សន្តិសុខសង្គម
បង្ហាញមុខឃាតកចាក់សម្លាប់បុរសក្នុងហាងម៉ាស្សា និងក្មេងទំនើង បទល្មើសផ្សេងទៀត ១៦ នាក់
កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខឃាតកចាក់សម្លាប់បុរសម្នាក់ ក្នុងហាងម៉ាស្សានៅបឹងត្របែក និងក្រុមក្មេងទំនើងដែលធ្វើសកម្មភាពលួច ឆក់ ប្លន់ និងគ្រឿងញៀន សរុបចំនួន ១៦ នាក់ មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារ ព្រហ្មទណ្ឌកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ១៦ នាក់ ហើយយកបង្ហាញមុខខាងមុខរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅពេលនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១៦ នាក់នោះ មានជនសង្ស័យម្នាក់ ជាឃាតកចាក់សម្លាប់ទៅលើបុរសម្នាក់ នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ ២២Z ផ្លូវលេខ ៤២០ ក្រុមទី ១៤ ភូមិ ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥។ ជនសង្ស័យដែលជាឃាតកឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិពាម ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ដោយឡែកជនសង្ស័យចំនួន ១៥ នាក់ទៀត ជាក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់ បង្កហិង្សា និងពាក់ព័ន្ធគ្រឿងញៀន ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ និងយកមកបង្ហាញមុខជាសាធារណៈរួមគ្នានៅពេលនេះ។ ក្នុងនោះ នគរបាលខណ្ឌ ៧ មករា ឃាត់បានចំនួន ២ នាក់ ពាក់ព័ន្ធលួច និងប្លន់។ នគរបាលខណ្ឌទួលគោកឃាត់បាន ២ នាក់ ១ ករណី លួចម៉ូតូ។ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានចំនួន ៩ នាក់ ២ ករណី។ ករណីក្រុមក្មេងទំនើងរហ័សនាម (RSK) ៥ នាក់ , ករណីគ្រឿងញៀន ចំនួន ៤ នាក់។ នគរបាលខណ្ឌកំបូល ២ នាក់ ករណីចោរកម្ម លួចម៉ូតូ។

ក្រោយពេលបញ្ចប់ការសាកសួរនាំរួច កម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយក្មេងទំនើងសរុប ១៦ នាក់ ធ្វើការបង្ហាញមុខជាសាធារណៈ មុននឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចហាងម៉ាស្សាយីហោ គីណេស ដែលមានទីតាំងនៅផ្ទះលេខ ២២Z ផ្លូវលេខ ៤២០ ក្រុមទី ១៤ ភូមិ ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយ ដោយជនសង្ស័យម្នាក់ ជាបុគ្គលិកហាងម៉ាស្សា បានប្រើកាំបិតចុងស្រួចចាក់ទៅលើបុគ្គលិកម្នាក់ទៀតជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅក្នុងសកម្មភាពជនសង្ស័យបានភ្ជង់គំរាមយកទូរស័ព្ទពីជនរងគ្រោះហើយគេចខ្លួនបាត់។

បន្ទាប់ពីមានឃាតកម្ម ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានទៅសហការជាមួយនគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ បន្ទាប់ពីជនសង្ស័យបានគេចខ្លួនទៅសម្ងំលាក់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាស្រុកកំណើត៕
អត្ថបទ ៖ ម៉េង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល