កីឡា
អ្វីជាកត្តារារាំងដល់សហព័ន្ធគុនខ្មែរ និង ធឿន ធារ៉ា មិនឯកភាពគ្នា?
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងគុនខ្មែរផ្ទុះការចាប់អារម្មណ៍ខ្លាំងរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយកីឡាករ ធឿន ធារ៉ា ជុំវិញការមិនអើពើចំពោះកីឡាករកម្ពុជារូបនេះដែលបានប្រកួតឈ្នះខ្សែក្រវាត់ Thai Fight។
ធឿន ធារ៉ា ជាកីឡាករគុនខ្មែរទី១ដែលឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight បន្ទាប់ពីផ្តួលកីឡាករម្ចាស់ផ្ទះថៃ សៃយោគ ក្នុងទឹកទី១ ហើយក៏ទទួលបានការឧបត្ថម្ភជាថវិការជាបន្តបន្ទាប់ពីសប្បុរសជនរហូតដល់មានដីឡូត៍ថែមទៀត។

យ៉ាងណា ទន្ទឹងជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរហាក់មិនបានធ្វើការអបអរសាទរខ្លាំងទេចំពោះសមិទ្ធផលរបស់ ធឿន ធារ៉ា ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែដាក់បន្ទុកលើសហព័ន្ធ។ ជាងនេះទៀតនោះ អ្នកគាំទ្រគុនខ្មែរចង់ឃើញ ធឿន ធារ៉ា ទទួលបានក្របខណ្ឌរដ្ឋក្នុងជួរប៉ូលិស ឬទាហានសម្រាប់ស្នាដៃដែលរូបគេទទួលបានពីអន្តរជាតិ ប៉ុន្តែការទទួចរបស់មហាជនយ៉ាងណាក៏ដោយ ក៏សហព័ន្ធប្រដាល់គុនខ្មែរស្ងប់ស្ងាត់ដដែល។
អ្វីដែលកាន់តែធ្វើឲ្យមហាជនផ្ទុះការរិះគន់ខ្លាំងទៀតនោះគឺ តាមការទម្លាយឲ្យដឹងពីក្លឹបរបស់ ធឿន ធារ៉ា ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនបានអនុញ្ញាតឲ្យកីឡាកររូបនេះចេញទៅប្រកួតនៅ Thai Fight ទេ។
បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំង សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើសន្និសីទសារព័ត៌មានបកស្រាយជុំវិញករណី ធឿន ធារ៉ា។ លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបកស្រាយក្នុងសន្និសីទសារព័ត៌មានថា តាមពិតទៅសហព័ន្ធចង់ជួយ ធឿន ធារ៉ា ឲ្យចូលក្របខណ្ឌរដ្ឋតាំងពីឆ្នាំ២០១៧ មកម្ល៉េះដើម្បីឲ្យរូបគេបានចូលរួមជាមួយក្រុមជម្រើសជាតិគុនខ្មែរសម្រាប់ការប្រកួតអន្តរជាតិ ប៉ុន្តែនៅពេលនោះសាមីខ្លួនកីឡាករ និងក្លឹបមិនបានយល់ព្រមទេ។

បន្ទាប់មកទៀត សហព័ន្ធក៏នៅតែព្យាយាមសម្របសម្រួលជាមួយក្លឹបរបស់លោក អេ ភូថង ដើម្បីឲ្យ ធឿន ធារ៉ា បានចូលរួមជាមួយជម្រើសជាតិ ហើយរូបគេក៏នឹងទទួលបានក្របខណ្ឌរដ្ឋ ប៉ុន្តែនៅតែមិនអាចឈានដល់ការឯកភាពគ្នា។ នៅដើមឆ្នាំ២០២២នេះ សហព័ន្ធបានជួបចរចាទៀតដើម្បីយក ធឿន ធារ៉ា ចូលជម្រើសជាតិ និងស្នើសុំផ្ដល់ក្របខ័ណ្ឌជាថ្មី ប៉ុន្តែនៅតែបរាជ័យ។ រហូតមកដល់ពេលនេះ សហព័ន្ធនៅតែបើកទ្វារឲ្យកីឡាករមកពីខេត្តព្រៃវែងរូបនេះចូលជម្រើសជាតិ ស្របពេលសហព័ន្ធកំពុងត្រូវការធនធានអត្តពលិកសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហេង សុឃន បន្តថា អំពីជ័យជម្នះរបស់កីឡាករ កីឡាការិនីនៅក្រៅប្រទេស សហព័ន្ធតែងតែធ្វើការអបអរសាទរ និងគាំទ្រ ប៉ុន្តែមុនឈានដល់ការអនុញ្ញាតឲ្យចេញទៅប្រកួតរនៅក្រៅប្រទេសគឺត្រូវមានពេលវេលាឲ្យសហព័ន្ធធ្វើការវាយតម្លៃ និងតាមដានលើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីឲ្យបានដិតដល់សិនដើម្បីត្រៀមខ្លួនឲ្យបានល្អ ជៀសវាងទៅអាម៉ាស់ដល់គុនខ្មែរ។
ចំពោះលិខិតរបស់ក្លឹបអេភូថងកីឡាដែលស្នើសុំការអនុញ្ញាតដើម្បីបញ្ជូន ធឿន ធារ៉ា ទៅប្រកួតនៅ Thai Fight នោះត្រូវបានលោក ហេង សុឃន បញ្ជាក់ថា មិនបានអនុញ្ញាតទេ។ យ៉ាងណា ក្លឹប និងសាមីខ្លួនកីឡាករនៅតែចេញទៅប្រកួតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ហើយបានជោគជ័យដោយទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន។
ចំពោះការបកស្រាយរបស់ព័ន្ធកីឡាប្រដាល់គុនខ្មែរអំពីការចង់បាន ធឿន ធារ៉ា ចូលជម្រើសជាតិ និងទទួលបានក្របខណ្ឌរដ្ឋ ខាងក្លឹបប្រដាល់ អេភូថងកីឡាមិនបានបកស្រាយទេថា ហេតុអ្វីបានជាសាមីខ្លួនកីឡាករ និងក្លឹបមិនយល់ព្រមទទួលយកពីការផ្តល់ជូនរបស់ព័ន្ធ។
តាមការលើកឡើងរបស់អ្នកគាំទ្រ និងអ្នកដឹងរឿងខ្លះថា ការចូលជម្រើសជាតិ និងក្របខណ្ឌរដ្ឋអាចធ្វើឲ្យកីឡាករ កីឡាការិនីពិបាកក្នុងការចេញប្រកួតនៅក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះអាចនឹងមានការកាត់លុយ ឬចែកភាគរយនៃប្រាក់តម្លៃខ្លួនរបស់កីឡាករជាដើម។ យ៉ាងណា នេះគ្រាន់តែពាក្យនិយាយតៗគ្នាប៉ុណ្ណោះ ខណៈកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ឃីកបុកស៊ីងជាច្រើននាក់បានជាប់ជម្រើសជាតិ និងចេញប្រកួតក្រៅប្រទេសជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាតូចធំ តំបន់ ឬពិភពលោកដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការទាល់តែមានឯកសារអញ្ជើញពីអ្នករៀបចំកម្មវិធីត្រឹមត្រូវដល់សាមីខ្លួនកីឡាករ និងក្លឹប ហើយសហព័ន្ធ និងក្រសួងអប់រំ យុវជន និងចេញលិខិតអនុញ្ញាតត្រឹមត្រូវទើបក្លាយជាការប្រកួតផ្លូវការ ព្រមទាំងអាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងទៀតផង។ ដូច្នេះទោះការប្រកួតលំដាប់ពិភពលោក បើគ្មានលិខិតអញ្ជើញ និងអនុញ្ញាតជាផ្លូវការទេ នោះមិនចាត់ទុកជាការប្រកួតផ្លូវការតាមក្របខណ្ឌច្បាប់កីឡាជាតិ និងអន្តរជាតិឡើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?