កីឡា
ថៃ បង្កើនមហិច្ឆតាចង់ធ្វើសហម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ ជាមួយប្រទេសក្នុងតំបន់អាស៊ាន
ការរំពឹងទុករបស់ថៃ ក្នុងការធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2034) ឆ្នាំ ២០៣៤ កំពុងបង្កើនសម្ទុះបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីសំខាន់ៗត្រូវបានធ្វើឡើង កាលពីពេលថ្មីៗនេះ។

កាលពីថ្ងៃច័ន្ទ ទី ០៤ ខែកក្កដា ឆ្នាំ ២០២២ លោកបណ្ឌិត Niwat Limsuknirand អគ្គនាយក នៃនាយកដ្ឋានអប់រំកាយរបស់ថៃ រួមទាំងលោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF), លោក Winston Lee អគ្គលេខាធិការ AFF និងលោក Patit Suphapong អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ថៃ បានជួបប្រជុំគ្នានៅទីក្រុងឈៀងម៉ៃ។ ក្នុងនោះក៏មានអ្នកជំនាញក្នុងការរៀបចំសំណើធ្វើម្ចាស់ផ្ទះ មកពីសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលនឹងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក៏បានចូលរួមកិច្ចប្រជុំតាមរយៈវីដេអូ Conference ផងដែរ។

លោក Patit អគ្គលេខាធិការសមាគមកីឡាបាល់ទាត់ថៃ បានបញ្ជាក់ថា ជំនួបនេះបានធ្វើឡើងក្នុងគោលបំណងឲ្យភាគីទាំងអស់ចែករំលែកព័ត៌មានអំពីលទ្ធភាពនៃការធ្វើជាម្ចាស់ផ្ទះ World Cup។ ជំហានបន្ទាប់នឹងមានការបង្កើតក្រុមការងារបច្ចេកទេស (Technical Working Group – TWG) រវាងតំណាងមកពីទីភ្នាក់ងាររបស់រដ្ឋាភិបាលអាស៊ានផ្សេងៗ។ លោកបានបន្តទៀតថា ការដេញថ្លៃជាផ្លូវការណាមួយដើម្បីធ្វើម្ចាស់ផ្ទះ World Cup ដាច់ខាតត្រូវតែមានការចុះហត្ថលេខាពីប្រមុខរដ្ឋាភិបាលនៃប្រទេស ដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះនោះ រួចទើបបញ្ជូនវាទៅសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនោះ ដើម្បីធ្វើបទបង្ហាញដល់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ សំណើលម្អិតអំពីការដេញថ្លៃ ដែលពាក់ព័ន្ធនឹងប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2034 ត្រូវបានគេរំពឹងថានឹងរួចរាល់នៅចុងឆ្នាំនេះ។

ការរំពឹងទុកនៃបណ្តាប្រទេសអាស៊ានធ្វើសហម្ចាស់ផ្ទះ World Cup នៅឆ្នាំ ២០៣៤ ត្រូវបានផ្ដួចផ្ដើមជាលើកដំបូងក្នុងឆ្នាំ ២០១៧ និងថ្មីៗនេះនៅឆ្នាំ ២០១៩។ កាលពីពេលនោះ មានសេចក្តីរាយការណ៍ថា ថៃ គឺនាំមុខគេលើគម្រោងនេះ ដោយមានសហម្ចាស់ផ្ទះដទៃទៀតរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ វាមិនមែនមានតែប្រទេសថៃទេ ដែលបានលើកឡើងពីលទ្ធភាពរបស់អាស៊ាន នៃការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup។
កាលពីខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវឲ្យប្រទេសសមាជិកអាស៊ានទាំងអស់រួបរួមគ្នា ដើម្បីធ្វើការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ផងដែរ។ សម្តេចបានមានប្រសាសន៍ថា នឹងលើកយកឱកាសនៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត បាល់ទាត់ពិភពលោក ជាមួយនឹងមេដឹកនាំក្នុងតំបន់ផ្សេងទៀត ក្នុងតួនាទីជាប្រធានអាស៊ាន។

«សម្រាប់ឆ្នាំ២០២២ ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកនៅឆ្នាំ ២០៣៤ ឬ ២០៣៨។ ខ្ញុំនឹងពិនិត្យមើលលទ្ធភាព និងស្នើសុំឱ្យមេដឹកនាំអាស៊ានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយធ្វើវា។ លទ្ធភាពជាក់ស្តែង។» ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ប្រទេសដែលមានបំណងរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៣៤ មានរយៈពេលរហូតដល់ឆ្នាំ ២០២៦ ដើម្បីដាក់សំណើដេញថ្លៃរបស់ពួកគេទៅកាន់ FIFA៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច