កីឡា
អ្នកស្នេហាវិស័យបាល់ទាត់ សោកស្ដាយចំពោះមរណភាព ប្រធានក្លិបភ្នំពេញក្រោន
លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្ម វេលាម៉ោង ៨:១០ នាទីព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះដោយរោគាពាធ ខណៈមរណភាពរបស់រូបលោកត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជា សម្ដែងការសោកស្ដាយជាខ្លាំង ដ្បិតលោកបានរួមចំណែកក្នុងវិស័យនេះច្រើនលើសពីការរំពឹងទុក។

នេះជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បាល់ទាត់ជាតិ នូវបុរសដែលត្រូវបានគេចាត់ទុកថាមានឆន្ទៈ និងស្រលាញ់វិស័យកីឡាបាល់ទាត់ ចង់រួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជាពិតៗ យ៉ាងសស្រាក់សស្រាំអស់រយៈពេលច្រើនជាង ១០ ឆ្នាំមកនេះ ចាប់តាំងពីលោកចូលមកគ្រប់គ្រងក្លិបបាល់ទាត់ភ្នំពេញក្រោន នៅឆ្នាំ ២០០៨។
ចំណុចដែលអ្នកគាំទ្រសម្ដែងការសោកស្ដាយនោះ គឺរូបលោកនេះហើយដែលជាអ្នកចាប់ផ្ដើមឱ្យមានការបណ្ដុះបណ្ដាលកីឡាករថ្នាលយុវជនកម្រិតស្ដងដាអាជីពដំបូងគេនៅកម្ពុជា កាលពីឆ្នាំ ២០១០ ជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោននេះផ្ទាល់តែម្ដង ដោយមានទាំងឈុតយុវជនអាយុក្រោម ១ ៣ឆ្នាំ, ១៥ ឆ្នាំ និង ១៧ ឆ្នាំ។ លោករៀបចំឱ្យមានថ្នាលបែបនេះ គឺបន្ទាប់ពីលោកបានមើលឃើញថា ប្រសិនបើកីឡាករមានគ្រឹះពីតូចមកទើបមានការប្រកួតប្រជែង និងដោយសារជម្រើសជាតិពីមុនមិនមានថ្នាលត្រឹមត្រូវ ដូច្នេះគុណភាពក៏មិនសូវជាល្អ។

យុវជនថ្នាលដែលចូលរួមជាមួយភ្នំពេញក្រោន តាំងពីឆ្នាំ ២០១០ មក ពួកគេទទួលបានទាំងការរៀនសូត្រ ការហ្វឹកហាត់កម្រិតអាជីព ការស្នាក់នៅ-ហូបចុកជាមួយក្លិប ដោយចំណាយធនធានផ្ទាល់ខ្លួនរបស់លោកផ្ទាល់ រហូតដល់យុវជនទាំងនោះបានក្លាយទៅជាផ្នែកមួយនៃក្រុមជម្រើសជាតិកម្ពុជាដែលចេញផ្លែផ្កានាប៉ុន្មានឆ្នាំចុងក្រោយនេះ និងរួមចំណែកក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា។
អ្វីដែលចាំមិនភ្លេចគឺមានកីឡាករច្រើនជាង ១០ នាក់ ក្នុងចំណោម ២០ នាក់ចេញមកពីថ្នាលយុវជនក្លិបភ្នំពេញក្រោន បានជួយឱ្យ ក្រុម U23 កម្ពុជា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចាប់តាំងពីកម្ពុជា ចូលរួមស៊ីហ្គេមក្នុងឆ្នាំ ១៩៥៩ មក ដែលនេះជាផ្លែផ្កាលោកខំដាំតាំងពីឆ្នាំ ២០១០ មក។
មិនមែនតែបាល់ទាត់បុរស និងថ្នាលយុវជន លោកក៏បានបង្កើតឱ្យមានក្រុមបាល់ទាត់នារី ដំបូងគេផងដែរ ដែលទើបតែឈ្នះពានលីគបាល់ទាត់នារីកម្ពុជា កាលពីពេលថ្មីៗនេះ ហើយអ្វីដែលគេកោតសរសើរថែមទៀតនោះ គឺក្លិបបានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួន មុនគេនៅក្នុងបាល់ទាត់កម្ពុជា ដែលមានឈ្មោះថា RSN (បច្ចុប្បន្ន Smart RSN) អាចផ្ទុកទស្សនិកជនបានប្រមាណ ៥ពាន់នាក់ ប្រើប្រាស់រហូតដល់សព្វថ្ងៃ។
នេះជាពេលវេលាដ៏សោកសៅសម្រាប់បាល់ទាត់កម្ពុជា ‘កម្ពុជាថ្មី’ សូមចូលរួមរំលែកទុក្ខជាមួយក្លិបភ្នំពេញក្រោន និងលោកជំទាវ ភូ ឈាវលីន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឧកញ៉ា ឫទ្ធី សំណាង៕

អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ