កីឡា
U-23 កម្ពុជា ប្រកួតជាមួយ U-23 ជប៉ុន មានសារៈសំខាន់លើសពីការប្រកួតមិត្តភាពកម្ដៅសាច់ដុំ
ក្រុម U-23 កម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុម U-23 ជប៉ុន ដែលនេះជាការត្រៀមដ៏សំខាន់មួយដើម្បីដកស្រង់បទពិសោធន៍ ខណៈក្រៅតែពីជាគោលដៅត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយលើសពីនេះទៅទៀត ក៏ជាការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពកម្លាំង ដែលជាផ្នែកមួយនៃបញ្ហា នៅក្នុងការប្រកួត។ នេះបើតាមសម្ដីរបស់ លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជា U-23 កម្ពុជា។
លោក ភា សុភ័ក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា «ដូចអ្វីដែលយើងរៀបចំ គឺក្រៅតែពីផែនការត្រៀមសម្រាប់ស៊ីហ្គេម នៅក្នុងឱកាសនៃការលេងមិត្តភាពនេះ យើងបានកោះហៅកីឡាករដ៏ច្រើន ខុសពីសព្វមួយដង ពីព្រោះជាហេតុផល នៅពេលយើងមើលទៅលើកម្រិតរបស់ពួកគាត់ដែលមានគុណភាពផ្សេងៗគ្នា គុណភាពប្រហាក់ប្រហែលគ្នា មានអ្នកខ្លះមានគុណភាពខ្ពស់ ប៉ុន្តែអ្វីដែលយើងចង់បានកាន់តែខ្លាំងគឺការប្រើប្រាស់កម្លាំង»។

«ការប្រើប្រាស់កម្លាំងនេះ គឺដើម្បីផ្សារភ្ជាប់ជាមួយនឹងតាក់ទិចនៃការលេងតម្រូវការខ្ពស់ផ្នែកកម្លាំងនៃការប្រយុទ្ធ បង្កើនចលនានៃការគាំទ្រ និងការប្រយុទ្ធ ក៏ដូចជារក្សាកម្លាំងឱ្យមានថេរវេលាគ្រប់គ្រាន់ដែលយើងតែងតែឃើញមកហើយថា កន្លងមកកីឡាករយើងភាគច្រើនគឺតែងតែធ្លាក់ចុះកម្លាំងក្រោយពីការរត់អស់។ អ៊ីចឹងវាជាហេតុលផលមួយនៅក្នុងន័យដើម្បីពួកគាត់បានដឹងផងដែរពាក់ព័ន្ធនឹងការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពកម្លាំង»។ អតីតគ្រូបង្វឹករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ថែម។
ជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍កម្លាំង ក្រុមការងារជម្រើសជាតិ ដែលដឹកនាំដោយ លោក Keisuke Honda បានដាក់លក្ខខណ្ឌតម្រូវឱ្យកីឡាករដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិមិនថាក្រុមធំ ឬក្រុមអាយុក្រោម ២៣ឆ្នាំ (ដែលជាក្រុមត្រៀមស៊ីហ្គេម) ត្រូវធ្វើតេស្តកម្លាំងអំណត់ (30-15IFT) ចាប់ពី ២០.៥គីឡូម៉ែត្រ/ម៉ោងឡើងទៅ។ ខណៈការកោះហៅកីឡាករច្រើនដល់ទៅ ៣៥នាក់ គឺដើម្បីយ៉ាងហោចណាស់កីឡាករទទួលបានបទពិសោធន៍ពីការធ្វើតេស្តកម្លាំងអំណត់ដ៏សំខាន់នេះ។
គ្រូជំនួយវ័យ ៤០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា «មួយវិញទៀតសោត ក៏ដូចជាការជំរុញទឹកចិត្ត ឬក៏លើកទឹកចិត្តទៅដល់ពួកគាត់ដែលបានប្រឹងប្រែងបង្ហាញការប្រកួតកម្រិតខ្ពស់នៅលើទីលានសម្រាប់ក្លិបរៀងៗខ្លួន ក៏ដូចជាការសាបព្រួសដំណាក់កាលដំបូងអំពីរបៀបនៃការរត់ (30-15IFT) ហើយនៅពេលដែលគាត់គិតថាពេលដែលគាត់បានចូលរួមគាត់ទទួលបានបទពិសោធន៍ ឬក៏ដឹងថាខ្លួនឯងនៅខ្វះខាតបញ្ហាកម្លាំងនេះ ដើម្បីឲ្យគាត់ប្រឹងប្រែងជំរុញទឹកចិត្តខ្លួនឯងក្នុងការអភិវឌ្ឍន៍សមត្ថភាពកម្លាំង ដើម្បីឲ្យមានឱកាសមកចូលរួមលើកក្រោយទៀត»។
បញ្ជាក់ថា ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧យប់ នាពហុកីឡដ្ឋានជាតិមរតកតេជោ ហើយការប្រកួតមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច