កីឡា
យុវជនឆ្នើម ជូ ស៊ីនទី មិននឹកស្មានខ្លួនឯងដើរមកដល់ចំណុចនេះ
ជូ ស៊ីនទី ជាខ្សែបម្រើកណ្តាលគួរឲ្យចាប់អារម្មណ៍មួយរូបប្រចាំក្លឹបព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែអ្នកគាំទ្រភាគច្រើនប្រហែលជាមិនបានដឹងពីដំណើរជីវិតពិតកាលពីកុមារភាពរបស់យុវជនរូបនេះឡើយ។
កីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបង ជូ ស៊ីនទី កំពុងរីករាយនឹងអ្វីដែលខ្លួនទទួលបាននាពេលបច្ចុប្បន្ន ខណៈកាលពីកុមារភាពរបស់ខ្លួនមិនបានគិតវែងឆ្ងាយក្នុងការចាប់យកបាល់ទាត់ជាអាជីពពិតប្រាកដឡើយ។
ស្ថិតក្នុងវ័យ១៩ឆ្នាំ ស៊ីនទី បានប្រាប់«កម្ពុជាថ្មី»ថា ៖«ដូចក្មេងដទៃក្នុងភូមិដែរ ដើមឡើយ ខ្ញុំលេងបាល់ដើម្បីសប្បាយរីករាយប៉ុណ្ណោះ។ ក្រោយមក មានគេបង្កើតក្រុមបាល់ទាត់មួយឈ្មោះ«Victory Poipet FC» ក៏បានធ្វើតេស្តជាប់លេងឲ្យក្រុមនេះ។ ពេលបានហ្វឹកហាត់ជាមួយក្រុមមួយនេះ ក៏បានឱកាសឲ្យលេងឲ្យក្រុមអធិរាជតំណាងខេត្ត»។
នៅឆ្នាំ២០១៦ ជូ ស៊ីនទី បានធ្វើតេស្តជាប់នៅសាលាបាល់ទាត់ជាតិបាទីដែលជាឱកាសបានហ្វឹកហាត់បាល់ទាត់អាជីពជាលើកដំបូង និងបន្តការសិក្សាផង។ ហ្វឹកហាត់បាល់ទាត់ និងសិក្សារហូតចប់ថ្នាក់ទី១២ ក្រុមសាលាបាល់ទាត់បាទីជំនាន់នោះត្រូវបានរំសាយដោយសារកំណត់ត្រឹមចប់ថ្នាក់ទី១២។
ស៊ីនទី ប្រាប់ថា ៖«ខ្ញុំបានហាត់បាល់ផង រៀនផងនៅបាទីប្រហែលជា៥ឆ្នាំទើបខ្ញុំចូលព្រះខ័នរាជស្វាយរៀង។ ព្រះខ័នរាជស្វាយរៀងទាក់ទង់គឺឲ្យខ្ញុំចូលក្រុមធំតែម្តងគឺអត់យុវជនទេ»។
សម្រាប់រដូវកាល២០២១ដែលជាឆ្នាំដំបូងនៅក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ជូ ស៊ីនទី បានលេងញឹកញាប់ដែរ ប៉ុន្តែភាគច្រើនលេងក្នុងការប្តូរចូលវគ្គទី២ដែលមានន័យថា រូបគេមិនទាន់ជាប់ជម្រើស១១នាក់ដំបូងឡើយ។
ទោះជាយ៉ាងណា រដូវកាល២០២២នេះគឺជាឆ្នាំដែលយុវជនរូបនេះបានជាប់ជម្រើស១១នាក់ដំបូងស្ទើរមិនដាច់។ កីឡាករបាននិយាយថា ៖«ឆ្នាំដំបូង ខ្ញុំអត់ចាំបានលេងប៉ុន្មានដងទេ តែដឹងថា លេងបានច្រើនដែរ។ ដល់ឆ្នាំ២០២២នេះ ខ្ញុំលេងបានច្រើន ហើយជាប់ជម្រើស១១នាក់ដំបូងទៀត»។
រឹតតែពិសេសទៀតនោះ ជូ ស៊ីនទី ត្រូវបានកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមធំសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Asian Cup កាលពីពេលថ្មីៗនេះនៅប្រទេសឥណ្ឌា។ រូបគេក៏ទទួលបានការទុកចិត្តពីក្រុមគ្រូបង្វឹកដើម្បីបង្ហាញខ្លួននៅលើទីលានទាំងការប្តូរចូល និងជាប់ជម្រើស១១នាក់ដំបូងទៀតផង។
ស៊ីនទី បាននិយាយថា ៖«កាលខ្ញុំនៅក្មេង ខ្ញុំលេងបាល់សប្បាយៗហ្នឹងបង! លេងជាមួយមិត្តភក្តិដើម្បីសប្បាយ អត់ដែលគិតវែងឆ្ងាយផង។ ពេលខ្ញុំមានក្រុមលេងនៅប៉ោយប៉ែត គឺលេងដើម្បីសប្បាយៗ។ មិននឹកស្មានថា ខ្លួនឯងឈានមកដល់ចំណុចសព្វថ្ងៃនេះ»។
ទន្ទឹងជាមួយទទួលបានឱកាសល្អទាំងនៅក្រុមធំព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា កីឡាករកម្ពស់១.៦០ម៉ែត្ររូបនេះមិនហ៊ានប្រាថ្នា ឬដាក់ក្តីស្រមៃអ្វីធំនៅពេលខាងមុខទេគឺមានតែការប្រឹងប្រែងនឹងអ្វីដែលខ្លួនទទួលបានសព្វថ្ងៃឲ្យបានល្អបំផុត។
«ខ្ញុំមិនទាន់ហ៊ានគិតអ្វីនាពេលខាងមុខទេ។ អ្វីដែលខ្ញុំគិតគឺផ្តោតលើការហ្វឹកហាត់ និងលេងឲ្យបានល្អបំផុតនាពេលបច្ចុប្បន្ន ព្រោះខ្ញុំត្រូវការអភិវឌ្ឍខ្លួនឲ្យកាន់តែល្អជាងនេះថែមទៀត»។ ស៊ីនទីបានបញ្ជាក់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ