កីឡា
ជើងខ្លាំងគុនខ្មែរ៣រូបនេះនឹងជោគជ័យលើឆាកអន្តរជាតិ
នៅពេលអ្នកប្រដាល់គុនខ្មែររៀមច្បងដូចជាស្ងប់ស្ងាត់ពីសង្វៀន អ្នកប្រដាល់ស្រករក្រោយមួយចំនួនបានកំពុងលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

មែនទែនទៅ មានកីឡាករប្រដាល់ស្រករក្រោយច្រើនរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ប៉ុន្តែនៅពេលនេះសូមបង្ហាញអ្នកលេងគុនខ្មែរវ័យក្មេង៣រូបដែលនឹងទទួលបានជោគជ័យ ប្រសិនបើពួកគេទទួលបានឱកាសចេញទៅប្រកួតក្រៅប្រទេសញឹកញាប់។
ធន់ ផានិត
កូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះលេចធ្លោខ្លាំងក្នុងអន្តរកាលកូវីដ-១៩ បន្ទាប់ពីត្រូវបានបើកដំណើរការឡើងវិញ។ រូបគេមានអាយុ១៨ឆ្នាំ កម្ពស់១៧០សង់ទីម៉ែត្រ និងទម្ងន់៦០គីឡូក្រាម។ ស្រុកកំណើតនៅភូមិប្រទាល់ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។ រូបគេធ្លាប់ប្រកួត៥៧ដង ឈ្នះ៤៤ដង ចាញ់៩ និងស្មើ៤ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២៥ដង។

ធន់ ផានិត មានកាយសម្បទាល្អ និងអាវុធចេញចម្រុះបានទាំងព្រមគឺទាត់ កែង ជង្គង់ និងកណ្តាប់ដៃ។ អាវុធពិសេសរបស់កីឡាកររូបនេះគឺទាត់បានល្អឥតខ្ចោះទាំងជើងឆ្វេង និងជើងស្តាំ ព្រមទាំងមានកម្លាំងស៊ុហ្វល្អ។
ពេជ្រ សម្បត្តិ
កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ រូបនេះទើបប្រឡូកក្នុងសង្វៀនគុនខ្មែរពីរឆ្នាំចុងក្រោយនេះទេ ប៉ុន្តែកេរ្តិ៍ឈ្មោះល្បីមិនចាញ់រៀមច្បង កែវ រំចង់ ឡើយ។ ពេជ្រ សម្បត្តិ មានអាយុ១៩ឆ្នាំ កម្ពស់១៦៥សង់ទីម៉ែត្រ និងទម្ងន់៦០គីឡូក្រាម។ ស្រុកកំណើតនៅភូមិកណ្តាល ឃុំពោធិ៍អង្ក្រង ស្រុកបសេធ ខេត្តកំពង់ស្ពឺ។ រូបគេធ្លាប់ប្រកួត៤១ដង ឈ្នះ៣១ដង ចាញ់៧ និងស្មើ៤ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២២ដង។

ពេជ្រ សម្បត្តិ មានកាយសម្បទាមាំមួនល្អ ប៉ុន្តែកម្ពស់ទាបបន្តិច។ រូបគេមានអាវុធធ្ងន់ និងចេញអាវុធលឿន។ អាវុធពិឃាតរបស់កីឡាកររូបនេះគឺកណ្តាប់ដៃទាំងឆ្វេង និងស្តាំ។
អេ អាំម៉ារីនភូថង
អេ អាំម៉ារីនភូថង ដែលមានលោកឪពុកជាគ្រូបង្វឹកផ្ទាល់ លេចធ្លោខ្លាំងក្នុងសង្វៀនគុនខ្មែរមួយរយៈពេលចុងក្រោយនេះ ដោយសារកម្ពស់ធ្វើឲ្យរូបគេពិបាករកដៃគូប្រកួតក្នុងស្រុក។ រូបគេទើបមានអាយុ១៨ឆ្នាំ កម្ពស់១៨២សង់ទីម៉ែត្រ និងទម្ងន់៦០គីឡូក្រាម ស្រុកកំណើតនៅ ខេត្តកោះកុង។ រូបគេធ្លាប់ប្រកួតប្រហែល៤០ដង ឈ្នះជាង៣០ដង ចាញ់៣ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ជិត២០ដង។

អេ អាំម៉ារីនភូថង មានកាយសម្បទាអំណោយផលឥតខ្ចោះ គោលជំហររឹងមាំ និងចេញអាវុធច្បាស់។ រូបគេអាចចេញអាវុធល្អទាំងព្រមទាំងគឺទាត់ ជង្គង់ កណ្តាប់ដៃ និងកែង។ អាវុធពិសេសរបស់កីឡាកររូបនេះគឺជង្គង់ និងទាត់ដែលដៃគូតែងតែបរាជ័យ។
អ្នកគាំទ្រក៏ដូចជាអ្នកតាមដានវិស័យប្រដាល់គុនខ្មែរមើលឃើញថា កីឡាករ៣រូបខាងលើនឹងលេចធ្លោលើឆាកអន្តរជាតិ ហើយប្រសិនបើរូបគេទទួលបានឱកាសចេញប្រកួតសង្វៀនធំៗក្រៅប្រទេសញឹកញាប់នោះ ពួកគេនឹងល្បីល្បាញលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ