Connect with us

ព័ត៌មានជាតិ

កម្ពុជា ​ពង្រឹង​សមត្ថភាព​កីឡា ការ៉ាតេ​ ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣១

បានផុស

នៅ

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេ​ខាធិការខេមរៈ​សហ​ព័ន្ធ​កីឡា​ការ៉ាតេដូកម្ពុជា បានឱ្យដឹងថា កម្ពុជា មានគ្រូបរទេស ជួយ​ហ្វឹកហ្វឺន​ដល់​កីឡា ការ៉ាតេកម្ពុជា ដើម្បី​ត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ ។

​អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងអំពីការ៉ាតេកម្ពុជា នៅ​ក្នុងការចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមឆ្នាំ២០២១ ខាងមុខនេះថា បើតាម​ការពិនិត្យមើលនៅក្នុងសកម្មភាពបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ ការ៉ាតេ​កម្ពុជា បច្ចុប្បន្ន​ គឺពិបាក​រកមេដាយបានណាស់ ​ក្នុងការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម​។ លោកថា វាអាចនឹងរកមេដាយ​បាន​ត្រឹមសំរិទ្ធ តែបើ​សម្លឹង​ទៅរកមេដាយមាស គឺមិនអាចទៅរួចនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន បានបន្តទៀតថា ទោះជាយ៉ាងណា ការ៉ាតេ កម្ពុជា សព្វថ្ងៃ​ គឺមានគ្រូជំនាញ​​​​ជនជាតិអ៊ីរ៉ង់ ដែលមានខ្សែក្រវាត់ខ្មៅរហូតដល់៨ដាន់ ​កំពុ​ង​តាមដាន និងសង្កេតមើលនូវសមត្ថភាព បច្ចេកទេស ក៏ដូច​ជាធនធានកីឡាករ កីឡាការិនីកម្ពុជា​ ដើម្បីដុះខាត់ កែលំអ និង​បង្ហាត់​បង្ហាញ​រក​វិធីសាស្ត្រ ធ្វើឱ្យកីឡាករ​ មានការ​រីកចម្រើន​ផ្នែក​បច្ចេកទេស ក៏ដូចជាសមត្ថភាព ដើម្បីឈានទៅដណ្ដើមយកមេដាយនៅលើឆា​ក​អន្តរជាតិ ។

​លោក​អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​ការ៉ាតេដូ​កម្ពុជា បាន​មាន​ប្រសាសន៍​ទៀត​ថា ​​ កីឡាករ​ឆ្នើម​ ហើយ​មាន​សមត្ថភាព​បច្ចេកទេស​ខ្លាំង​ គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ គឺ​ផ្ដើម​ចេញ​ពី​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ដែលកីឡាករជាប់ចំណាត់ថ្នាក់ជើងឯក អាចនឹងត្រូវបានជ្រើសរើស​ចូលនៅក្នុង​ក្រុម​ជម្រើស​ជាតិ។

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា កម្រិត​សមត្ថភាព​បច្ចេកទេស​លើ​វិស័យកីឡាការ៉ាតេកម្ពុជា បើប្រៀបធៀបទៅនឹង​បណ្ដា​ប្រទេសទាំងអស់នៅក្នុងតំបន់(អាស៊ាន) គឺ​ស្ថិតនៅក្រោ​មគេ​បង្អស់​៕

អត្ថបទ ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម