សន្តិសុខសង្គម
ខឹងសុំប្រពន្ធត្រូវគ្នាវិញមិនបាន ទិញសាំងចាក់ដុតសម្លាប់កូន និង ខ្លួនឯង
បុរសម្នាក់ ខឹងសុំប្រពន្ធត្រូវគ្នាវិញមិនបាន ក៏ទិញសាំងចាក់ដុតកូនខ្លួនឯងរងរបួសធ្ងន់ រួចដុតសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ ជាប់ខ្នោះសមត្ថកិច្ច។

ពាក់ព័ន្ធករណីដុតសម្លាប់កូន និង ខ្លួនឯង កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសជាប្ដី កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីជនសង្ស័យចេញពីព្យាបាលនៅមន្ទីរពេទ្យរយៈពេល ២១ ថ្ងៃ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងថា រយៈកាលកន្លងមក ជនសង្ស័យឈ្មោះ នូវ រដ្ឋា (ឪពុកជនរងគ្រោះ) និង ប្រពន្ធឈ្មោះ រិន សាម៉េត (ម្តាយជនរងគ្រោះ) តែងតែមានទំនាស់ក្នុងគ្រួសារជាប្រចាំ។ ក្នុងនោះដែរ ជនសង្ស័យជាប្តី តែងតែប្រើប្រាស់អំពើហិង្សាវាយតប់ទៅលើប្រពន្ធ និង កូនជាញឹកញាប់ និង និយាយគំរាមកំហែងថា ចាក់សម្លាប់ចោល ហើយដុតផ្ទះចោលទៀតផង។

សមត្ថកិច្ច បានឲ្យដឹងបន្តថា ប្រពន្ធរបស់ជនសង្ស័យ ធ្លាប់បានទៅដាក់ពាក្យបណ្ដឹងសុំលែងលះគ្នានៅសាលាឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ម្តងរួចមកហើយ តែមិនបានដាច់ស្រេចនោះទេ ដោយសារតែជនសង្ស័យឈ្មោះ នូវ រដ្ឋា ដែលជាប្តីគឺមិនបានយល់ព្រមផ្តិតមេដៃលែងលះគ្នានោះទេ។ ចាប់តាំងពីពេលនោះមកប្រពន្ធរបស់ជនសង្ស័យ ក៏បានសម្រេចចិត្តនាំយកកូនស្រីចំនួន ០៣ នាក់ ទៅរស់នៅផ្ទះជាមួយម្តាយឪពុកបង្កើត ដែលស្ថិតនៅភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។ ចាប់តាំងពីពេលនោះមកទៀត ប្រពន្ធរបស់ជនសង្ស័យបានចូលទៅបម្រើការងារកាត់ដេរនៅសិប្បកម្មមួយកន្លែង ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបានលុយខ្លះមកចិញ្ចឹមកូនស្រី ០៣ នាក់ និង ឪពុកម្ដាយនៅឯផ្ទះ។

សមត្ថកិច្ច បានបន្តទៀតថា ជនសង្ស័យឈ្មោះ នូវ រដ្ឋា ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរជាកសិករ។ ក្នុងនោះ សមត្ថកិច្ចដកហូតបានដែកកេះប្រើហ្កាស ពណ៌ស្វាយចំនួន ០១ ដើម , ដបទឹកសុទ្ធចំនួន ០១ ដប (ចំណុះកន្លះលីត្រ ដែលបានច្រកសាំងយកមកដុតខ្លួនឯង) , ម៉ូតូហុងដាទ្រីមសង់ ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 7492 ជាមធ្យោបាយរបស់ជនសង្ស័យ។ ចំណែកជនរងគ្រោះជាកូនឈ្មោះ រ ម៉ រ ភេទស្រី អាយុ ១ ឆ្នាំ ៧ ខែ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៤ និង ៣០ នាទីល្ងាច ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ ជនសង្ស័យឈ្មោះ នូវ រដ្ឋា បានជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាទ្រីមសង់ ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A 7492 ទៅឌុបកូនស្រី ឈ្មោះ រ ម៉ រ ចេញពីផ្ទះម្តាយក្មេងមកជាមួយផងដែរ។ នៅពេលធ្វើដំណើរមកដល់ចំណុចខាងមុខកន្លែងធ្វើការរបស់ប្រពន្ធ ជនសង្ស័យបានឈប់ម៉ូតូ ហើយដើរបីឱបកូនស្រីដែលជាជនរងគ្រោះ មកស្រែកហៅប្រពន្ធឲ្យចេញពីកន្លែងធ្វើការ ក្នុងគោលបំណងហៅប្រពន្ធឲ្យត្រឡប់ទៅផ្ទះវិញ។ ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏បានដើរចេញមកពីកន្លែងធ្វើការ ដើម្បីមកជួបជនសង្ស័យដែលជាប្តីនៅខាងមុខកន្លែងធ្វើការ ស្ថិតនៅលើផ្លូវជាតិលេខ ២១។ ពេលនោះ ស្រាប់តែអ្នកទាំងពីរ ក៏បានមានទំនាស់ពាក្យសំដីឈ្លោះប្រកែកគ្នាទៅវិញទៅមក ដោយជនសង្ស័យនិយាយលួងលោម«សុំត្រូវរ៉ូវគ្នាវិញ» ដោយឲ្យប្រពន្ធ និង កូន ទៅរស់នៅផ្ទះជាមួយគ្នាវិញដូចដើម ប៉ុន្តែប្រពន្ធមិនយល់ព្រមនោះទេ ហើយក៏បានដើរទៅឆក់យកកូនស្រីចេញពីដៃរបស់ជនសង្ស័យ តែជនសង្ស័យមិនព្រមប្រគល់កូនស្រីឲ្យនោះទេ។ នៅពេលនោះដែរ ប្រពន្ធរបស់ជនសង្ស័យ ក៏បានដើរទៅហៅអ្នកជិតខាងឲ្យមកជួយនាំយកកូនស្រីចេញពីដៃរបស់ជនសង្ស័យជាប្តី។ ភ្លាមៗ នោះ ស្រាប់តែជនសង្ស័យកើតចិត្តខឹង បានរត់ទៅទាញយកដបសាំងដែលលាក់ទុកលើរានម៉ូតូចំនួន ០១ ដបទឹកសុទ្ធ យកមកស្រោចចាក់លើខ្លួនប្រាណហើយបានខ្ទាតប្រេងសាំងទាំងអស់នោះប៉ះទៅលើដងខ្លួនរបស់ជនរងគ្រោះឈ្មោះ រ ម៉ រ ដែលជាកូនស្រីបង្កើតដែលបានបីជាប់ដៃខាងឆ្វេង ហើយជនសង្ស័យក៏ទាញយកដែកកេះហ្កាសចេញពីក្នុងហោប៉ៅខោយកមកកេះដុតខ្លួនឯងបណ្ដាលឲ្យភ្លើងឆាបឆេះអ្នកទាំងពីរតែម្ដង។ ភ្លាមនោះ បុគ្គលិកសន្តិសុខកំពុងតែយាមនៅធនាគារក្បែរទីតាំងកន្លែងកើតហេតុខាងលើ បាននាំគ្នាទាញយកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លត់ភ្លើងរហូតដល់រលត់អស់តែម្ដង។ ក្នុងហេតុការណ៍នោះដែរ ជនរងគ្រោះឈ្មោះ រ ម៉ រ ជាកូនស្រី បានរងរបួសធ្ងន់ធ្ងរពេញដងខ្លួន។ ពេលនោះម្តាយរបស់ជនរងគ្រោះបានដឹកកូនស្រីយកទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យតេជោសែនកោះធំ ដោយសារតែស្ថានភាពកុមាររងគ្រោះរលាកភ្លើងឆេះខ្លាំងពេក ទើបលោកគ្រូពេទ្យដឹកបញ្ជូនកុមាររងគ្រោះទៅព្យាបាលបន្តនៅឯមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ ចំណែកជនសង្ស័យខាងលើ ត្រូវបានអ្នកជិតខាងដឹកបញ្ជូនយកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតេជោសែនកោះធំ៕
អត្ថបទ ៖ ម៉េង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង