កីឡា
ក្រុមវិសាខា ឡើងទៅប៉ះណាហ្គាវើល ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០
ក្រុមបាល់ទាត់វិសាខា បានកក់កៅអីឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ឆ្នាំ២០២០ (Hun Sen Cup 2020) ក្រោយយកឈ្នះលើក្រុមបាល់ទាត់ខេត្តព្រៃវែង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដោយទាត់បាល់ប៉េណាំងទីកាត់សេចក្តី៩ទល់៨ក្រោយប្រកួតស្មើគ្នា១ទល់១ នៅម៉ោងប្រកួត៩០នាទីពេញ។
ការប្រកួតដែលចាប់ផ្តើមនៅម៉ោង៦ល្ងាចក្រោមការដឹកនាំពីសំណាក់លោកអាជ្ញាកណ្តាល ស្រី សុវណ្ណារ៉េត កីឡាករ វុធ តុលា បានរកគ្រាប់ឱ្យក្រុមខេត្តព្រៃវែង នាំមុខមុន នៅនាទីទី១៦ ហើយនៅនាទី៣៧ កីឡាករ កែវ សុខផេង បានរកគ្រាប់បាល់តាមស្មើវិញ។ ក្រោយស្មើគ្នានេះ តម្រូវឲ្យក្រុមទាំង២ទាត់បាល់ប៉េណាំងទីកាត់សេចក្តី១១ម៉ែត្រ ហើយជាលទ្ធផលក្រុមវិសាខា យកឈ្នះលើក្រុមខេត្តព្រៃវែង ៩ទល់៨។

មុនរកបានកៅអីឡើងវគ្គផ្តាច់ព្រ័ត្រនេះក្រុមវិសាខា បានយកឈ្នះលើក្រុមខេត្តត្បូងឃ្មុំ ទាំង២ជើងដោយលទ្ធផល ១៣ទល់១ នៅវគ្គ១៦ក្រុមចុងក្រោយ ហើយបន្តយកឈ្នះលើក្រុមជើងឯកឆ្នាំចាស់បឹងកេត នៅវគ្គ៨ក្រុមចុងក្រោយ ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយស្មើគ្នា៤ទល់។ នេះជាឆ្នាំទី៣ហើយដែលក្រុមវិសាខា ចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ខណៈឆ្នាំ២០១៨ ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២ទល់១ នៅវគ្គ១ក្រុមចុងក្រោយ ហើយឆ្នាំ២០១៩ ចាញ់គីរីវង់សុខសែនជ័យ នៅវគ្គ៨ក្រុមចុងក្រោយ។
ដូច្នេះវិសាខា ត្រូវប៉ះក្រុមណាហ្គាវើល នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីដណ្តើមជើងឯក ខណៈក្រុមចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រខេត្តព្រៃវែង ត្រូវជួបក្រុមភ្នំពេញក្រោន ដើម្បីដណ្តើមកៅអីចំណាត់ថ្នាក់លេខ៣។

ពានរង្វាន់បាល់ទាត់សម្តេចតេជោ ឆ្នាំ២០២០ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) រៀបចំបែងចែកជា២កម្រិត ដោយក្នុងនោះមានការប្រកួតជើងឯកថ្នាក់ខេត្ត និងមួយកម្រិតទៀតជាការប្រកួតជើងឯកថ្នាក់ជាតិ។ ជើងឯកថ្នាក់ខេត្តមានក្រុមចំនួន១៧ក្រុមចូលរួម ដោយក្នុងនោះមានបែងចែកជា៥ពូលផ្សេងគ្នា។ ជាលទ្ធផលជើងឯកបានទៅក្រុមខេត្តព្រៃវែង ក្រោយឈ្នះលើក្រុមត្បូងឃ្មុំ នៅវគ្គផ្តាច់ព្រ័ត្រ១ទល់០។ ចំណែកជើងឯកថ្នាក់ជាតិវិញ បានជ្រើសយកក្រុមដែលមានឈ្មោះឡើងលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រថ្នាក់ខេត្តទាំង៤ក្រុមមានសិទ្ធិស្វ័យប្រវត្តិឡើងមកប្រកួតជើងឯកថ្នាក់ជាតិជាមួយក្រុមទាំង១២ផ្សេងទៀតក្នុងលីគកំពូលកម្ពុជា ដោយប្រើរូបមន្តចាប់ឆ្នោតរើសគូប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយតែម្តង។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន បង្កើតឡើងបាន១៤ឆ្នាំមកហើយ ស្របក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបាន៣លើក ណាហ្គាវើល ឈ្នះបាន៣លើក ភ្នំពេញក្រោនឈ្នះបាន២លើក ណាហ្គាវើល,អគ្គស្នងការដ្ឋាននគរបាលជាតិ,បឹងកេត,ខេមរាកីឡា និងបៀលប្រាយយូណាយធីត ឈ្នះម្នាក់១លើក៕
ដោយ ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?