សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីពួកគេបានផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធករណីវីដេអូ នៃការប្រើប្រាស់អំពើហិង្សា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។

លោកស្នងការបានបន្ថែមទៀតថា ការឃាត់ខ្លួនអ្នកសារព័ត៌មានពីរនាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បុគ្គលអ្នកសារព័ត៌មានទាំង២នាក់នេះ បានកាត់តវីដេអូនៃការប្រើប្រាស់អំពើហិង្សាមួយ ហើយចែកចាយនៅតាមបណ្ដាញសង្គម និងចោទប្រកាន់ខុសពីការពិតថា ករណីហិង្សានោះបានកើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលវីដេអូនោះបានកើតឡើងនៅឯបរទេស និងមិនមានប្រភពដើមនៃការចែកចាយច្បាស់លាស់ឡើយ។

ការប្រឌិតព័ត៌មានខុសពីការពិត នៃសកម្មភាពអំពើហិង្សាធ្វើទារុណកម្មនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលមិនអាចអត់ឱនឲ្យបានឡើយ ហើយកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជួនខ្លួនបុគ្គលទាំង២នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា វីដេអូនៃការប្រើប្រាស់អំពើហិង្សា ដោយបុរសម្នាក់ត្រូវបានចាប់ដាក់ខ្នោះដៃឱបជាប់បង្គោលដែក ហើយមានបុរសម្នាក់ទៀតប្រដាប់ដោយដំបង បានវាយដំទៅលើជនរងគ្រោះ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គមនោះ មិនមែនកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺជាវីដេអូដែលកើតឡើងនៅបរទេស ហើយក៏មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ថា នៅប្រទេសណានោះទេ៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី