កីឡា
សហព័ន្ធកីឡារាំកម្ពុជា សហការជាមួយសាលារបាំកំពូលរបស់ជប៉ុន ផ្តល់គ្រូបង្វឹកកម្រិតខ្ពស់ ផ្នែក Breakdance
សហព័ន្ធកីឡារាំកម្ពុជា បានយល់ព្រមធ្វើការជាមួយសាលារបាំកំពូលរបស់ប្រទេសជប៉ុន ដើម្បីឈ្នះមេដាយសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ សមាគមកីឡារាំកម្ពុជា នឹងទទួលយកគ្រូបង្វឹកជនជាតិជប៉ុនម្នាក់ ដើម្បីកែលម្អកម្រិត នៃការប្រកួតក្បាច់រាំ (Breakdance)។
ទោះបីជាមិនទាន់ត្រូវបានប្រកាសជាផ្លូវការថាជាវិញ្ញាសាសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែនៅក្នុងដំណើរការ នៃការឈានដល់កិច្ចព្រមព្រៀងនេះ សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសថា ការប្រកួត Breakdance ស្ទើរតែប្រាកដថាជាវិញ្ញាសាមួយដែលភាគីជប៉ុនបានឆ្លើយតបដោយការរំពឹងទុកខ្ពស់ នៃការឈ្នះមេដាយមួយគ្រឿង។
D.O.D. ជាសាលារបាំជប៉ុន ដែលបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយសហព័ន្ធកីឡារាំកម្ពុជា ដំណើរការសាលារបាំជាង ៥០ នៅប្រទេសជប៉ុន ហើយត្រូវបានគេស្គាល់ថាជាសាលារបាំកំពូលក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្តីសង្ឃឹមក្នុងកីឡាអូឡាំពិក ក្នុងការរាំវិញ្ញាសា breakdance ជាពិសេស។
នាយកគ្រប់គ្រង D.O.D. លោក Gen Iwahana ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានោះ បាននិងកំពុងត្រួតពិនិត្យបរិយាកាសកីឡារាំនៅកម្ពុជា ហើយកាលពីខែកញ្ញា លោកបានរៀបចំកម្មវិធីផ្លាស់ប្ដូរមួយជាមួយនឹងសាលាមត្តេយ្យតាមរយៈការរាំ។ តាមរយៈសកម្មភាពទាំងនេះ លោកបានទទួលស្គាល់យ៉ាងមុតមាំនូវសក្ដានុពល នៃកីឡារាំក្នុងអនាគតរបស់ប្រទេសកម្ពុជា ទាំងផ្នែកប្រកួតប្រជែង និងពាណិជ្ជកម្ម ហើយនាំឲ្យមានកិច្ចព្រមព្រៀងនេះ។
កាលពីខែមីនាឆ្នាំនេះ នៅពេលដែលនាយករដ្ឋមន្ត្រី Fumio Kishida មកបំពេញទស្សនកិច្ចនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមជាមួយរដ្ឋាភិបាលកម្ពុជា ដែលរួមមានការប្ដេជ្ញាចិត្តពីវិស័យសាធារណៈ និងឯកជន ក្នុងការរួមចំណែកដល់ភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេម ២០២៣។ គឺស្របនឹងសេចក្ដីថ្លែងការណ៍នោះថា ៖ “ការវិនិយោគដោយ D.O.D. នឹងធ្វើឲ្យប្រសើរឡើងនូវកម្រិត នៃការប្រកួតប្រជែងក្នុងគោលបំណងដើម្បីឈ្នះមេដាយនៅស៊ីហ្គេម ២០២៣ ហើយនឹងកសាងតម្លៃវប្បធម៌ នៃកីឡារាំនៅកម្ពុជា នាពេលអនាគតផងដែរ ខណៈកម្ពុជាបាននិងកំពុងបន្តអភិវឌ្ឍន៍។ ” លោក Takuma Koichi ប្រធានសមាគមជប៉ុនបានពន្យល់។
សហព័ន្ធកីឡារាំកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសអត្តពលិកសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា (NTSC) រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែតុលា វេលាម៉ោង ១៤ និង ០០ នាទី។ គណៈកម្មាធិការជ្រើសរើសរួមមានសមាជិក នៃក្រុមរាំកម្សាន្តដ៏ល្បីល្បាញលើពិភពលោក (Mortal Kombat) ដែលនឹងធ្វើការសម្ដែងក្បាច់រាំ Breakdance នៅមហោស្រពគីហ្សូណា ដែលរៀបចំដោយស្ថានទូតជប៉ុន។ អ្នករាំដែលត្រូវបានជ្រើសរើសនឹងទៅបោះជំរំហ្វឹកហាត់ក្នុងប្រទេសជប៉ុន ដែលពួកគេនឹងទទួលបានការណែនាំដោយផ្ទាល់ពីអ្នករាំកំពូលៗរបស់ប្រទេសជប៉ុន រួមទាំង Mortal Kombat ខណៈដែលពួកគេមានបំណងចង់ឈ្នះមេដាយ។ នៅពេលអនាគត D.O.D. ក៏មានគម្រោងបើកស្ទូឌីយោរាំក្នុងប្រទេសកម្ពុជា ជាមួយនឹងការបណ្ដុះបណ្ដាលកម្រិតដូចនៅប្រទេសជប៉ុន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌របាំរបស់កម្ពុជា ក៏ដូចជាផ្តល់ការអប់រំដល់កុមារដោយរួមបញ្ចូលគ្នានូវសៀវភៅរូបភាព និងរបាំ។
Breakdance ត្រូវបានជ្រើសរើសជាវិញ្ញាសាផ្លូវការសម្រាប់អូឡាំពិក ទីក្រុងប៉ារីស ដែលនឹងប្រារព្ធឡើងនៅឆ្នាំ ២០២៤ និង D.O.D. បានដាក់គោលដៅឲ្យអ្នករាំកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ក្រោយស៊ីហ្គេមឆ្នាំ ២០២៣ ហើយនឹងបន្តបណ្ដុះបណ្ដាលអ្នករាំកម្ពុជា ក្រោយស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ