កីឡា
កម្ពុជាសម្រេចជាឯកច្ឆន្ទប្រើពាក្យ«គុនខ្មែរ»ជាផ្លូវការនៅស៊ីហ្គេម២០២៣
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានសម្រេចជាឯកច្ឆន្ទក្នុងការប្រើឈ្មោះ«គុនខ្មែរ»ជាផ្លូវការសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា។
កន្លងមក គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រើពាក្យ គុនខ្មែរ ភ្ជាប់ជាមួយពាក្យ «មួយ គឺ Kun Khmer (Muay)» ដែលបានធ្វើឲ្យអ្នកគាំទ្រប្រដាល់គុនខ្មែរ ផ្ទុះការរិះគន់ខ្លាំង និងសុំឲ្យដកពាក្យ Muay ចេញ ដោយសារ Muay គឺជាកម្លាយពាក្យចេញពីកីឡា Muay Thai របស់ថៃ។

ទោះបីជាយ៉ាងណា នៅពេលនេះកម្ពុជាបានប្រើគោលជំហរជាឯកច្ឆន្ទក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រើពាក្យ «គុនខ្មែរ» ផ្តាច់មុខ ដោយបានផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការជាតិ (NOC) នៃប្រទេសអាស៊ានទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួចហើយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ថា ការសម្រេចប្រើពាក្យ គុនខ្មែរ ជាផ្លូវការ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នេះ គឺត្រូវបានធ្វើឡើង ទៅតាមឆន្ទៈរបស់កម្ពុជា។ ការប្រើ «Kun Khmer»គឺ សម្រាប់ការប្រកួតកីឡា Muay ក្នុងកីឡាស៊ីហ្គេម នៅប្រទេសកម្ពុជា។
លោកបានបន្ថែមថា ៖«យើងមិនខ្វល់ថា អ្នកណាគិតយ៉ាងម៉េចនោះទេ សំខាន់យើងបានប្រាប់ទៅកាន់បណ្តាប្រទេសជាសមាជិករួចហើយថា យើងប្រើប្រាស់ពាក្យ«គុនខ្មែរ» ក្នុងនាមជាម្ចាស់ផ្ទះ។ ការប្រកាន់ជំហរ ប្រើប្រាស់ពាក្យ គុនខ្មែរ នេះ ដើម្បីកុំឱ្យមានការច្របូកច្របល់ និងមតិយោបល់របស់មហាជនយើង ប្រកាន់រឿងពាក្យ Muay ហ្នឹងទៀត។ វាជាកិត្តិយស ក្នុងនាមយើងជាម្ចាស់ក្បាច់គុន និងជាម្ចាស់ផ្ទះស៊ីហ្គេម ដោយយើងបានប្រឹងប្រែងទាំងអស់គ្នា ដើម្បីសម្រេចក្តីប្រាថ្នា ក្នុងការប្រើប្រាស់ពាក្យ គុនខ្មែរ នៅក្នុងស៊ីហ្គេម»។

លោកបានសង្កត់ធ្ងន់ថា ៖«នេះជាជោគជ័យដ៏ធំមួយ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋរបស់យើង កាន់តែមានទឹកចិត្ត និងឆន្ទៈដ៏ពិតប្រាកដ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា CAMSOC សម្រាប់ដំណើរការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លើកដំបូងនៅកម្ពុជានេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាមុខមាត់ និងកិត្តិយសជាតិ នៅលើឆាកអន្តរជាតិ»។

កីឡា Muay Thai ឬ Muay ត្រូវបានដាក់ក្នុងកីឡាស៊ីហ្គេម តាំងពីឆ្នាំ ២០០៧ ដោយកាលនោះថៃ ធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូនេស៊ី បានចូលរួមប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ។
ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំលក្ខន្តិកៈ និងបទបញ្ជានៃប្រកួតដោយខ្លួនឯង ព្រមទាំងបានត្រៀមមន្រ្តីអាជ្ញាកណ្តាល និងចៅក្រម របស់ខ្លួនរួចរាល់សម្រាប់រៀបចំការប្រកួត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?