Connect with us

កីឡា

បន្ទាប់​​ពី​ឈ្នះ​​សិង្ហបុរី​​យប់​​មិញ​ U19​ កម្ពុជា​​នឹង​​ធ្វើ​ការ​​ធ្ងន់​​ថ្ងៃ​​ស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) នឹង​ធ្វើ​ការ​ធ្ងន់​នៅ​ថ្ងៃ​ស្អែក ទី​៥ ខែ​កក្កដា នៅ​ពេល​ជួប​ក្រុម​បាល់ទាត់​យុវជន​ជម្រើស​ជាតិ​ម៉ាឡេស៊ី បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​យុវជន​ជម្រើស​ជាតិ​សិង្ហបុរី​កាល​ពី​យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល B ជើង​ឯក​យុវជន​អាស៊ី​អាគ្នេយ៍ AFF U19 Boys Championship 2022 កាល​ពី​យប់​មិញ​ ក្រុម U19 កម្ពុជា​បាន​យក​ឈ្នះ​ក្រុម U19 សិង្ហបុរី ដោយ​លទ្ធផល​តឹង​តែង​បំផុត ១-០។ គ្រាប់​បាល់​តែ​១​គត់​កើត​ឡើង​ក្នុង​ជំនួប​នេះ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករកម្ពុជា សុវណ្ណ ដូណា។

យ៉ាង​ណា ការ​ពិត​នៅ​លើ​​ទី​លាន​វាល​ស្មៅ Madya Senayan ពេញ​៩០​នាទី ក្រុម​យុវជន​កម្ពុជា និង​សិង្ហបុរី​ធ្វើ​ធ្ងន់​ដូច​គ្នា។ ​ក្រុម​ទាំង​ពីរ​បាន​ព្យាយាម​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំងដែល​ធ្វើ​ឲ្យ​តំបន់​ការពារ​​​​ចំណាយ​កម្លាំងខ្លាំង​ ហើយ​ពិត​ជា​ធ្វើ​ឲ្យ​ពួក​គេ​នឿយ​ហត់​អស់​កម្លាំង​ច្រើន។

ដូច្នេះ​ការ​ប្រកួត​លើក​ទី២​នឹង​​​ធ្វើ​ឲ្យ​ក្រុម U19 កម្ពុជា​ពិបាក​ខ្លាំង​​ ដោយ​សារ​​​កត្តា​សំខាន់​២​របស់​ក្រុម​ U19 ម៉ាឡេស៊ី។ ទី១ ក្រុម​យុវជន​ម៉ាឡេស៊ី សម្រាប់​ការ​ប្រកួត​ថ្ងៃ​អង្គារ៍​ស្អែក​នេះ​គឺ​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន ដូច្នេះ​ក្រុម​មួយ​នេះ​​មាន​កម្លាំង​ស៊ុហ្វ​​ពេញ​ល្អ។ កីឡាករ​ពេញ​ជើង​ល្អ​​​ គ្មាន​របួស ឬ​នឿយ​ហត់​អស់​កម្លាំង​ឡើយ។

ទី​២ ក្រុម​យុវជន​ម៉ាឡេស៊ី ជា​ក្រុម​ខ្លាំង និង​​អាច​ចាត់​ទុក​ល្អ​ជាង​គេ​នៅ​ក្នុងពូល B នេះ ហើយ​ជា​ក្រុម​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ច្បាស់​ណាស់​ថា ក្រុម U19 ម៉ាឡេស៊ី នឹង​ដាក់​សម្ពាធ​ខ្លាំង​លើ​ក្រុម​យុវជន​កម្ពុជា​ដែល​មាន​កម្រិត​​បច្ចេកទេស​​ទាប​ជាង ហើយ​កម្លាំង​ស៊ុហ្វ​ក៏​មិន​សូវ​​ពេញ​ល្អ​ទៀត។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​ពូល B  ពាន​រង្វាន់ AFF U19 Boys Championship 2022 ក្រុម​យុវជន​ឡាវ​មាន​៣​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង បន្ទាប់​ពី​​បាន​ឈ្នះ​យុ​វជន​ទីម័រ​ខាង​កើត ២-០ ខណៈ​​យុវជន​កម្ពុជា​មាន​៣​ពិន្ទុ​ដែរ តែ​ឈរ​លេខ​២ ក្រោយ​​ឈ្នះ​យុវជន​សិង្ហបុរី១-០៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម