កីឡា
CAMSOC ចង់ឃើញសហព័ន្ធកីឡាមួយចំនួន មិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិសោះ ត្រូវត្រៀមខ្លួនឡើងវិញ
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន បានរកដំណោះស្រាយដល់សហព័ន្ធកីឡាជាតិមួយចំនួន ដែលមានឈ្មោះប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យត្រៀមខ្លួនរៀនធ្វើជាម្ចាស់ផ្ទះ ការប្រកួតកម្រិតអន្តរជាតិ ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេកទេស។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីបច្ចេកទេស ៣ ៩សហព័ន្ធកីឡាជាតិ ដែលត្រៀមសម្រាប់គោលដៅស៊ីហ្គេម លើកទី ៣២ ឆ្នាំ២ ០២៣ រួមជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរង CAMSOC ទទួលបន្ទុកផ្នែកបច្ចេកទេស នៅល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា នេះជាការត្រួតពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិទាំងអស់ ហើយបានឯកភាពគ្នាផ្ទៃក្នុងផ្នែកលើយុទ្ធសាស្ត្របច្ចេកទេសនៃការរៀបចំរបស់ប្រភេទកីឡាជំនាញនីមួយៗ។

ឯកឧត្តមប្រធានអង្គប្រជុំបានលើកបង្ហាញពីភាពខុសៗគ្នានៃឧត្តមភាព ទាំងការគ្រប់គ្រង និងការដឹកនាំ។ ក្នុងនោះមានសហព័ន្ធមួយចំនួនធ្លាប់បានធ្វើម្ចាស់ផ្ទះខ្នាតអន្តរជាតិរួចហើយដោយសហព័ន្ធទាំងនោះមានភាពរឹងមាំក្នុងការរៀបចំការងារបច្ចេកទេសអស់ហើយដែរ។ សហព័ន្ធកីឡាជាតិទាំងនោះ មានដូចជា ការ៉ាតេ វ៉ូវីណាម តេក្វាន់ដូ WT តេក្វាន់ដូ ITF បាល់ទាត់ និងប៉េតង់ធ្លាប់ធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ជាដើមនោះមិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារសហព័ន្ធជំនាញទាំងនោះធ្លាប់មានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិ។ ជាបញ្ហា គឺសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតអន្តរជាតិក្នុងកីឡាជំនាញរបស់ខ្លួនទាល់តែសោះ ដែលទាំងនេះគឺជាក្តីបារម្ភ។ ទាក់ទងនឹងដំណោះស្រាយ គឺក្រុមការងារបានផ្តល់ឲ្យសហព័ន្ធមិនធ្លាប់រៀបចំសោះ ត្រូវរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតតេស្តកម្រិតអន្តរជាតិ ហើយចាំបាច់បំផុត គឺត្រូវធ្វើការងារឲ្យបានជិតស្និទ្ធឲ្យបានលឿនជាមួយប្រធានបច្ចេកទេសកីឡារៀងៗខ្លួន ដើម្បីឲ្យមានភាពកក់ក្តៅក្នុងការរៀបចំបច្ចេកទេស។
ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា ៖«ខ្ញុំបានជំរុញឲ្យសហព័ន្ធកីឡាជាតិ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះសោះ ត្រូវរៀបចំការប្រកួតត្រៀម ឬប្រកួតមិត្តភាព ដើម្បីឲ្យដឹងច្បាស់ពីរបៀបរបប ទីលានប្រកួត សម្ភារបច្ចេកទេសនៃការរៀបចំ ដើម្បីឲ្យដឹងថា ខ្លួនឯងខ្វះខាតចំណុចណាខ្លះ ហើយត្រៀមខ្លួនរៀបចំការប្រកួតផ្លូវការ នៃស៊ីហ្គេម ២០២៣ បានដែរឬទេ»។
សង្កត់ធ្ងន់ចុងក្រោយ ឯកឧត្តម វ៉ាត់ ចំរើន បានផ្តល់នូវគន្លឹះសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាប្រឈមលើការរៀបចំនេះ ដោយផែនការយុទ្ធសាស្ត្ររបស់ CAMSOC មានផែនការ A និងផែនការ B។ ផែនការ A គឺពឹងផ្អែកទៅលើកម្លាំងពិត ធនធានពិតរបស់សហព័ន្ធកីឡាជាតិ ស្របពេល ផែនការ B បើមិនមានធនធានគ្រប់គ្រាន់ គឺអញ្ជើញអ្នកជំនាញបច្ចេកទេសមកពីអន្តរជាតិមកជួយដល់ការរៀបចំ។ «ចំពោះពេលវេលាដែលនៅសល់ ប្រមាណ ៨ខែ មុនពេលស៊ីហ្គេម ២០២៣ ចូលមកដល់ គឺមិនយឺតទេ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ពោលគឺ៨ខែនេះ ជារយៈពេលនៅសមរម្យនៅឡើយ សម្រាប់ការរៀបចំ។ ៨ខែនេះ គឺយឺតតែទៅលើការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងការប្រកួតប្រជែងមេដាយប៉ុណ្ណោះ ប៉ុន្តែរយៈពេលនេះនៃការរៀបចំមិនយឺតទេ»៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច