កីឡា
ការប្រកួតជើងឯកកង់ភ្នំ និងកង់គួកថ្នាក់ជាតិ រៀបចំធ្វើនៅខេត្តសៀមរាប
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ សហព័ន្ធគ្រោងនឹងធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ នេះគឺជាការប្រកួតក្នុងគោលដៅវាស់ស្ទង់នៃការរៀបចំប្រភេទកីឡានេះ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននិយាយឲ្យដឹងថា ចំពោះការបែងចែកជាពីរទីតាំង សម្រាប់កង់គួក និងកង់ភ្នំ ក្នុងខេត្តសៀមរាបនេះ គឺការវាស់ស្ទង់នៃគម្រោងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅខេត្តសៀមរាបអំណោយផលខ្លាំងដល់ការប្រកួតស៊ីហ្គេម ២០២៣ ហើយសហព័ន្ធបានកំណត់គោលដៅខេត្តសៀមរាប គឺជាជម្រើសទី១ ក្នុងចំណោមខេត្តសក្តានុពលមួយចំនួនទៀត នៃការប្រកួតកង់គួក-កង់ភ្នំ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់ពីរទីតាំងនេះ រួមមាន សម្រាប់ប្រភេទកង់គួក ត្រូវប្រកួតនៅពេលព្រឹក ដោយត្រូវចេញដំណើរ-ដល់ទី នៅម្តុំព្រះអង្គចេកព្រះអង្គចម ដោយជិះចូលទៅតំបន់អង្គរ ខណៈប្រភេទកង់ភ្នំនឹងត្រូវប្រកួតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយនៅតំបន់នោះ គឺជាកន្លែងហ្វឹកហាត់បិទខ្ទប់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយាន។ ទីតាំងនេះត្រូវបានកំណត់ជាគោលដៅអាទិភាពទី១ សម្រាប់រៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ការប្រកួតជើងឯកថ្នាក់ជាតិ នាចុងខែធ្នូ ខាងមុខនេះនឹងគោរពទៅតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនបំផុត។
លោកគូសបញ្ជាក់ទៀតថា អ្វីដែលសំខាន់ក្នុងបរិបទកូវីដ-១៩នេះ សហព័ន្ធនឹងបន្តការអនុវត្តសម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួតនាខែក្រោយនេះ តាមគន្លងថ្មីនៃវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានោះសហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេសជាច្រើនវគ្គទៀត។ គោលដៅរួមទាំងនេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាការសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

សម្រាប់គម្រោងលម្អិតនៃការប្រកួតជើងឯកក្នុងរបត់ថ្មីនេះ គឺជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតថ្នាក់ជាតិនេះ ត្រូវបានលោកអគ្គលេខាធិការដដែលអះអាងថា សហព័ន្ធនឹងតម្រូវឲ្យកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ត្រូវគោរពវិធានការសុខាភិបាល ដូចជាតម្រូវឲ្យពាក់ម៉ាស រក្សាគម្លាត ហើយត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដូសមូលដ្ឋានយ៉ាងតិច២ដង ជូនដល់ក្រុមការងារបច្ចេកទេសរៀបចំ ដើម្បីបង្ការពីជំងឺកូវីដ-១៩នេះ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?