សន្តិសុខសង្គម
អគ្គិភ័យឆេះរោងចក្រនៅខណ្ឌដង្កោ អាចបណ្ដាលឲ្យកម្មករ៤០០នាក់ប្រឈមបាត់បង់ការងារ
ករណីអគ្គិភ័យឆាបឆេះរោងចក្រនៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបណ្ដាលឲ្យរោងចក្រ ១អគារ រួមទាំងសម្ភារៈនៅក្នុងរោងចក្រត្រូវបានអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុង។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃទី១២កុម្ភៈ នេះថា រោងចក្រនេះជារោងចក្រកាត់ដេរសំលៀកបំពាក់ មានឈ្មោះ ហ្វ័រម៉ាត ខេមបូឌា ខូអិលធីឌី មានថៅកែជាជនជាតិ កូរ៉េ និងមានកម្មករកម្មការិនីប្រមាណ៤០០នាក់។

លោក សំ វិច្ឆិកា បញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញមកគ្រប់បណ្ដាអង្គភាព និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានជួយអន្តរាគមន៍ពន្លត់រហូតដល់វេលាម៉ោងជាង១០យប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងមិនបណ្ដាលឲ្យមានកម្មករ ឬបុគ្គលិកណាម្នាក់រងរបួសនោះទេ។ តែទោះយ៉ាងណា លោកនៅមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ទីតាំងរោងចក្រមានឈ្មោះ YOO MIWOL ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង រោងចក្រសាងសង់អំពីថ្មប្រក់ស័ង្កសី ទំហំ ១០,០០០ម៉ែត្រការ៉េ។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញមកពីគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យសរុបចំនួន៤៣គ្រឿង។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យខូចខាតរោងចក្រ និងសម្ភារៈនៅក្នុងរោងចក្រទាំងស្រុង៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ