សន្តិសុខសង្គម
របាយការណ៍៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០២៤ ថយចុះ ១៤% ធៀបឆ្នាំ ២០២៣
ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)។

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះដែរ បានបណ្ដាលឱ្យមានមនុស្សស្លាប់ ចំនួន ១ ៥០៩នាក់។
របាយការណ៍នេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ (គ.ស.ច.គ.) នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្រ្តីរាជការជាច្រើនរូបផងដែរ។

ទន្ទឹមនឹងនេះលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានពិន័យយានយន្ដល្មើសច្បាប់សរុប ចំនួន ១១៦ ៣០៨គ្រឿង (១១៦ ៧២១ករណី) ដែលក្នុងនោះរួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១ ៩៨៧គ្រឿង (៨១ ៩៩៨ករណី) ស្មើ៧០% និងរថយន្តចំនួន ៣៤ ៣២១គ្រឿង (៣៤ ៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១ ៥០៣គ្រឿង (១ ៥៥៨ករណី) ស្មើ៣០%។

ទន្ទឹមនឹងនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ឱ្យបន្តជំរុញអនុវត្តផែនការសកម្មភាពស្ដីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅឱ្យបានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព ។ ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី បន្តរៀបចំទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ ។
តាមរយៈកិច្ចប្រជុំខាងលើ គ.ស.ច.គ. បន្តជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលា ជំរុញការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ ទប់ស្កាត់ការលក់ដូរ ការដាក់តាំង ការសាងសង់ សំណង់ជាដើម និងជំរុញដោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងផ្លូវប្រសព្វជាមួយផ្លូវដែក៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?