កីឡា
ព្រះអង្គម្ចាស់ Abdulaziz bin នឹងរៀបចំអ្នកស្ម័គ្រចិត្តមកជួយស៊ីហ្គេមកម្ពុជា
ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកអារ៉ាប៊ីសាអ៊ូឌីត ប្រាប់សមភាគីកម្ពុជាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីការរៀបចំអ្នកស្ម័គ្រចិត្តមកជួយកម្ពុជាសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។

ការថ្លែងបែបនេះនៅពេលជំនួបពិភាក្សា និងសម្តែងការគួរសមរវាងរដ្ឋមន្ត្រីទាំងពីរនារសៀលថ្ងៃទី៤ ខែតុលា នៅសណ្ឋាគារសុខារ៉េស៊ីដង់ ដែលជាជំនួបក្រៅរបៀបវារៈនៃមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលប្រារព្ធនៅរាជធានីភ្នំពេញពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០២៣។
ក្រោយពេលជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន និងព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានប្រាប់ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាន និងកំពុងរៀបចំការប្រកួតកីឡាអន្តរជាតិធំៗជាច្រើន ដូចជា Asian Winter និង Asian Indoor Martial Art Games ជាដើម។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា ៖«នៅពេលជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានរំលេចឡើងនូវការជួយគ្នាទៅវិញទៅមកផ្នែកវិស័យកីឡា។ ស្ថិតក្នុងវិស័យកីឡានេះ ឯកឧត្តមមានប្រសាសន៍ហើយថា យើងនឹងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក។ ជាពិសេសផ្លាស់ប្តូរក្នុងកម្រិតរដ្ឋបាលកីឡា នៅក្នុងរបត់នៃប្រតិភូជំនាញបច្ចេកទេស។ ពេលនេះយើងឃើញថា មានឯកភាពគ្នាមួយគឺពេល ស៊ីហ្គេម នៅកម្ពុជា អារ៉ាប៊ីសាអ៊ូឌីតនឹងរៀបចំអ្នកស្ម័គ្រចិត្តមកជួយការងារយើង ហើយក៏មកជួយបណ្តុះបណ្តាល ក៏ដូចជាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក»។
ទន្ទឹមជាមួយគ្នា ឯកឧត្តម ថោង ខុន ក៏បានអញ្ជើញព្រះអង្គម្ចាស់រដ្ឋមន្ត្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកអារ៉ាប៊ីសាអ៊ូឌីតមកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា។ ចំណែកព្រះអង្គម្ចាស់ផ្ទះក៏បានអញ្ជើញឯកឧត្តម ថោង ខុន ដើម្បីពិភាក្សាគ្នាក្នុងគោលបំណងចុះអនុស្សរណៈនៃការយោគយល់គ្នា នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ ក្រោយពេលស៊ីហ្គេម អត្តពលិកជម្រើសជាតិកម្ពុជាក៏គ្រោងនឹងចូលរួមប្រកួតកីឡាទ្វីបអាស៊ីនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតដែរ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud ស្ថិតក្នុងចំណោមប្រតិភូកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោកក្នុងការចូលរួម មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅកម្ពុជាពីថ្ងៃទី១ដល់ទី៥ ខែតុលានៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់