សន្តិសុខសង្គម
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
លោក យ៉ាង សុខយាង អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ពាក់ព័ន្ធបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។
ការឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ នេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេត និងប្រមូលបានភស្តុតាងតាំងពីចុងឆ្នាំ២០២៤មក។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

តាមចម្លើយសារភាព និងភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញសង្គមយកមកធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលអំពើនេះបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។
ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ អ្នកនាំពាក្យក៏បានសង្កត់ធ្ងន់ថា នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម។
សូមជម្រាបថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ យ៉ាង សុខយាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕
អត្ថបទ៖ សុខុម


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា