កីឡា
លាតត្រដាងកំណើតបាល់ទាត់ ជា សំណាង របស់ព្រះខ័នរាជស្វាយរៀង
រយៈពេលជាង១០ឆ្នាំហើយដែលខ្សែបម្រើ ជា សំណាង ប្រកបអាជីពបាល់ទាត់នៅក្លឹបព្រះខ័នរាជស្វាយរៀង និងធ្លាប់ឈ្នះពានរង្វាន់ធំសំខាន់៦ជាមួយក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ។ យ៉ាងណា អ្នកគាំទ្របានស្គាល់រូបគេច្បាស់តែនៅលើទីលានបៃតងប៉ុណ្ណោះ ខណៈកំណើតបាល់ទាត់ពីដំបូងប្រហែលជាមិនទាន់ជ្រាបឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/CHEA-SAMNANG3-1024x1024.jpg)
កីឡាករដែលមានបងប្អូនបង្កើត៤នាក់ ក្នុងនោះប្រុស៣ ស្រី១ និងដើមកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតមិនធ្លាប់បានហ្វឹកហាត់ ឬបណ្តុះបណ្តាលអាជីពត្រឹមត្រូវក្នុងថ្នាលយុវជនណាមួយឡើយ។ រូបគេចូលចិត្ត ស្រឡាញ់បាល់ទាត់តាមរយៈការមើលតាមទូរទស្សន៍តាំងពីតូច និងបានលេងបាល់ទាត់ដើម្បីសប្បាយរីករាយប៉ុណ្ណោះ។
ជា សំណាង បានរៀបរាប់ឲ្យ«កម្ពុជាថ្មី»ដឹងថា ៖«កាលពីតូច ខ្ញុំលេងបាល់ទាត់ ព្រោះតែការស្រឡាញ់ ដោយសារមើលគេលេងតាមទូរទស្សន៍។ ពេលនោះ ខ្ញុំលេងដើម្បីសប្បាយប៉ុណ្ណោះ។ ខ្ញុំអត់ស្រមៃក្លាយជាកីឡាករអាជីពអីទេ»។
កាលពីដំបូងក្រុមគ្រួសារមិនទឹកចិត្តឲ្យក្មេងប្រុសម្នាក់នេះលេងបាល់ទាត់ទេ ប៉ុន្តែពួកគេជំរុញឲ្យខិតខំរៀនសូត្រច្រើនជាង។ ទោះជាយ៉ាងណាការប្រឹងប្រែងលេងតាមក្តីស្រឡាញ់ និងឃើញលទ្ធផលល្អ ក្រុមគ្រួសារក៏លែងជំទាស់ ហើយជំរុញលើកទឹកចិត្តបន្ថែម។
«កាលពីដំបូង ក្រុមគ្រួសាររបស់ខ្ញុំចង់ឲ្យរៀនសូត្រច្រើនជាង តែពេលខ្ញុំជាប់ក្រុម U23 ពួកគាត់ក៏ចាប់ផ្តើមជំរុញលើកទឹកចិត្តខ្លាំងឡើង»។ ជា សំណាង បានបញ្ជាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/CHEA-SAMNANG2-1024x768.jpg)
កត្តាពីរសំខាន់ដែលជំរុញឲ្យកីឡាករមានកំណើតនៅខេត្តកំពតរូបនេះប្រឹងប្រែងក្នុងអាជីពបាល់ទាត់។ សំណាងបានប្រាប់ថា ៖«កត្តាដែលជំរុញឲ្យខ្ញុំប្រឹងប្រែងខ្លាំងគឺទី១ចំពេលដែលបាល់ទាត់កម្ពុជាកំពុងរីកចម្រើន។ ទី២ការស្រឡាញ់ពេញចិត្តកីឡានេះដោយខ្លួនឯង»។
ការលេងបាល់ទាត់កាលពីក្មេងយ៉ាងជោកជាំបានបើកផ្លូវឲ្យរូបគេស្វែងរកកន្លែងដែលអាចលេងបាល់ទាត់ពិតប្រាកដ និងអាជីព។ ទីបំផុតនៅឆ្នាំ២០១០ រូបគេបានទៅចូលរួមជាមួយក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ព្រះខ័នរាជស្វាយរៀង។
ជា សំណាង បានប្រាប់ថា ៖«ខ្ញុំអត់បានហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ព្រះខ័នរាជស្វាយរៀងទេ។ ខ្ញុំចាំបានថា ខ្ញុំបានហ្វឹកហាត់ជាមួយ U19 ព្រះខ័នរាជស្វាយរៀងតែពីរថ្ងៃប៉ុណ្ណោះ ក៏បានឡើងមកហាត់ជាមួយក្រុមធំតែម្តង ហើយក៏បានលេងរហូតដល់ឥឡូវ»។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/CHEA-SAMNANG-1024x1024.jpg)
ទោះជាយ៉ាងណា ឱកាសនៃការបានលេងនៅក្លឹបបាល់ទាត់អាជីពពិតប្រាកដមិនមែនជាការងាយស្រួលនោះទេ។ បុរសម្ចាស់អាវលេខ៨បានប្រាប់ថា ៖«ខ្ញុំជួបការលំបាកច្រើន។ ពេលខ្លះស្ទើរតែអស់សង្ឃឹម ប៉ុន្តែខ្ញុំចេះតែតស៊ូដោយខ្លួនឯង និងប្រឹងតស៊ូ អត់ធន់។ ទីបំផុតខ្ញុំអាចឈរជើងលើវាលស្មៅបៃតងអាជីពបានដល់សព្វថ្ងៃ»។
រយៈពេលជាង១០ឆ្នាំកន្លងទៅនេះបាល់ទាត់បានផ្តល់អត្ថប្រយោជន៍ដល់រូបគេច្រើនទាំងសុខភាព កេរ្តិ៍័ឈ្មោះ និងជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។
រហូតដល់ពេលនេះ ជា សំណាង បានឈ្នះពានរង្វាន់ធំជាមួយព្រះខ័នរាជស្វាយរៀងចំនួន៦គឺ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៤ដង និងជម្រើសជើងឯកលីគ២ដង៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច