្ងន់ម្នាក់។ ទើបលោកស្រី រួមនឹងអាជ្ញាធរ​មូលដ្ឋាន បានមូលមតិគ្នាជាមួយអភិបាលខណ្ឌមានជ័យ និមន្តព្រះសង្ឃចំនួន ១៤អង្គ ដើម្បីប្រោសព្រំ បណ្តេញគ្រោះចង្រៃ ដើម្បីសុំមកវិញនូវសេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវសាធារណៈ។

គួរបញ្ជាក់ថា កាលពីរៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរ និងសិក្សាដោយផ្ទាល់អំពីស្ថានភាពមហាវិថី ៦០ម៉ែត្រ ក្នុងគោលដៅដាក់កាមេរ៉ាថតចាប់ល្បឿនយានយន្ត ខណៈដែលពេលនេះជំនាញកំពុងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ហើយនឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម