កីឡា
កក្រើកប្រចាំឆ្នាំ ពេជ្រ សម្បត្តិ បញ្ចប់ភាពមិនដែលចាញ់របស់ ផាត់ថាណា សង្ឃឹមខ្ពស់ឡើងវគ្គខ្វែង
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ និងអ្នកលេងឆ្លងដែនថៃ ផាត់ថាណា បានធ្វើឲ្យសង្វៀនខ្សែក្រវាត់ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវរដូវកាលទី៨ ឆ្នាំ២០២២ កាលពីយប់មិញនេះក្លាយជាសមរភូមិប្រយុទ្ធជក់ចិត្តដិតអារម្មណ៍ និងរំភើបកក្រើកបំផុតសម្រាប់ឆ្នាំ។

ការពិតលើសង្វៀនបង្ហាញឲ្យឃើញថា ជើងខ្លាំងទាំងពីរមានលក្ខណៈពិសេស និងរឹងមាំធន់ដូចគ្នា។ ពេជ្រ សម្បត្តិ ចេញកណ្តាប់ដៃច្បាស់ៗទាំងលើក្បាលពោះ និងមុខរបស់ដៃគូគិតចាប់ពីទឹកទី១រហូតដល់ទឹកទី៥ ខណៈ ផាត់ថាណា ពូកែវ៉ៃកែងដែលធ្វើឲ្យអ្នកលេងគុនខ្មែរជួបការលំបាកខ្លាំង។
យ៉ាងណា អ្នកទាំងពីរបង្ហាញពីស្មារតីនៃអ្នកប្រយុទ្ធ និងសម្រុកគ្នាមិនសំចៃកម្លាំងឡើយពោលគឺតទល់គ្នា ប្តូរកណ្តាប់ដៃ និងកែងដូចព្យុះដែលធ្វើឲ្យអ្នកគាំទ្រទាំងទស្សនាផ្ទាល់ និងតាមបណ្តាញសង្គមបុកពោះ ហើបគូថពីកៅ និងស្រែកហោកងរំពងពេញសង្វៀន។
បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញក្នុងជុំទី៣ ពេជ្រ សម្បត្តិ បានក្លាយជាបេក្ខភាពម្នាក់បញ្ចប់ភាពមិនដែលចាញ់របស់ជើងខ្លាំង ផាត់ថាណា ដើម្បីបន្ថែម៣ពិន្ទុបន្តឈរលើកំពូលតារាងពូល A និងសង្ឃឹមខ្ពស់ក្នុងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដូច្នេះការប្រកួត៣ជុំដូចគ្នា អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ បានចាញ់១ និងឈ្នះ២ ខណៈ ផាត់ថាណា ឈ្នះ២ និងចាញ់១ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលនៃជើងឯកភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវរដូវកាលទី៨នេះ។ ផាត់ថាណា ស្គាល់បរាជ័យលើកដំបូង បន្ទាប់ពីឈ្នះពីរលើកកន្លងមក ហើយរូបគេនៅតែមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មួយគូទៀត ជ័រ ពៅ ពិតជាសោកស្តាយខ្លាំងមែនទែនដែលភ្លាត់ស្នៀតត្រូវបានកីឡាករថៃ រ៉ាថែ ទាត់ចំថ្ងាលបណ្តាលសន្លប់ក្នុងទឹកទី២។ តាមពិតទៅអ្នកលេងគុនខ្មែររូបនេះសង្ឃឹមច្រើនក្នុងការទទួលបានជ័យជម្នះ។ រូបគេបានសម្រុកវ៉ៃក្នុងទឹកទី២ និងមានប្រៀបទៅហើយ ប៉ុន្តែបែរជាត្រូវមួយជើងរបស់ដៃគូចប់សព្វគ្រប់តែម្តង។
តាមរយៈបរាជ័យនេះបានធ្វើឲ្យ ជ័រ ពៅ មានក្តីសង្ឃឹមតិចក្នុងការឡើងទៅវគ្គ៤នាក់ចុងក្រោយ ដោយសារប្រកួតចុងក្រោយត្រូវប៉ះជើងខ្លាំងពូកែស៊ូ ទួនប៉េ។ ចំណែកកីឡាករថៃ រ៉ាក់ថែ ដែលអ្នកគាំទ្រមើលឃើញថា សង្ឃឹមតិចជាងគេ បែរជាបន្ថែម៣ពិន្ទុទៀត ដើម្បីបានសរុប៧ពិន្ទុឈរលើកំពូលតារាង និងសង្ឃឹមឡើងទៅវគ្គបន្ត។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតបញ្ចប់សន្សំពិន្ទុក្នុងពូល អ្នកលេខ១ និងលេខ២នៃពូលនីមួយៗត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ពិន្ទុបណ្តោះអាសន្នពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ និងឈ្នះ ផាត់ថាណា
- ជ័រ ពៅ មាន៥ពិន្ទុ (៣ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា និងចាញ់ រ៉ាថែ
- ធន់ ផានិត មាន៤ពិន្ទុ (២ប្រកួត) ចាញ់ ផាត់ថាណា និង ឈ្នះ ផេតម៉េតម៉ៃ
- ផាន់ ផាត់ណាត់ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ទួនប៉េ និងចាញ់ រ៉ាថែ
ពិន្ទុបណ្តោះអាសន្នពូលថៃ (B)
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន់ ផាត់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- ទួនប៉េ មាន៦ពិន្ទុ (២ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ និងឈ្នះ ផាន់ ផាត់ណាត់
- ផេតម៉េតម៉ៃ មាន២ពិន្ទុ (២ប្រកួត) ចាញ់ ធន់ ផានិត និងចាញ់ ជ័រ ពៅ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?