Connect with us

កីឡា

៣​ចំណុច​សំខាន់ៗ សម្រាប់​ឆ្ពោះ​ទៅ​ជោគជ័យ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅ​កម្ពុជា

បានផុស

នៅ

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​មានប្រសាសន៍ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ដោយ​ស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយ​ក្តី​សង្ឃឹម​បំផុត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ឲ្យ​ទទួល​បាន​ជោគជ័យ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អគ្គលេខាធិការ​CAMSOC រូប​នេះ បញ្ជាក់​ថា CAMSOC​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ជា​មួយ​និង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ រៀបចំ​ក្រុម​ពិសេស​សម្រាប់​ប្រភេទ​កីឡា​នីមួយៗ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​សម្រិតសម្រាំង​ក្រុម​ពិសេស​របស់​ខ្លួន ដើម្បី​បង្កើន​គុណភាព​កាន់តែ​ខ្ពស់ ។

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ទៀត​ថា «​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម គឺជា​ហ្គេម​យុទ្ធសាស្ត្រ​នៃ​ការ​បញ្ជាក់​នូវ​លទ្ធភាព ចំពោះ​ប្រភេទ​កីឡា​របស់​កម្ពុជា​យើង ដែល​អាច​បន្ត​ចូល​ទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​ឬ​មិនបាន ទៅលើ​លទ្ធផល​បច្ចេកទេស​នៃ​ស៊ី​ហ្គេម​លើក​ទី​៣១ នេះ​ហើយ ចំពោះ​លក្ខណៈ​ពិសេស​ក្នុង​ការ​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយ​កម្ពុជា​សហការ​ជាមួយ​អ្នកឯកទេស​ក្រៅ​ប្រទេស នឹង​រៀបចំ​ក្រុម​ពិសេស ដែល​សំដៅ​សម្រុក​ឆ្ពោះ​ទៅ​គោលដៅ​ដ៏​ធំ​ចម្បង​របស់​ខ្លួន ដូចជា​ការ​ត្រៀម​ឆ្ពោះ​ទៅ​ការប្រកួត​អូឡាំពិក​ហ្គេម គឺ​ត្រូវ​ត្រៀម​៤​ឆ្នាំ ហើយ​កម្ពុជា​ក្នុង​ការ​ត្រៀម​ស៊ី​ហ្គេម​២០២៣​នេះ ក៏​ត្រៀម​កម្លាំង​ពិសេស​ដូចគ្នា​ ផង​ដែរ​»​។

​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣​ចំណុច​សំខាន់ៗ ត្រូវ​បាន​លោក​អះអាង​ថា ទី​១. សហព័ន្ធ​កីឡា​ជាតិ​មួយ ត្រូវ​បង្កើត​គោលការណ៍​យន្តការ​ច្បាស់លាស់​មួយ ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​នេះ​មាន​ភាព​កក់ក្តៅ ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន។ ទី​២. អភិវឌ្ឍ​បច្ចេកទេស​ដល់​ក្រុម​ពិសេស​នេះ ឲ្យ​មានគុណ​ផល​កីឡា​កាន់តែ​ខ្ពស់​។ ទី​៣. ត្រូវ​ស្វែងរក​នូវ​មូលនិធិ ដើម្បី​ទ្រទ្រង់ ឧបត្ថម្ភ​គាំទ្រ​ទៅដល់​ក្រុម​ពិសេស​នេះ ដើម្បី​សម្រួច​គោលដៅ​បាញ់​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ២០២៣។​

​លោក វ៉ា​ត់ ចំរើន បាន​លើក​ឡើងថា CAMSOC​ សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដោយ​ធ្វើយ៉ាងណា រួមគ្នា​ធ្វើដំណើរ​ដោយ​ស្វាហាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត​ជាពិសេស​ គឺ​ដំណើរ​ប្រកបដោយ​ក្តី​សង្ឃឹម​បំផុត ឆ្ពោះទៅ​ជោគជ័យ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​បណ្តា​ប្រទេស​នានា​ជា​សមាជិក​ស៊ី​ហ្គេម ប្តេជ្ញាចិត្ត នឹង​ជួយ​ជ្រោមជ្រែង​ដល់​ការ រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម