សន្តិសុខសង្គម
មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលផ្លូវតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកឆែប
ផ្លូវជាតិលេខ ៩២ ប្រវែង ៩២,២ គីឡូម៉ែត្រ លាតសន្ធឹងតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលរងការខូចខាតដោយកន្លែង ដោយទឹកភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សានេះ ត្រូវបានក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប បានថ្លែងប្រាប់ឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៩២ បានរងការខូចខាតដោយកន្លែងនារដូវវស្សាឆ្នាំ ២០២៥ នេះ ក្រុមការងាររបស់មន្ទីរសាធារណការខេត្តព្រះវិហារ កំពុងតែធ្វើសកម្មភាពជួសជុលថែទាំឡើងវិញ ដើម្បីធានាថាផ្លូវនេះនៅតែអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

លោកប្រធានមន្ទីរបានថ្លែងបញ្ជាក់ទៀតថា សកម្មភាពជួសជុល និងថែទាំផ្លូវ គឺជាការតាំងចិត្តរបស់មន្ទីរ។ សកម្មភាពកែសម្រួលផ្លូវក្រាលគ្រួសក្រហមយ៉ាងសកម្មនេះ ដោយធ្វើការកៀរដីល្បាយថ្មចាស់ និងបន្ថែមគ្រួសថ្មី ប្រកបដោយគុណភាព ការស្រោចទឹក និងកិនបង្ហាប់ ផ្ទៃផ្លូវយ៉ាងហ្មត់ចត់។ គោលបំណងគឺដើម្បីស្តារផ្ទៃផ្លូវ ឱ្យត្រលប់មករាបស្មើ និងរឹងមាំ ល្អឡើងវិញ ជៀសវាងការផុង រអិល ឬពិបាកធ្វើដំណើរ។

លោក សំ លាងទ្រី បានថ្លែងទៀតថា ទោះបីជា ជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ដោយ ក៏កត្តាធម្មជាតិទាំងនេះ មិនអាចរារាំងឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារយើងបានឡើយ។ យើងនៅតែបន្តធ្វើការទាំងយប់ទាំងថ្ងៃ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចគោលដៅ គឺការធានាឱ្យផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងសុវត្ថិភាពដាច់ខាត សម្រាប់ប្រជាពលរដ្ឋទាំងអស់។

លោក សំ លាងទ្រី បានថ្លែងទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជាអនុសាសន៍ណែនាំពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនផលិតផលនានាមានភាពស្រួលនិងឆាប់រហ័ស។

លោកប្រធានមន្ទីរក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមថែរក្សាផ្លូវសាធារណៈនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសកុំចាក់ដី កម្ទេចថ្ម ឬវត្ថុផ្សេងៗ ចូលក្នុងលូ ឬប្រឡាយបង្ហូរទឹក ថែរក្សាលូ និងប្រឡាយ ឱ្យនៅទំនេរ ដើម្បីឲ្យទឹកអាចហូរបានស្រួល។ទង្វើដែលបង្កឱ្យស្ទះលូ ឬប្រឡាយ នឹងធ្វើឱ្យទឹកជន់លិចលើផ្លូវ ហើយបណ្តាលឲ្យផ្លូវឆាប់ខូចខាត រហ័ស និងពិបាកជួសជុលឡើងវិញ៕
អត្ថបទ៖ ជុន កុសល

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


