Connect with us

សន្តិសុខសង្គម

អាជ្ញាធរ ខេត្តព្រះវិហារ ៖ ករណីហិង្សានៅស្រុកឆែប ជាទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ ខណៈដំណោះស្រាយត្រូវបានបញ្ចប់

បានផុស

នៅ

បន្ទាប់ពីឃើញនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពជម្លោះមួយបានកើតឡើងនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយគេឃើញប្រជាពលរដ្ឋមួយក្រុមបានចោទអ្នកបើកត្រាក់ទ័រថា មានបំណងបើកបំបុកសម្លាប់ពួកគាត់ និងបានធ្វើឱ្យម៉ូតូពួកគាត់រងការខូចខាត។ តាមពិតជាករណីទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ ហើយអាជ្ញាធរខេត្តព្រះវិហារ បានចុះស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋរួចរាល់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកអមដោយខ្លឹមសារថា «ព្រឹកស្អែកនេះ (២៩ មករា) ខ្ញុំនឹងចាត់ក្រុមការងារខេត្ត ដឹកនាំដោយអភិបាលរងខេត្តចុះទៅពិនិត្យ ស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយបញ្ហា នៅសាលាឃុំឆែប២ ដែលប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សានាព្រឹកនេះ។ តើជម្លោះនេះផ្តើមចេញពីក្រុមគ្រួសារខ្លួន បក្ខពួក ឬជាជម្លោះសមូហភាព ជាមួយក្រុមហ៊ុន? សូមបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមដោះស្រាយដោយសន្តិវិធី»។

ក្រោយពីទទួលបានបទបញ្ជា និងការណែនាំពីអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក មិន ស៊ីថា អភិបាលរងខេត្ត និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកឆែប ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅសាលាឃុំឆែបពីរ ករណីប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សាគ្នាជាមួយក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រស៊ីឈ្នួលឈូសសម្អាតដី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

ការចុះសម្របសម្រួលនាពេលនេះ មានប្រជាពលរដ្ឋចំនួន១៥នាក់បានឡើងមកថ្លែងបង្ហាញអំពីទុក្ខកង្វល់ និងសំណូមពរដល់ក្រុមការងារខេត្តនូវចំណុចមួយចំនួនរួមមាន ១.សំណូមពរកុំឱ្យត្រាក់ទ័រចូលទៅឈូសឆាយលើដីអាស្រ័យផលរបស់គាត់ និងដីព្រៃរបោះផ្សេងៗទៀតក្នុងតំបន់នោះ។ ២. សំណូមពរដល់អាជ្ញាធររក្សាទុកដីនៅតំបន់នោះទុកសម្រាប់ពួកគាត់ប្រើប្រាស់ និងចែកដល់កូនចៅដែលមិនមានដីសម្រាប់បង្កបង្កើនផល។ ៣. ស្វែងរកមេក្លោងនៅពីក្រោយនៃការឈូសឆាយដីរបស់ពួកគាត់។ ៤. ស្នើសុំឱ្យអ្នកដែលបានទិញដីក្នុងតំបន់នោះដកខ្លួនចេញ និងប្រគល់ដីជូនពួកគាត់វិញ។

បន្ទាប់ពីបានស្តាប់នូវការលើកឡើងពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក ក្រុមការងារខេត្តបានរកដំណោះស្រាយជូនពួកគាត់ដោយញែកករណីខាងលើនេះជា២ ករណីទី១៖ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋដែលមានម៉ូតូ៣គ្រឿងរងការខូចខាត។ ករណីទី២៖ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋមកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅមកទិញដីតំបន់នោះ។

ជាលទ្ធផលករណីទី១ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋម្ចាស់ម៉ូតូ៣គ្រឿង ដែលរងការខូចខាត ក្រុមការងារខេត្តបានសម្របសម្រួលដោះស្រាយបញ្ចប់ ដោយភាគីទាំងពីរបានឯកភាពទទួលយកការសម្រសម្រួល ដោយម្ចាស់ម៉ូតូទី១ និងម្ចាស់ម៉ូតូទី២ បានយកម៉ូតូទៅជុសជុលដោយខ្លួនឯង និងពុំមានការប្តឹងផ្តល់ ព្រោះការខូចខាតមានកម្រិតតិចតួច ហើយយល់ថាខ្លួនឯងមកតាមគេញុះញង់ដែលខ្លួនឯងពុំមានដីនៅភូមិណារ៉ុងនោះទេ។ ចំពោះភាគីម្ចាស់ម៉ូតូទី៣ ដែលត្រូវជាឪពុកមា ម្ចាស់ត្រាក់ទ័រ ភាគីទាំង២បានឯកភាពគ្នា ដោយម្ចាស់ត្រាក់ទ័រត្រូវជាក្មួយ ព្រមទិញម៉ូតូដែលមានគុណភាពប្រហាក់ប្រហែលសងឪពុកមាវិញ។

ចំពោះករណីទី២ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋ មកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅ មកទិញដីតំបន់នោះ ក្រុមការងារសំណូមពរផ្អាកសកម្មភាពឈូសឆាយ និងរង់ចាំការសម្របសម្រួលដោះស្រាយបញ្ចប់ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋដែលពុំមានដីក្នុងភូមិណារ៉ុង (ទីតាំងជម្លោះ) ឱ្យដកខ្លួនចេញកុំជឿតាមការញុះញង់បង្កឱ្យមានជម្លោះហិង្សា រីឯប្រជាពលរដ្ឋដែលមានដីនៅទីតាំងនោះពិតប្រាកដ សូមប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីតាមនីតីវិធីផងដែរ។

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា នេះថា នៅភូមិដងផ្លិតពុំមានសហគមជនជាតិដើមភាគតិចគួយឡើយ មានតែជនជាតិដើមភាគតិចគួយចំនួន៩គ្រួសារតែប៉ុណ្ណោះ។ ចំណែកទីតាំងដីជម្លោះនោះក៏ពុំមែនជាដីព្រៃអារុកអារក្ស ឬព្រៃជំនឿរបស់ជនជាតិដើមភាគតិចគួយនោះទេ ហើយក៏មិនមានការពាក់ព័ន្ធជាមួយលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារនោះដែរ។ អ្នកដែលមកទិញដីនៅតំបន់នេះ គឺជាប្រជាពលរដ្ឋមកពីតាមបណ្តាលខេត្តផ្សេងៗ។ ដូច្នេះករណីដែលបង្ហោះតាមបណ្តាញសង្គមជាករណីទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ពិសេសទំនាស់បងប្អូនឯង ពុំមែនដូចការផ្សាយរបស់វិទ្យុក្រៅស្រុកមួយក្នុងន័យញុះញង់នោះទេ ដោយឡែកអាជ្ញាធរស្រុកឆែបក៏បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីការចុះដោះស្រាយសម្របសម្រួលដោយក្រុមការងារខេត្តផងដែរ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម