Connect with us

សន្តិសុខសង្គម

អាជ្ញាធរគ្រឿងញៀន សំណូម​ពរ​ដល់គ្រប់សមាសភាពអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង»

បានផុស

នៅ

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង» និងបង្កើនការប្រើប្រាស់ App NoDrug សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍បែបនេះ ក្នុងពិធីបិទការផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការនៃអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគ្រប់អង្គភាព និងរាជធានីខេត្ត ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ក្នុងនាមលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អនុប្រធានគណៈកម្មាធិការ បានមានប្រសាសន៍ថ្លែងនូវអំណរគុណសមាជិកនៃអង្គពិធីទាំងមូលដែលបាន ចូលរួមក្នុងកម្មវិធីនិងថ្លែងអំណរគុណដល់វាគ្មិន ដែលបានរួមគ្នាផ្តល់និងទទួលចំណេះដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀន និងយន្តការនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមថា ស្ថានភាពកែច្នៃ ផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅលើពិភពលោក និងតំបន់បន្តកើនឡើង ក្រុមឧក្រិដ្ឋជនកាន់តែសកម្ម ហើយការប្រើប្រាស់បន្តរាលដាលដល់ជនបទនាំឱ្យប៉ះពាល់ដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សហគមន៍។ ឆ្លើយតបនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានបញ្ញាញាណ និងឆន្ទៈមុតស្រួចបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាព ព្រមទាំងបានដាក់ចេញនូវគោលការណ៍ស្តីពីការ “សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង”។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសំណូមពរ៤ចំណុច ដល់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ក្របខណ្ឌក្រសួងមហាផ្ទៃ មាន៖ ១.ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវបទបញ្ជាលេខ០១ បប “សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង”។

២.ត្រូវបន្តចាត់ចែង និងលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលបង្កើតបាននូវសុចនាករល្អទាំងបរិមាណវិស័យ និងគុណវិស័យនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

៣.ត្រូវរៀបចំផែនការសកម្មភាពជាក់ស្តែងតាមអង្គភាពរបស់ខ្លួនដើម្បីអនុវត្ត និងកៀរគរការចូលរួមពីគ្រប់សមាសភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

៤.រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ត្រូវមានយន្តការជាអចិន្រ្តៃយ៍សម្រាប់គាំទ្រ ឆ្លើយតប និងដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀនដែលតែងតែកើតមាននៅក្នុងមូលដ្ឋាន និងនៅក្នុងក្រុមគ្រួសារប្រជាពលរដ្ឋ និងបំផុសការទាញយក និងប្រើប្រាស់ App NoDrug ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម