ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា សូមចូលរួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស និងកាន់តែច្រើនថែមទៀត។ ក្នុងនោះ ជាឱកាសដើម្បីបង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ។
ម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេស ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុរបស់យើងឲ្យកាន់តែមានការរីកចម្រើន។
លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសបិទការប្រកួតជើងឯកកីឡាវាយកូនឃ្លីលើតុថ្នាក់ជាតិ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោកប្រធាន បន្តថា ជាមួយនោះ កម្មវិធីប្រកួតរបស់យើង ក៏ជាឱកាស ដើម្បីឲ្យសហព័ន្ធរបស់យើង គណៈកម្មការរបស់យើង ក្នុងវិស័យកីឡាវាយកូនឃ្លីលើតុ បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗរបស់យើង ត្រៀមឈានឆ្ពោះទៅវគ្គបំប៉ន បណ្ដុះបណ្ដាលថែមទៀត។
បន្ថែមពីនោះ ដើម្បីត្រៀមទៅប្រកួតSEA GAMES នៅប្រទេសវៀតណាម ឆ្នាំ២០២១ ខាងមុខនេះ ក៏ដូចជាយើងត្រៀមសម្រាប់ស៊ីហ្គេមលើកទី២៣។ យើងក៏បានផ្តល់ឱកាស ដើម្បីឲ្យកីឡាករ-កីឡាការិនីរបស់យើងដូចជា គណៈកម្មការរបស់យើង បានដកពិសោធន៍ ទាំងការប្រកួត បច្ចេកទេសប្រកួត ក៏ដូចជាដកពិសោធន៍ នៅការរៀបចំព្រឹត្តិការណ៍ប្រកួត តៀមធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខនេះ។
លោក គៀត ច័ន្ទថារិទ្ធ បានបន្ថែមទៀតថា តាមការឆ្លងកាត់ នៃការប្រកួតនេះ បានបង្ហាញពីសមត្ថភាពរបស់កីឡាករ កីឡាការិនី របស់យើង បើប្រៀបធៀបទៅនឹងការប្រកួតលើកមុន យើងឃើញថា សមត្ថភាពហាក់ដូចជាមានការប្រែប្រួលច្រើនជាងមុន។
ជាមួយគ្នានេះ យើងក៏ឃើញទាំងអស់គ្នាថា ការចូលរួមលើកនេះ ក៏សកម្មភាពផុលផុសជាងមុន បើយើងប្រៀបធៀបកាលពីដើមឆ្នាំ កាលយើងរៀបចំការប្រកួតលើកទី១។ លោកសង្ឃឹមថា ការប្រកួតលើកក្រោយ នឹងមានចំនួនក្រុមកើនឡើង កាន់តែច្រើនថែមទៀត។ លោកក៏បានចាត់ទុកថា លទ្ធផល នៃការប្រកួតដែលបានឆ្លងកាត់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងសម្រេចជោគជ័យល្អបែបនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់កីឡាវាយកូនឃ្លីលើតុកម្ពុជារបស់យើង។
ម្យ៉ាងវិញទៀត គឺជាការរួមចំណែក ក្នុងការអភិវឌ្ឍកីឡាជាតិរបស់យើង ក្នុងនោះកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្ដើមដំណើរការ បោះជំហានទៅមុខ ក៏ដូចអ្នកទាំងអស់គ្នាបានឃើញហើយ។ម្យ៉ាងទៀត យើងក៏បានឆ្លើយតបក្រសួងផងដែរ ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលរបស់យើងកែទម្រង់ និងការយកចិត្តទុកដាក់ចំពោះវិស័យកីឡា។
ប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណលោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយស គណៈកម្មការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជារបស់យើង ជានិច្ចកាល លោកនាយឧត្ដមសេនីយ៍ តែងលើកទឹកចិត្ត ដល់គណៈកម្មការសហព័ន្ធ និងផ្ដល់ឱកាសដល់បទពិសោធន៍ជាច្រើនផងដែរ៕
អត្ថបទ ៖ វិសិទ្ធ