កីឡា
តើមានអ្វីដែលថ្មីខ្លះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះ?
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក (FIFA World Cup 2022) របស់បុរស ជិតមកដល់ហើយ ដោយការចាប់ផ្ដើមក្នុងការប្រកួតបើកឆាក នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែវិច្ឆិកា ដែលវាមានរយៈពេលជិត ១២ ឆ្នាំ ចាប់តាំងពីថ្ងៃដែលកាតា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះ។

ព្រឹត្តិការណ៍នេះ នឹងមានក្រុមចំនួន ៣២ និងទាក់ទាញអ្នកទស្សនាជាង ១.២ លាននាក់ ទៅកាន់ប្រទេសកាតា ដែលនឹងក្លាយជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ា ធ្វើជាម្ចាស់ផ្ទះការប្រកួតដ៏ធំបំផុតរបស់កីឡាបាល់ទាត់។

នេះជាបញ្ជីខ្លះៗ ដែលលោកអ្នកនឹងមើលឃើញថ្មីនៅ World Cup ឆ្នាំនេះ ៖
– បច្ចេកវិទ្យា offside ពាក់កណ្ដាលស្វ័យប្រវត្តិ ៖
កាលពីខែកក្កដា ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានប្រកាសពីការប្រើប្រាស់ប្រព័ន្ធ offside ពាក់កណ្ដាលស្វ័យប្រវត្តិនៅ World Cup ដើម្បីសម្រេចបានលឿន និងត្រឹមត្រូវ។
បច្ចេកវិទ្យានេះប្រើប្រាស់ Sensor នៅក្នុងបាល់ និងប្រព័ន្ធកាមេរ៉ាតាមដានអវយវៈ ដើម្បីតាមដានចលនារបស់កីឡាករ។ ដើម្បីជួយអ្នកគាំទ្រ និងអ្នកទស្សនានៅផ្ទះយល់ពីការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ទិន្នន័យនឹងត្រូវបានប្រើដើម្បីបញ្ចាំងរូបភាព 3D នៅលើអេក្រង់កីឡដ្ឋាន។
– ការផ្លាស់ប្ដូរកីឡាករ ៖
ក្រុម នឹងត្រូវបានអនុញ្ញាតឲ្យផ្លាស់ប្ដូរកីឡាករចំនួន ៥ នាក់ ក្នុងការប្រកួតនីមួយៗ ផ្ទុយពីចំនួន ៣ នាក់ ពីការប្រកួត World Cup មុន នៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨។
បទប្បញ្ញត្តិនេះ ត្រូវបានណែនាំដោយស្ថាប័នកំណត់ច្បាប់របស់កីឡាបាល់ទាត់គឺក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) នៅឆ្នាំ ២០២០ បន្ទាប់ពីអ្វីដែលខ្លួនបាននិយាយថា ជា”ការវិភាគជាសកល នៃផលប៉ះពាល់ដែលកំពុងបន្ត នៃកូវីដ-១៩ លើកីឡាបាល់ទាត់ ក៏ដូចជាតំណាងមកពីភាគីពាក់ព័ន្ធសំខាន់ៗជាច្រើនមកពីទូទាំងសហគមន៍កីឡាបាល់ទាត់”។
ប្រសិនបើការប្រកួតឈានចូលដល់ម៉ោងបន្ថែម ការផ្លាស់ប្ដូរ ១ នាក់ទៀត ក៏នឹងត្រូវបានអនុញ្ញាតដែរ។
– ការប្រកួតនៅខែវិច្ឆិកា ៖
ខុសពីការប្រកួតមុនៗ World Cup នៅកាតា ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងអំឡុងខែវិច្ឆិកា និងខែធ្នូ។
កាលពីមុន ការប្រកួតបាល់ទាត់ពិភពលោក តែងតែធ្វើឡើងក្នុងអំឡុងរដូវក្ដៅ នៃអឌ្ឍគោលខាងជើង ជាញឹកញាប់នៅក្នុងខែមិថុនា និងកក្កដា។ ការផ្លាស់ប្ដូរនេះ ត្រូវបានធ្វើឡើងដើម្បីជៀសវាងសីតុណ្ហភាពក្ដៅខ្ពស់នៅក្នុងប្រទេសកាតា ដែលអាចឡើងដល់ ៥០ អង្សាសេ ក្នុងអំឡុងពេលនោះ។
ក្នុងអំឡុងពេល នៃការប្រកួត សីតុណ្ហភាព ត្រូវបានព្យាករណ៍ថា នឹងមានចាប់ពី ១៤ អង្សាសេ ដល់ ៣១ អង្សាសេ។
– បញ្ជីឈ្មោះកីឡាករក្នុងក្រុមនីមួយៗ ត្រូវបានបង្កើន ៖
នៅក្នុងខែវិច្ឆិកា ប្រទេសដែលចូលរួម នឹងដាក់ឈ្មោះក្រុមដែលមានកីឡាករអតិបរមាចំនួន ២៦ នាក់ ដែលមានន័យថាបន្ថែមចំនួន ៣ នាក់ ច្រើនជាងអ្វីដែលបានអនុញ្ញាតនៅ World Cup នៅប្រទេសរុស្ស៊ី។
យោងតាម FIFA ការផ្លាស់ប្ដូរនេះ ត្រូវបានធ្វើឡើងដោយសារតែ “ពេលវេលាពិសេស” នៃការប្រកួតដែលត្រូវបានធ្វើឡើងនៅក្នុងខែវិច្ឆិកា និងការរំខានដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩។
បញ្ជីឈ្មោះក្រុមបឋម នៃ World Cup ក៏ត្រូវបានពង្រីកពីកីឡាករអតិបរមា ៣៥ នាក់ ដល់ ៥៥ នាក់ ផងដែរ។
– អាជ្ញាកណ្ដាលជាស្ត្រី ៖

ជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកបុរស ស្ត្រី ៣ នាក់ ត្រូវបានបញ្ចូលក្នុងចំណោមអាជ្ញាកណ្ដាល ៣៦ នាក់ ដែលត្រូវបានជ្រើសរើសសម្រាប់កាតា ឆ្នាំ ២០២២។
លោកស្រី Stephanie Frappart របស់បារាំង, Yoshimi Yamashita របស់ជប៉ុន និង Salima Mukansanga របស់រ៉វាន់ដា ធ្លាប់បានចូលរួមក្នុងការប្រកួតបុរស រួមទាំង UEFA Super Cup និង Africa Cup of Nations។
ចូលរួមជាមួយពួកគេនឹងក្លាយជាស្ត្រី ៣ នាក់ផ្សេងទៀត ដែលនឹងបម្រើក្នុងចំណោមជំនួយការអាជ្ញាកណ្ដាល ចំនួន ៦៩ នាក់។
– ការប្រកួតបាល់ទាត់ពិភពលោក “កាន់តែកៀកគ្នា” បំផុត ៖
ជាមួយនឹងផ្ទៃដីតិចជាង ១១,៥០០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រហែល ២.៩ លាននាក់ កាតា នឹងក្លាយជាប្រទេសតូចបំផុតដែលមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់របស់ FIFA។
កីឡដ្ឋានទាំង ៨ មានទីតាំងនៅក្នុងរង្វង់ ៥០ គីឡូម៉ែត្រ នៃរដ្ឋធានីដូហា។ ក្នុងអំឡុងពេលវគ្គចែកពូល ក្នុងថ្ងៃប្រកួតភាគច្រើន នឹងមានការប្រកួតរហូតដល់ ៤ ប្រកួត។
ខណៈពេលដែលប្រទេសកាតា និង FIFA និយាយថា លក្ខណៈ “បង្រួម” នៃការប្រកួតនឹងអនុញ្ញាតឲ្យមនុស្សទស្សនាការប្រកួតច្រើនដងក្នុងមួយថ្ងៃ អ្នករិះគន់បានអះអាងថា លំហូរចូល នៃមនុស្សជាង ១.២ លាននាក់ អាចនាំឲ្យមានការកកស្ទះដ៏ធំនៅតាមដងផ្លូវ ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់មនុស្សក្នុងការផ្លាស់ទីជុំវិញប្រទេស។

យ៉ាងណាមិញ សាលារៀននៅក្នុងប្រទេសកាតា នឹងនៅតែបិទក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក ខណៈដែលម៉ោងធ្វើការក្នុងការិយាល័យត្រូវបានកាត់បន្ថយ៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៩ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង