Connect with us

កីឡា

គ្រូបង្វឹក ចាន់ រតនា ថ្លែង​សារ​ពីរ​ចំណុច​អំពី Xie Wei

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ ចាន់ រតនា ដែលមាន​ជំនាញ​យុទ្ធ​គុនខម​និង​គុន​ខ្មែរ​ត្រូវ​បើក​ទំព័រ​ថ្មី​មួយទៀត​ពេល​ឡើង​សង្វៀន​អន្តរជាតិ ONE Championship បន្ទាប់ពី នៅ ស្រី​ពៅ បង្ហាញខ្លួន​ក្នុង​វិបត្តិ​កូ​វីដ​-១៩ នេះ​កាល​ខែ តុលា។

​ក្រោយ​ការអាក់ខាន​ឡើង​សង្វៀន​រយៈពេល​ប្រមាណ​មួយឆ្នាំ​កន្លះ​មកនេះ សិស្ស​គុន​មកពី​ក្លិប «​សិល្បៈ​» ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​មកពី​ចិន Xie Wei ក្នុង​ទម្ងន់ Flyweight នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE នា​ថ្ងៃទី​១៨ ខែ ធ្នូ ខាងមុខ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

មុន​ការប្រកួត​មកដល់ គ្រូបង្វឹក Lorenzo ដែល​បានធ្វើ​ការងារ​ស្និទ្ធស្នាល​ជាងគេ​ក្នុងចំណោម​គ្រូបង្វឹក​ផ្សេងទៀត​បាន​ថ្លែង​អំពី Xie Wei លើ​ពីរ​ចំណុច​ថា ៖«​ទី​១ ខ្ញុំ​មើលឃើញ​ចំណុចខ្លាំង​របស់ Wei …​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​និង​ថាមពល​ប្រកួត​ក៏​ខ្លាំង​ដែរ​។ ទី​២ ចំណុចខ្សោយ​គេ ដូចជា​ការការពារ​រ​បស់​គេ​នៅមានកម្រិត​។ ការឃុំ​ការពារ​របស់គេ​នៅ​ខាងលើ​ពេក​។ ប៉ុន្តែ វា​ជា​ឱកាសល្អ​ដើម្បី​ងាយស្រួល​ឲ្យ​យើង​វាយប្រហារ​ទៅវិញ​»​។

​គ្រូបង្វឹក Lorenzo បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ចំពោះ រតនា មុន​ចេញទៅ​ប្រកួត​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ ក្នុង​វិបត្តិ​កូ​វីដ​-១៩ ផ្ទុះ​នៅ​កម្ពុ​ជានា​ដើមឆ្នាំ​២០២០ បុរស​វ័យ ៣៥ ឆ្នាំ បាន​បំប៉ន​ផ្នែក​កម្លាំង​ជាពិសេស​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ដដែល​នេះ​។ ព្រោះ រតនា និង លោក Lorenzo មាន​លំនៅឋាន​និង​កន្លែង​ហ្វឹកហាត់​ក្បែរ​គ្នា ដែលជា​អំណោយផល​ល្អ​ដល់​ការការពារ​ជំងឺ​កូ​វីដ​-១៩ ផង​។

គ្រូបង្វឹក​ផ្នែក​កម្លាំង​រូបនេះ​បាន​គូសបញ្ជាក់ថា​៖«​មិន​ត្រឹមតែ​ការហ្វឹកហាត់​ធម្មតា ប៉ុន្តែ រតនា បាន​ឡាំ​គ្នា ឬ សម​គ្នា​ជា​ហូរហែ​ជាមួយ​អ្នកជំនាញ ជឺ​ជិត​ស៊ូ និង MMA ច្រើន​រូប​។ ក្នុងនោះ​ការហាត់​កម្លាំង និង​ភាព​អំណត់ គឺ​ហាត់​ខ្លាំង​នៅ​ក្លិប LLFitness​។ ទោះ​មិនបាន​ឡើង​ប្រកួត​ជាង​មួយឆ្នាំ ប៉ុន្តែ ក្នុងនាម​កីឡាករ​អាជីព រតនា បាន​ខំប្រឹង​ហ្វឹកហាត់​ត្រៀម​ខ្លាំងក្លា ហើយ​រង់ចាំ​ការប្រកួត​យ៉ាង​អន្ទះសា​បំផុត»។

ចាន់ រតនា ដែល​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​សែ​ល​កាត​បានដាក់​គោលដៅ​យកឈ្នះ​លើក​ទី​៤ ជាប់​គ្នា​នៅ​សង្វៀន ONE ដែល​កាដូ​សម្រាប់​អ្នកគាំទ្រ​មុន​ដាច់​ឆ្នាំ ២០២០​។ រតនា ឡើង​ប្រកួត​នៅ​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី​បាន​ចំនួន ១០ ដង​ក្នុងនោះ ឈ្នះ ៧ ដង និង​ចាញ់ ៣​ដង​។

Xie Wei ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ៦ ដង​ក្នុងនោះ​ឈ្នះ រហូតដល់ ៥​ដង​ឯនោះ​។ អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​នោះ គឺ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​ឈ្នះ​ជាប់​គ្នា​រហូតដល់ ៥ លើក​នៅ​សង្វៀន​លំដាប់​ពិភព​មួយ មុន​ចាញ់​ជើង​ខ្លាំង ហ្វីលីពីន Danny Kingad នៅក្នុង​ការប្រកួត​ចុងក្រោយ​នា​ចុងខែ មករា ឆ្នាំ​២០២០ នេះ​។ បែបណា​ក្ដី បើ​សរុប​ការប្រកួត​ទាំង​ក្នុង​និង​ក្រៅ​សង្វៀន ONE ជើង​ខ្លាំង​មកពី​ចិន​ឡើង​សង្វៀន​គុន​ចម្រុះ​បាន ៨ ដង (​ឈ្នះ ៥ និង ចាញ់ ៣​ដង​)​។

គួរ​ដឹង​ថា គ្រូបង្វឹក Lorenzo និង រតនា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ ដើម្បី​ត្រៀមខ្លួន​, ហ្វឹកហាត់​, តេស្ត​សុខភាព និង ធ្វើតេស្ត​កូ​វីដ​-១៩ នៅ​ទីនោះ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម