ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ Pre-SEA Games – Kampuchea Thmey Daily
Connect with us

កីឡា

ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ Pre-SEA Games

Published

on

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា គ ជ ប អ​( CAMSOC) បាន​មានប្រសាសន៍​ឲ្យ​ដឹងថា «​នៅ​ឆ្នាំ​២០២២ កម្ពុជា​អាច​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​តេស្ត​មុន​ស៊ី​ហ្គេម ហៅថា Pre-SEA Games ក្រោយពេល​បញ្ចប់​ការ​សាង​សង់​កីឡដ្ឋាន​ធំ ( Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រំពឹងថា នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២១ នេះ​។

​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ចំនួន​១០​ផ្សេងទៀត អាច​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​តាម​ប្រភេទ​កីឡា​នីមួយៗ មក​ចូលរួម​ប្រកួត​បាន​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​តេស្ត​មុន​ស៊ី​ហ្គេម (Pre-SEA Games) នេះ​។​លោក​អគ្គលេខាធិការ CAMSOC​បញ្ជាក់ថា ប្រកួត​តេស្ត​មុន​ស៊ី​ហ្គេម​នេះ គឺ​យើង​អញ្ជើញ​បណ្តា​ប្រទេស​ទាំង​១០​នៅ​អាស៊ីអាគ្នេយ៍ ឲ្យ​មក​ប្រកួត​ដើម្បី​តេស្ត​សមត្ថភាព​បច្ចេកទេស​គ្នា ហើយក៏​ជា​ការ​ឲ្យ​យើង​បាន​ប្រើប្រាស់​ស្តាត​ថ្មី​របស់​យើង​មាន​និរន្តរភាព ក៏ដូចជា​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​ការរៀបចំ​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កាន់តែ​ច្រើន​ផងដែរ​។

​លោក វ៉ា​ត់ ចំរើន បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កិច្ចការ​ទាំងអស់នេះ គឺជា​ការ​ចង្អុលបង្ហាញ​និង​ការណែនាំ​របស់​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​CAMSOC ដែល​សម្តេច​ប្រធាន​តែងតែ​ជំរុញ​មន្ត្រី​ទាំងអស់ ខិតខំ​ធ្វើការ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុងជ្រោយ ទាំង​ប្រសិទ្ធភាព​នៃ​ការរៀបចំ ទាំង​ប្រសិទ្ធភាព​នៃ​បច្ចេកទេស​។

​បើ​តាម​លោក វ៉ា​ត់ ចំរើន បញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀត​នោះ​ គឺ​ចាប់ពី​ឆ្នាំ​២០២១​នេះ​តទៅ CAMSOC​មាន​កិច្ចការ​ជាច្រើន ​ដែល​ត្រូវ​បន្តធ្វើ​យ៉ាងសកម្ម ពីព្រោះថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចាប់ផ្តើម​អនុវត្ត​ការងារ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ធ្វើ​កិច្ចការ​ទាំងអស់នេះ​ឲ្យ​បាន​រៀបរយ និង​ហ្មត់ចត់​បំផុត ព្រមទាំង​ជំរុញ​ឲ្យ​សកម្មភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​ទាំង​១៤​ក្រោម​ឱវាទ​CAMSOC ឲ្យ​មានការ​សហការគ្នា​កាន់តែ​ល្អ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​សមត្ថភាព និង​បច្ចេកទេស​កីឡា​សីដក់​កម្ពុជា​អាច​ស្វាគមន៍​ក្រុម​ភ្លៀវ​សម្រាប់​SEA GAMES 2023

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម