កីឡា
កីឡាអុកចត្រង្គ ត្រៀមស៊ីហ្គេម ២០២៣ ក្រោយជោគជ័យការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ាន
ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ាន ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេលរៀបចំ និងប្រកួតជិត ១សប្ដាហ៍នៅរាជធានីភ្នំពេញ ដោយមានប្រទេសជាសមាជិកអាស៊ានចូលរួម ខណៈក្រោយបញ្ចប់ កីឡាអុកចត្រង្គ រំពឹងថា នឹងរៀបចំស៊ីហ្គេម ២០២៣ ដោយរលូន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (SEA OUK CHAKTRANG Championship) លើកទី១ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅដោយជោគជ័យ ហើយឯកឧត្តមសង្ឃឹមមុតមាំថា សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ាន ឆ្នាំ២០២៣ មាន ៥ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ ស្របតាមគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រឱ្យប្រភេទកីឡាទាំងអស់ មានការប្រកួតលក្ខណៈអន្ដរជាតិឱ្យបានច្រើន ពិសេសប្រភេទកីឡាប្រពៃណី ដើម្បីដកស្រង់បទពិសោធន៍ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុនការប្រកួតស៊ីហ្គេម មកដល់ ។
ចំពោះការចូលរួមការប្រកួតអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍នេះ លោកមានប្រសាសន៍ថា៖ «ក្នុងធម្មនុញ្ញស៊ីហ្គេម ធ្វើម៉េចឱ្យតែមាន ៤ប្រទេសឡើងទៅ អាចរៀបចំការប្រកួតបានហើយ តែការប្រកួតនេះ យើងមាន៥ប្រទេស អ៊ីចឹងការចូលរួមនេះ គឺជាជោគជ័យមួយ សម្រាប់ការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង ក្នុងប្រភេទកីឡាប្រពៃណីរបស់យើង ហើយនេះគឺជាមោទនភាពសម្រាប់ខ្មែរ និងជាមោទនភាព ចំពោះដូនតាខ្មែរ ដែលបង្កើតនូវអុកចត្រង្គ មានប្រវត្តិដ៏យូរលង់ ជាក់ស្ដែងការឆ្លាក់លើជញ្ជាំងប្រាសាទនានា ដូចជាប្រាសាទអង្គរវត្តជាដើម» ។
លោក វ៉ាត់ ចំរើន បន្ថែមថា ក្រៅពីការប្រកួត សហព័ន្ធបានចែករំលែកបទពិសោធន៍ និងបទបញ្ជាបច្ចេកទេស ដែលជំរុញឱ្យបណ្ដាប្រទេសចូលរួមទាំងអស់ គោរពបាននូវបទបញ្ជាប្រកួតយ៉ាងល្អប្រសើរ។ លោកថា៖ «ប្រទេសភាគច្រើន បានយល់ដឹងពីរបៀបលេងអុកចត្រង្គរបស់យើង។ យើងដឹងហើយថា ថៃ មីយ៉ាន់ម៉ា និងឡាវ គឺមានអុកចត្រង្គត្រដៀងៗគ្នា គ្រាន់តែបទបញ្ជាខុសគ្នាបន្ដិចៗ រីឯយុទ្ធសាស្ដ្រ និងរបៀបលេង គឺអត់សូវខុសគ្នាទេ។ ប៉ុន្តែយើងឆ្ងល់ វៀតណាម គាត់មិនសូវយល់ដឹងពីការលេងនេះទេ គ្រាន់តែគាត់ស្រាវជ្រាវតាមឯកសារយើងផ្ដល់ឱ្យក្នុងរយៈពេលខ្លី តែពួកគាត់លេងបានយ៉ាងល្អ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានសង្កត់ធ្ងន់ថា៖ «តាមការពិនិត្យមើលទៅ យើងកាន់តែធ្វើឱ្យប្រភេទកីឡាអុកចត្រង្គរបស់យើងនេះ ជ្រួតជ្រាបទៅកីឡាករ កីឡាការិនីបណ្ដាប្រទេសផ្សេងៗបានល្អ។ អ៊ីចឹងយើងសង្ឃឹមថា ការធ្វើតេស្ដការប្រកួតនៅពេលនេះ គឺជាសញ្ញាណដ៏ល្អមួយ សម្រាប់យើងធ្វើការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡាអុកចត្រង្គរបស់យើងនេះ នឹងអាចរៀបចំការប្រកួតបានដោយជោគជ័យ» ។
សម្រាប់ព្រឹត្តិការណ៍ SEA OUK CHAKTRANG Championship 2023នេះ បានដំណើរការប្រកួតរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែមករា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន៦វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេស គឺម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៣ ខណៈវៀតណាម ឈរលេខ២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស២ ប្រាក់ ៣ និងសំរឹទ្ធ ២ និងមីយ៉ាន់ម៉ា ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង គឺមានមេដាយមាស ១ និងសំរឹទ្ធ ២ រីឯថៃ ឈរលេខ៤ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ តែឡាវ ពុំទទួលបានមេដាយនោះទេ៕ អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ