Connect with us

កីឡា

ឈប់​​ឌឺ​ដង​​ ផ្លែ​ផ្កា​​គ្នា​​ទៅ​ រឿង​​សំខាន់​​រួម​ដៃ​គ្នា​​​​​អភិវឌ្ឍ​​«គុន​ខ្មែរ»

បានផុស

នៅ

​ការ​ផ្លែ​ផ្កា ឌឺ​ដង វាយ​ប្រហារ​ ឈ្លោះ​ប្រកែក​គ្នា​​​ទៅ​វិញ​ទៅ​មក​​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​​ជុំ​វិញ​កីឡាប្រដាល់​«គុន​ខ្មែរ» និង«មួយ​ថៃ» មិន​មាន​ប្រយោជន៍​អ្វី​សោះ​ឡើយ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​តម្លៃ​ជាតិ​ធ្លាក់​ចុះ និង​អាប់​ឱន​​​ ប៉ុន្តែ​រឿង​សំខាន់​ត្រូវ​រួម​ដៃ​គ្នា​ដើម្បី​ជំរុញ​អភិវឌ្ឍ​​ក្បាច់​​គុន​បុរាណ​ខ្មែរ​ឲ្យ​រីក​ចម្រើន​ទូទាំង​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គុន​ខ្មែរ​គឺ​ជា​ក្បាច់​គុន​​​បុរាណ​​​​បែប​​ប្រយុទ្ធ​​មាន​ប្រភព​ដើម​នៅ​​ក្នុង​ប្រទេស​កម្ពុជា។ ​ក្បាច់​គុន​នេះ​​មាន​អាវុធ​៨​ទិស​​​គឺដៃ​ពីរ កែង​ពីរ ជើង​ពីរ និង​ជង្គង់​ពីរ ដែល​មាន​​​របៀប​ឈរ​វ៉ៃ​កណ្តាប់​ដៃ​ កែង ជង្គង់ និង​ទាត់​ដែល​មាន​គោល​ដៅ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ឬ​ឈ្នះ​ដោយ​ពិន្ទុ។​

​ប្រវត្តគុន​ខ្មែរ ឬ​ប្រដាល់​សេរី​បាន​ចាប់​ផ្តើម​តាំង​ពី​សម័យ​កាល​ចក្រភព​ខ្មែរ​​ (Khmer Empire) ដែល​មាន​តាំង​ពីគ.ស​៨០២ ​ដែល​ពេល​នោះ​ប្រទេស​នៅ​តំបន់​អាស៊ាន​ជា​ច្រើន​មិន​ទាន់​មាន​ទេ។ ​​ក្បាច់​គុន​ត្រូវ​បាន​ប្រើ​​ដោយ​យោធាចក្រភព​ខ្មែរ​ដែលជា​អាវុធ​​ប្រើ​ដៃ​ដ៏​គ្រោះ​ថ្នាក់ និង​មាន​ប្រសិទ្ធភាព​​​របស់​​ទាហាន​​សម័យ​កាល​ចក្រភព​ខ្មែរ។ ភស្តុតាង​ជាក់​ច្បាស់​មិន​អាច​ប្រកែក និង​​កែ​ប្រែ​បាន​គឺ​​​ចារ​លើ​ថ្ម​សិលា​ប្រាសាទ​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា។

ក្នុង​នាម​ជា​កូន​ខ្មែរ​មាន​កាតព្វ​កិច្ច​ថែ​រក្សា ការពារ អភិរក្ស និង​អភិវឌ្ឍ​ក្បាច់​គុន​បុរាណ​ខ្មែរ​​ឲ្យ​គង់​យូរ​អង្វែង និង​រីក​ចម្រើន​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ​ដើម្បី​ឲ្យ​«គុន​ខ្មែរ»ខ្លាំង និង​រីក​ចម្រើន​ទៅ​បាន​មាន​តែ​ពល​រដ្ឋ​ខ្មែរ​ខ្លួន​ឯង​រួម​ដៃ​គ្នា​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ឲ្យ​ផុលផុស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ និង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែល​ត្រូវ​ប្រើ​ពេល​វេលា​យូរ ហើយ​មាន​ផែន​ការ​ច្បាស់​លាស់។

រហូត​ដល់​ពេល​នេះ​ សហព័ន្ធ​កីឡា​ប្រដាល់​ខ្មែរ​ក្នុង​ស្រុក​មាន​ហើយ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ក៏​មាន​ដែល​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​មាន​សមាជិក​ជា​ប្រទេស​នៅ​លើ​ពិភព​លោក​ប្រហែល​ជា​៥០​ប្រទេស​ហើយ។ ​អ្វី​ដែល​ពិសេស​មួយ​ទៀត​នោះ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​ដាក់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ហើយ។

ជំហ៊ាន​ទៅ​មុខ​ទៀត ​ដើម្បី​ឲ្យ«គុន​ខ្មែរ»​ឈាន​ដល់​​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី កីឡា​អូឡាំពិក និង​ការ​ប្រកួត​​ជើង​ឯក​ពិភព​លោក ទាម​ទារ​ឲ្យ​ឯក​ឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា លោក​ឧកញ៉ា លោក​ លោក​ស្រី អ្នក​នាង​កញ្ញា ជា​ពិសេស​អ្នក​ដែល​មាន​ទ្រព្យ​ធន​រួម​ដៃ​គ្នា​ដើម្បី​ជំរុញ និង​អភិវឌ្ឍ​គុន​ខ្មែរ។

អ្នក​មាន​ទ្រព្យ​ធន​​អាច​ចូល​រួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្មវិធី​លំដាប់​ជាតិ និង​អន្តរជាតិ អាច​បង្កើត​ក្លឹបប្រដាល់ បង្កើត​សង្វៀន​ប្រដាល់​គុន​ខ្មែរ​លំដាប់​អន្តរជាតិ នាំ​ចូល​ចូល​កីឡាករ កីឡាការិនី​ល្បី​ៗ​មក​ពី​ប្រទេស​ផ្សេង​ចូល​រួម​ប្រកួត​គុន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​។ បង្កើត​ការ​ប្រកួត​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ជា​ប្រចាំ​ឆ្នាំ កម្មវិធី​ប្រដាល់​ថ្នាក់​តំបន់ និង​អន្តរជាតិ​​ឲ្យ​បាន​ច្រើន។

បើក​វគ្គ​​បណ្តុះ​បណ្តាល អប់រំ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ស្តីពីរ​បទ​បញ្ជា​នៃ​ការ​ប្រកួត​ ក្បួន​ក្បាច់ និង​ច្បាប់​គុន​ខ្មែរ​ផ្សេង​ៗ​ឲ្យ​ទូលំទូលាយ។ ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គុន​ខ្មែរ​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ជួយ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់​តែ​រីក​ច្រើន​តាម​រយៈ​កីឡា។

អ្វី​ដែល​សំខាន់​ទៀត​នោះ ​ត្រូវ​​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ជើង​ឯក​គុនខ្មែរ​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក។ ត្រូវ​​ជំរុញ​ឲ្យ​មាន​ការ​បើក​ក្លឹប​​ហ្វឹក​ហាត់​ប្រដាល់​គុន​ខ្មែរកាន់​តែ​ច្រើន​ទូទាំង​ពិភព​លោក ​ត្រូវ​បញ្ជូន​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​ល្បី​ៗ ល្អ​​ៗ​ទៅ​បង្ហាត់​បង្រៀន​នៅ​តាម​ក្លឹប​​របស់​​ប្រទេស​​នានា​ ព្រម​ទាំង​មាន​សកម្មភាព​ឬ​ទិវាគុន​ខ្មែរ​ផ្សេង​ៗ​ទៀត។

នៅ​ពេល​មាន​កីឡាករ​ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ខ្លាំង​ៗ​ដូច​ជា​ជើង​ឯក​គុន​ខ្មែរ​ជាតិ ជើង​ឯក​គុន​ខ្មែរ​អាស៊ាន ជើង​ឯក​គុន​ខ្មែរអាស៊ី ជើង​ឯក​គុន​ខ្មែរ​អាមេរិក ជើង​ឯក​គុន​ខ្មែរ​អាហ្វ្រិក ជើង​ឯក​គុន​ខ្មែរ​អឺរ៉ុប និង​ជើង​ឯក​គុន​ខ្មែរ​អូឡាំពិក​​ជា​ដើម​កាន់​តែ​ច្រើន ​ប្រជា​ជន​ទូទាំង​ពិភព​លោក​ទទួល​ស្គាល់​គុន​ខ្មែរ​កាន់​តែ​ច្រើន នោះ​មាន​ន័យ​ថា កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​បាន​​​ឈ្នះ​​​​រួច​ទៅ​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា ប្រឡេក​មើល​​ស្ថានភាព​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន​មាន​សកម្មភាព​សំបូរ​បែប​តែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ខណៈ​ប្រទេស​ជា​សមាជិក​នានា​ទូទាំង​ពិភព​លោក​ក៏​មិន​ទាន់​មាន​ច្រើន​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រដាល់​គុន​ខ្មែរ​មាន​រាប់​តាំង​ពី​បើក​ក្លឹប​បង្ហាត់ និង​កម្មវិធី​ប្រកួត​ជា​ដើម។

គិត​ឲ្យ​ជាក់​មែន​ទែន កម្មវិធី​ប្រដាល់​​តាម​ទូរទស្សន៍​មួយ​ចំនួន​​ទទួល​បាន​​​ម្ចាស់​ឧបត្ថម្ភ​ដែល​មាន​ផលិត​ផល​​នៅ​ក្នុង​ស្រុក ប៉ុន្តែ​កម្មវិធី​ប្រដាល់​ខ្លះ​មាន​ម្ចាស់​ឧបត្ថម្ភ​មក​ពី​ក្រៅ​ប្រទេស។ ទន្ទឹម​ជា​មួយ​គ្នា​នេះ ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា  លោក​ឧកញ៉ា និង​អ្នក​មាន​ទ្រព្យ​ភាគ​ច្រើន​នៅ​មិន​ទាន់​​​រួម​ចំណែក​ផុល​ផុស​ក្នុង​ការ​គាំទ្រ​បង្កើត និង​ជំរុញ​អភិវឌ្ឍ​គុន​ខ្មែរ​ឡើយ។

សាក​ស្រមៃ​មើល ប្រសិន​បើ​អ្នក​មាន​ទ្រព្យ​ធនចំណាយ​ថវិកា​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រដាល់​កាន់​តែ​ច្រើន ហើយ​ម្ចាស់​កម្មវិធី​ប្រដាល់​មាន​ថវិកា​ច្រើន​ក្នុង​ការ​​រៀបចំ​ប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​ប្រកប​ដោយ​គុណភាព ដែល​មានកីឡាករ​ កីឡាការិនី​ល្បី​ៗ​លំដាប់​ពិភព​លោក​មក​ប្រកួត​ស្រុក​ខ្មែរ ហើយ​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ខ្លាំងៗ​ទៅ​ប្រកួត​កម្មវិធី​ធំ​ៗ​​នៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន អត្តពលិក​ជាតិ និង​អត្តពលិក​អន្តរជាតិ​​បាន​ក្លាយ​ជា​​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក ឬ​អន្តរជាតិ​កាន់​តែ​ច្រើន ពេល​នោះ​គឺ​នរណា​មិន​ស្គាល់​គុន​ខ្មែរ។

បើ​អ្នក​មាន​ទ្រព្យ​ធន​បង្កើត​​ក្លឹប​ប្រដាល់​ ឬ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្លឹប​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​ច្រើន ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​គុន​ខ្មែរ​កាន់​តែ​ច្រើន ពេល​នោះ​ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ល្អ​ប្រសើរ។ ពួក​គាត់​មាន​ពេលវេលា​​ហ្វឹក​ហាត់​កាន់​តែ​ច្រើន ពេល​នោះ​អត្តពលិក​គុន​ខ្មែរ​​ខ្លាំង​គឺ​ថា គុន​ខ្មែរ​ខ្លាំង។

ជា​រួម សំណេរ​ខាង​លើ​គ្រាន់​តែ​ជា​គំនិត​តិច​តួច​ប៉ុណ្ណោះ​ ហើយ​ក៏​គ្មាន​ចេតនា​វាយ​ប្រហារ​លើ​បុគ្គល​ណា​ម្នាក់​ដែរ។ ដើម្បី​គុន​ខ្មែរ​ខ្លាំង​ទៅ​បាន ទាល់​តែ​ខ្មែរ​រួម​​​គ្នា​​ដើម្បី​អភិវឌ្ឍ​គុន​ខ្មែរ​ឲ្យ​រីក​ចម្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម