Connect with us

សន្តិសុខសង្គម

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

បានផុស

នៅ

ករណីឃាតកម្មលើក្មេងស្រីវ័យ ១៣ឆ្នាំ ដែលដើរជីកក្តាមតាមវាលស្រែដ៏អាថ៌កំបាំង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ  ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ យ៉ាងយកចិត្តទុករហូតបង្ក្រាបបានហើយ ដោយឃាត់ខ្លួនជនដៃដល់ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

លោកបន្តថា ក្រោយពេលទទួលបានព័ត៌មាន និងបទបញ្ជា កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំធ្វើការស្រាវជ្រាវខិតខំប្រមូលសាក្សី និងភស្តុតាងជាបន្តបន្ទាប់ ជុំវិញករណីខាងលើនេះ។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងបានដាក់ការសង្ស័យឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកើតហេតុ ដែលមានតម្រុយអំពីពិរុទ្ធភាព និងនាំខ្លួនមកធ្វើការសាកសួរជុំវិញរឿងហេតុខាងលើ។

ក្រោយការសាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ក៏ឆ្លើយសារភាពថា នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦៖០០នាទី ខណៈពេលឪពុករបស់ខ្លួនឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរ កសិករ  ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរងគ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នាបានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ។

ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួនចំនួន ២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មារ ហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា “ ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកហែងងាប់អស់“ ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។

ជាក់ស្តែង នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥៖០០នាទី ជីតារបស់ខ្លួនឈ្មោះ ឆេង (មិនស្គាល់ត្រកូល) អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេល នោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោ កំពុងលេងទឹកម្នាក់ឯង។

ដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះឈ្មោះ គុណ ស្រីលិម បានរើបម្រាស់បានប្រហែល ២នាទី ក៏លែងមានសកម្មភាពរើ។ រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។

បច្ចុប្បន្នបុរសជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម