Connect with us

កីឡា

ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រឡប់មក​ប្រកប​អាជីព​នៅ​ខ្មែរ​វិញ​ ក្រោយ​ពនេចរ​នៅ​ក្រៅ​ប្រទេស

បានផុស

នៅ

កីឡាករ ធា​រី ចន្ថា​ប៊ី​ន ដែលជា​ខ្សែបម្រើ​កូន​ខ្មែរ​-​បារាំង និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បានសម្រេច​ចិត្ត​ត្រឡប់មក​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​កម្ពុជា Metfone Cambodian Legaue វិញ​ក្រោយ​ចាក​ចេញទៅ​ចូលរួម​ក្លិប​បាល់ទាត់​មួយចំនួន​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។

នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែធ្នូ ឆ្នាំ​២០២០ នេះ​ក្លិប​បាល់ទាត់​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ វិសាខា បាន​ប្រកាស​ពី​ការចុះកិច្ចសន្យា​យក​កីឡាករ ធា​រី ចន្ថា​ប៊ី​ន មក​ចូលរួម​ជាមួយ​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​នៅ​រដូវ​កាល​ឆ្នាំ​២០២១ ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​និង​ការពារ​តំណែង​ជើងឯក​ពាន​សម្តេច​តេ​ជោ​។ អ្វី​ដែល​ជាពិសេស​នោះ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ហ្គ្រេ​ន​ភ្នំពេញ មួយ​នេះ​មាន​អ​ម្រែ​ក​មួយទៀត​គឺ​តំណាងអោយ​ប្រទេស​កម្ពុជា ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2021 ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​អ្នកគាំទ្រ​ក្នុង​កិច្ច​សម្ភាសន៍​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មុន​ចូលរួម​ជាមួយ​វិសាខា ថា​មាន​ក្លិប​នៅ​ថៃ ម៉ាឡេស៊ី និង​កម្ពុជា ច​ចារ​ជាមួយ​ខ្លួន​តែ​អ្វីៗ​គឺ​គេ​ចង់​ផ្តោតលើ​ការ​សម្រាក​ជាមួយ​គ្រួសារ​សិន ហើយ​ម្យ៉ាងទៀត​ពេលនេះ​រូបគេ​មានគ្រួសារ (​ភរិយា​និង​កូន​) រឿង​សម្រេច​ទៅលេង​នៅក្រៅ​ស្រុក​គឺ​ចាំបាច់​ពិចារណា​ច្បាស់លាស់​សិន​។

មុន​ដំណើរ​មកដល់​របស់ ធា​រី ចន្ថា​ប៊ី​ន ក្រុម​វិសាខា បានប្រកាស​បន្ត​កិច្ចសន្យា​ជាមួយ​កម្លាំង​ស្នូល​សំខាន់ៗ​ដូចជា កែវ សុខ​ផេង​, ច្រឹង ពលរដ្ឋ​, អ៊ិន វិឆ័យ​, កីឡាករ​អាហ្វ្រិក​ខាងត្បូង Mohammed Khan និង​ខ្ចី​ជើង​អ្នកចាំទី អោម ឧ​ត្ត​ម មកពី​ព្រះខ័ន​រាជ​ស្វាយរៀង ជាដើម​។ ទន្ទឹមនឹង​គ្នា​នេះដែរ​ក្លិប​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ គឹម ឆៃ​យ៉ា អ្នកចាំទី ជា វណ្ណ​សាក់ កីឡាករ ម៉ាត់ សា​ក់រវី កីឡាករ សាន គឹម​ហេង កីឡាករ​ជនជាតិ​ក្រូ​អាត Mihaljevic FILIP​និង​គ្រូបង្វឹក​អ្នកចាំទី សួង ភារ​ម្យ ផងដែរ​។

សូម​បញ្ជាក់​ថា ​ពេញ​១​រដូវ​កាល​ឆ្នាំ​២០២០ ជាមួយ​ក្រុម Perak FA នៅ​ម៉ាឡេស៊ី កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ជួយ​ក្រុម​របស់ខ្លួន ឈ្នះ​ជើងឯក​ពាន​បើក​រដូវ​កាល Unity Shield និង​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​ក្រុម​ទាំង​១២​ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី ខណៈ​រូបគេ​រកបាន​គ្រាប់​បាល់​១​គ្រាប់​ក្នុងនាម​ជា​ខ្សែបម្រើ​។ ចំណែក​ពានរង្វាន់ 2020 Malaysia Cup និង​ពានរង្វាន់​2020 Malaysia FA Cup ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី សម្រេច​រំសាយ​ចោល​វិញ​ដោយសារ​បញ្ហា​កូ​វីដ​១៩​។

គេ​នៅ​ចាំបាន​ថា​កីឡាករ​បាល់ទាត់ ធា​រី ចន្ថា​ប៊ី​ន បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ឆ្ពោះ​មក​កម្ពុជា ដោយ​ចុះកិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ​២០១៧​។

​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ នៅ​ឆ្នាំ​២០១៨ និង​២០១៩ រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម Terengganu FA នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ខណៈ​ដើមរដូវ​កាល​ឆ្នាំ​២០២០ រូបគេ​ត្រូវបាន​ក្រុម Sukhothai នៅ​លី​គ​កំពូល​ថៃ ប្រកាស​ចុះ​កុងត្រា តែ​មិនបាន​ចូលរួម​លេង​ជាមួយ​នោះ​ទេ ស្រាប់តែ​លេចមុខ​នៅ​ក្រុម Perak FA របស់ម៉ាឡេស៊ីវិញ៕
ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម