Connect with us

សន្តិសុខសង្គម

អាជីវករលក់គ្រឿងរណ្តាប់សែនបុណ្យចូលឆ្នាំ​ចិន​ថា ទំនិញ​​មិនឡើងថ្លៃ ហើយក៏លក់ដាច់ជាងឆ្នាំមុន

បានផុស

នៅ

មុនបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន និង​វៀតណាម ពលរដ្ឋដែលជាប់សែស្រឡាយ តែងរៀបចំសម្អាត តុបតែង និងបិតរូបតំណាងឆ្នាំនៅក្នុងផ្ទះ ដើម្បីសុំលាភជ័យនៅក្នុងគ្រួសារ និងទិញសម្ភារផ្សេងៗជាច្រើនទៀត ដើម្បីសែនជូនដូនតាដែលបានចែកឋានទៅតាមលទ្ធភាព ជាជំនឿ តៗគ្នាពីដូនតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី តាំង គឹមអេង អាជីវករលក់គ្រឿងរណ្តាប់សែនចូលឆ្នាំចិននៅផ្លូវចូលផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ខណៈខិតជិតដល់ថ្ងៃសែនចូលឆ្នាំ អតិជនទាំងចាស់ទាំងថ្មី បានមកជាវគ្រឿងរណ្តាប់សែន អ្នកខ្លះរៀបចំជំនាងផ្ទះ និងទេវតាចង្រ្កានបាយ។ លោកស្រីថា ទេវតាចង្រ្កាន គេរៀបចំសែនតែកន្ទោង និងក្រដាស ស ចំពោះរណ្ដាប់សែនកុងម៉ាវិញ មានច្រើន ខោអាវ គ្រឿងអលង្ការ លុយដុល្លារ លិខិតឆ្លងដែន ផ្ទះ ឡាន ទៀន ធូប និងសម្ភារផ្សេងៗជាច្រើនទៀត ដើម្បីសែនជូនដូនតាដែលបានចែកឋានទៅតាមលទ្ធភាព។ ខ្លះទៀតបិទរូបអក្សរចិន និងចងគោមពណ៌ក្រហម និងពណ៌មាស ពោលគឺគេមិនដែលប្រើពណ៌អ្វីផ្សេងពីពណ៌ទាំងពីរនេះឡើយ។

លោកស្រីបានបន្ត ចំពោះតម្លៃរណ្ដាប់សែនចូលឆ្នាំចិននៅឆ្នាំនេះ ក៏មិនឡើងថ្លៃខ្លាំងណាស់ណាទេ មិនដូចកាលពីឆ្នាំ២០២៣នោះទេ ហើយការលក់ដូរឆ្នាំនេះ ក៏លក់ដាច់ជាងឆ្នាំមុនបន្តិចដែរ ខណៈនៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្តោះថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ សម្រាប់ទៀនធូប និងសម្ភារផ្សេងទៀត មួយមុខឡើងថ្លៃបន្តិចបន្តួចផងដែរ។

លោក លី ប៊ុនសុខ អាជីវករលក់នៅផ្សារឈូកមាសដដែលបក៏បានរៀបរាប់ស្រដៀងគ្នាដែរថា ជុំវិញពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ លោកបានបញ្ជាទិញ និងដឹកជញ្ជូនសម្ភារមួយចំនួនមកពីប្រទេសចិន ដែលមានតម្លៃទាបជាងឆ្នាំ ២០២៣ បន្តិច។ ហើយអតិថិជនភាគច្រើន ដែលមកទិញគ្រឿងរណ្តាប់ឆ្នាំនេះ ក៏មិនសូវរើសពណ៌អ្វីដែរ ពោលគឺពណ៌ និយមគឺពណ៌ ក្រហម លឿង ទឹកមាសជាដើម។

សូមជម្រាបថា ថ្ងៃសែនចូលឆ្នាំចិន នឹងធ្វើឡើងនៅថ្ងៃទី២៨ មករា ខាងមុខនេះ ហើយចូលឆ្នាំចិន ចាប់ពីថ្ងៃទី២៩-៣១ខែមករា ឆ្នាំ២០២៥៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម