កីឡា
មកដឹងលម្អិត អំពីកីឡដ្ឋានខេត្តកំពង់ស្ពឺ ចំណាយថវិកាសាងសង់ជិត ៣ លានដុល្លារ សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ
ដូចការគម្រោងទុក កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាសាងសង់ជិត ៣ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា។

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កីឡដ្ឋានត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កីឡដា្ឋននេះ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២នេះ។ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជា ២ ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរ នៃកីឡដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន ជាដើម។

ចំពោះកិច្ចការសាងសង់ហេដ្ឋារចនាក្នុងកីឡដ្ឋាន ដែលសម្រេចបាន រួមមាន៖
១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ
២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០ កម្ពស់ ៣ ជាន់ ដែលជាន់ផ្ទាលដីចែកចេញជា ២៥ បន្ទប់ ជាន់ទី ១ (ជាន់ VIP) ចែកជា ៨ បន្ទប់ និងជាន់ទី ២ ចែកចេញជា ២បន្ទប់ (សម្រាប់អ្នកអធិប្បាយការផ្សាយផ្ទាល់ និងបន្ទប់ការិយាល័យ)។
៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និងទទឹង ៧៣ម៉ែត្រ ក្រាលស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ន្ធជុំវិញតារាង។
៤. ទីលានរត់ប្រណាំង បានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ ដែលមានទទឹង ៩,៤៧ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ។
៥. ភ្លើងបំភ្លឺទីលានបាល់ទាត់ ចំនួន ៤ដើម ដែលមានកម្ពស់ ៤០,២០ម៉ែត្រ និងអំពូលភ្លើងចំនួន ៤២គ្រាប់ កម្រិតពន្លឺ ១.២០០ lumen និងអំពូលសឡាបំភ្លឺជុំវិញបរិវេណកីឡដ្ឋាន ចំនួន ២០០ដើម។
៦. សួនកុមារ និងកន្លែងហាត់ប្រាណសម្រាប់សាធារណជន ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿង។
៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ និងរូបសំណាកសម្ដេចសង្ឃរាងជួន ណាត
៨. ហេដ្ឋារចនាសម័ន្ធក្រៅរបងកីឡដ្ឋាន រួមមានការរៀបចំតទឹក ភ្លើង និងរៀបចំប្រព័ន្ធលូរំដោះទឹកពីក្នុងកីឡដ្ឋាន ព្រមទាំងចាក់ផ្លូវបេតុង និងដាំដើមឈើលម្អ ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ត្រូវបាន ជួយសម្របសម្រួលដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។

សូមជម្រាបថា សមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងគិត្យានុភាពរបស់ខេត្តផង និងក្នុងគោលបំណងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឲ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ខាងមុខនេះផងដែរ។

ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួន សម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារ បានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ជាពិសេសគឺការងារកៀរគរសប្បុរសជន ឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា ដើម្បីដំណើរការគម្រោង។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ក៏នឹងក្លាយជាទីលានគោលសម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏អ្វេសស៊ី ដោយក្រុមបាល់ទាត់អាជីពនេះ នឹងយកទីលានកីឡដ្ឋានខេត្តកំពង់ស្ពឺ សម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះ ក្នុងជំនួបជាមួយក្រុមបាល់ទាត់នានា។ លើសពីនេះផងដែរក្រុមបាល់ទាត់នេះ នឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ-កីឡាការីនីបាល់ទាត់ខេត្តកំពង់ស្ពឺ ដោយគ្រូបង្ចឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពផងដែរ។ កីឡដ្ឋាននេះ នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលកីឡាករ-កីឡាការីនីក្នុងខេត្តកំពង់ស្ពឺ ឲ្យកាន់តែមានសក្ដានុពល និងដើម្បីប្អូនៗកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺ អាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ